ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ងាក​ទៅ​រក​ប្រទេស​ចិន ខណៈ​ដែល​ស្ថានភាព​នយោបាយ​កំពុង​ត្រូវ​បាន​អន្តរជាតិ​ធ្វើការ​រិះគន់​ក្រោយ​​ពី​រំលាយ​បក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​នយោបាយ​ដ៏ធំ​នោះ​ពី​ម្សិលមិញ​បាន​ថ្លែង​ការពារ​ក្រុមហ៊ុន​វិនិយោគ​ចិន និង​ភ្ញៀវទេសចរ​ចិន​ដែល​កំពុង​សម្រុក​ចូលមក​ប្រទេស​កម្ពុជា នាពេល​កន្លង​មក​នេះ ថា​បាន​នាំមក​នូវ​ចំណូល​យ៉ាង​ក្រាស់ក្រែល​សម្រាប់​ប្រទេស​មួយ​នេះ​។

ថ្លែង​នៅ​ចំពោះ​មុខ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Xiong Bo ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាកល​វិទ្យាល័យ​ក្រចេះ​ស្ថិត​ក្នុង​ខេត្ត​ក្រចេះ​ដែល​មាន​ជំនួយ​ ១០ ​លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ចិន និង​ ២ ​លាន​ដុល្លារ​ជា​មូលនិធិ​របស់​លោក​ដែល​បាន​មកពី​ក្រុម​ការងារ​លោក​ ហ៊ុន សែន ថ្លែង​ថា ក្រុមហ៊ុន​ចិន និង​ជនជាតិ​ចិន​ទាំង​ជាង​ ១ ​លាន​នាក់​ដែល​ចូល