ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ទៅ​អភិបាលខេត្ត នៅជាប់​ព្រំដែន​នៃ​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ឡាវ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​ជួយ​សម្រួល​ និង​ខិតខំ​ឱ្យ​ប្រជាជន​កម្ពុជា​អាច​នាំចេញ​ផលិតផល​ពី​ក្នុងស្រុក​ទៅកាន់​ប្រទេស​ជិតខាង​ឱ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ បាន​កើនឡើង​រហូតដល់​ចំនួន​ ១៣៧ ​នាក់​។

យោងតាម​សារ​ជា​សំឡេង​របស់​លោក​ ហ៊ុន សែន ផ្ញើ​ទៅកាន់​បណ្តា​អភិបាលខេត្ត​នៅ​ជាប់​ព្រំដែន​នៅ​ថ្ងៃទី​ ២៤ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ​បន្ទាប់ពី​លោក​បានទទួល​ដំណឹង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មាន​ការដាក់​បទបញ្ជា​ទៅតាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ជាពិសេស​នៅ​ច្រក​ប៉ៃលិន​ថា មិនឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹក​កសិផល​ទៅ​ព្រំដែន​ថៃ​ដូច​ពីមុន​ទៀត​ទេ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៥ ខែកុម្ភៈ តទៅ​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវធ្វើ​ការពង្រឹង​ការធ្វើ​ចត្តាឡីស័ក ពង្រឹង​លើ​ការគ្រប់គ្រង​របស់​ប្រជាជន​នៅ​តាម​តំបន់​ព្រំដែន ដើម្បី​ចៀសវាង​នូវ​ការហូរចូល​នៃ​ជំងឺ​ពី​ក្រៅប្រទេស ប៉ុន្តែ​ចំពោះ​ការដឹក​ទំនិញ​រកស៊ី​ជាមួយ​គ្នា​រវាង​ប្រទេស​ជិតខាង​នៅ​តែ​បន្ត​ធ្វើ​ធម្មតា​។ សុំ​ស្តាប់​ខ្ញុំ​ឱ្យ​បាន​ច្បាស់​លើ​រឿងនេះ​»​។

លោក​ ហ៊ុន សែន ​បញ្ជាក់ថា៖ «​ប្រសិនបើ​មាន​ការហាម​ឃាត់​ការដឹក​ទំនិញ​ទៅ​ប្រទេស​ថៃ​មែន ខ្ញុំ​សុំ​ឱ្យ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ក៏ដូចជា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដក​នូវ​បទបញ្ជា​នេះ​ចេញ​វិញ ដើម្បី​សម្រួល​ឱ្យ​ប្រជាជន​នៅ​តាម​ព្រំដែន​រកស៊ី​ធម្មតា ហើយ​ត្រូវខិតខំ​ឱ្យ​ប្រជាជន​អាច​នាំចេញ​ផលិតផល​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឡើងវិញ​នូវ​អ្វី​ដែល​ជា​គោលបំណង​របស់​រាជរដ្ឋាភិបាល​គឺ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ ក៏ប៉ុន្តែ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៅ​តែ​ប្រព្រឹត្ត​ជាធម្មតា​។

លោក​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​សុំ​ឱ្យ​បណ្តា​ខេត្ត​នៅ​តាម​ព្រំដែន​ទាំងអស់ យក​ការទទួល​ខុសត្រូវ​ដើម្បី​ចាត់​វិធានការ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​នៅតែ​អាច​បន្ត​រកស៊ី​ជាមួយ​ប្រទេស​ជិតខាង​បាន ហើយ​មាន​ការជួយ​សម្រួល​ពី​អាជ្ញាធរ​របស់​យើង​ផង​។ កូវីដ​បាន​បំផ្លាញ​យើង​ហើយ​មិន​អាច​ឱ្យមាន​ការបំផ្លាញ​ខាង​សេដ្ឋកិច្ច​បន្ថែម​ទៀត​ទេ​»​។

លោក​ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​លោក​ ស ខេង ស្វែងរក​ថា តើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានចេញ​បញ្ជា​បែបនេះ​ទៅកាន់​កន្លែង​ណាខ្លះ ហើយ​សុំឱ្យ​ដក​បទបញ្ជា​នោះ​វិញ​។

លោក​សង្កត់ធ្ងន់​ថា៖ «​ការចេញ​បទបញ្ជា​ណាមួយ​ដែល​ទាក់ទង​នឹង​ព្រំដែន សុំ​មេត្តា​ឱ្យ​ខ្ញុំ​បាន​ដឹងផង ព្រោះ​ខ្ញុំ​ទទួល​ខុសត្រូវ​ទៅលើ​បញ្ហា​កិច្ចការ​នយោបាយ​ក្នុង​ប្រទេស និង​នយោបាយ​ក្រៅប្រទេស​។ នេះ​គឺជា​រឿង​ដែល​ត្រូវ​ចាត់ការ​ជាបន្ទាន់ ហើយ​សុំឱ្យ​ខេត្ត​ដែល​នៅជាប់​ព្រំដែន​យក​ការទទួល​ខុសត្រូវ ហើយ​សុំ​រាយការណ៍​ត្រង់​មក​ខ្ញុំ​តែម្តង ប្រសិន​ជា​មាន​បញ្ហា​ទាក់ទិន​ជាមួយ​នឹង​ការរអាក់រអួល​លើ​បញ្ហា​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​»​។

ដោយឡែក​ទាក់ទង​ករណី​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ មាន​អ្នក​ឆ្លង​កើនឡើង​រហូតដល់​ចំនួន​ ១៣៧ ​នាក់​ គិតពី​ថ្ងៃទី​ ២០ ដល់ទី​ ២៣ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​។ ក្រសួង​សុខាភិបាល​នៅតែ​បន្ត​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​មិនមាន​ការចាំបាច់ និង​អនុវត្តតាម​វិធាន​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​។

ក្រសួងសុខាភិបាល​បានប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ករណី​វិជ្ជមាន​កូវីដ​ ១៩ មាន​ចំនួន​ ៤០ ​នាក់ ​ដោយ​ក្នុងនោះ អ្នក​ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ មាន​រហូតដល់​ ៣៨ ​នាក់​ និង​ ២ ​នាក់​ទៀត​ជា​អ្នក​ធ្វើ​ដំណើរ​មកពី​ក្រៅប្រទេស​។ អ្នកជំងឺ​កូវីដ ​១៩​ ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ បាន​កើនឡើង​រហូតដល់​ ១៣៧ ​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​ ៧១ ​នាក់ គិត​ត្រឹមតែ​រយៈពេល​ ៤ ​ថ្ងៃ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​ក៏បាន​បញ្ជាក់​នៅ​ថ្ងៃ​ម្សិលមិញ​ផងដែរ​ថា ដោយ​ក្រសួង​ទទួលបាន​លទ្ធផល​វិភាគ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ពី​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នា​វេលា​ម៉ោង​ ៣ ​ទៀបភ្លឺ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ដូច្នេះ​ក្រុមការងារ​កំពុង​តែ​ធ្វើការ​ចាត់ចែង​ទំនាក់ទំនង​រក​អ្នកជំងឺ​ចំនួន​ ១៥ ​នាក់ ដើម្បី​ដាក់ឱ្យ​សម្រាក​ព្យាបាល​។

ក្រសួង​បញ្ជាក់ថា៖ «​ក្រុមការងារ​កំពុង​ទាក់ទង​ទៅ​ពួកគាត់ ហើយ​នៅពេល​មាន​ព័ត៌មាន​ជាក់លាក់​លើ​ករណី​អ្នកជំងឺ​ទាំង​ ១៥ ​នាក់​នេះ ក្រសួង​នឹង​រាយការណ៍​ជា​បន្តទៀត​»​។

ចំណែក​ស្ត្រីជន​ជាតិចិន​ចំនួន​ ២ ​នាក់​ នៅ​ខេត្ត​ព្រះសីហនុ​ដែលជា​អ្នកដំណើរ​ចូលមក​កម្ពុជា ហើយ​មានបំណង​វិលត្រឡប់​ទៅកាន់​ប្រទេស​ពួកគេ​វិញ​បានធ្វើ​តេស្ត​ដើម្បី​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ហើយ​លទ្ធផល​តេស្ត​មាន​វិជ្ជមាន​កូវីដ​ ១៩ និង​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

យោងតាម​តួលេខ​សរុប​គិតត្រឹម​ថ្ងៃទី​ ២៤ ខែកុម្ភៈ កម្ពុជា​មាន​អ្នក​វិជ្ជមាន​កូវីដ​ ១៩​ ចំនួន​ ៦៣៣​ នាក់​ ក្នុងនោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ៤៧៦ ​នាក់ និង​អ្នកកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ ១៤២ ​នាក់ ដោយ​មិនបាន​រាប់បញ្ចូល​ជាមួយ​នឹង​អ្នកជំងឺ​ចំនួន​ ១៥ ​នាក់ ​ដែល​ក្រុមការងារ​ក្រសួង​កំពុង​ទំនាក់ទំនង​មក​ព្យាបាល​នោះឡើយ​។

ដោយឡែក​អភិបាលខេត្ត​ព្រះសីហនុ​លោក​ គួច ចំរើន បាន​ជូនដំណឹង​ទៅ​ម្ចាស់​សណ្ឋាគារ​ជីនប៉ី​ទាំង​ ៣ ​សាខា​ និង​អគារ​ស្នាក់នៅ​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ជីនប៉ី​ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ​ឱ្យ​ផ្អាក​អាជីវកម្ម​សណ្ឋាគារ និង​អគារ​ស្នាក់នៅ​រួម​នេះ​ជាបន្ទាន់​។ ការបញ្ជា​ឱ្យ​ផ្អាក​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ស្រី្ត​ជនជាតិ​ចិន​ ២ ​នាក់​ ដែល​មាន​អាយុ​ ៣៥ ​ឆ្នាំ និង​ ២២ ​ឆ្នាំ​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​កូវីដ​ ១៩​។

លោក​ គួច ចំរើន ​បាន​ឱ្យ​ដឹងថា​៖ «​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ចូលក្នុង​សហគមន៍​តម្រូវ​ឱ្យ​លោក​ផ្អាក​អាជីវកម្ម​សណ្ឋាគារ​ជីនប៉ី​ទាំង​ ៣ ​សាខា និង​អគារ​ស្នាក់​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ជីនប៉ី​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ភ្ញៀវ​ថ្មី​ចូល​ស្នាក់នៅ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ដែល​កំពុងស្នាក់នៅ​ក្នុង​សណ្ឋាគារ​ចាកចេញ​ក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ​»​។

លោក​អភិបាលខេត្ត​បញ្ជាក់​ទៀតថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​ចុះ​ទៅ​ពិនិត្យ​យក​សំណាក​ពី​ភ្ញៀវ និង​បុគ្គលិក​បម្រើការ​នៅក្នុង​នោះ ដើម្បី​ធ្វើតេស្ត​រក​កូវីដ​១៩​។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​មិន​អនុវត្ត​តាម​ការណែនាំ​នេះ​រដ្ឋបាលខេត្ត​នឹង​ចុះ​អនុវត្ត​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

កាលពី​ថ្ងៃទី​ ២៣ ខែ កុម្ភៈ ឆ្នាំ​ ២០២១ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​រំឭកថា អ្វីដែល​គ្រប់គ្នា​ត្រូវផ្តោត​ការយក​ចិត្ត​ទុកដាក់​នៅពេល​នេះ​គឺ​ត្រូវតែ​រួម​សាមគ្គី​គ្នា ជួយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ធ្វើឱ្យ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ឆាប់​បិទ​បញ្ចប់​៕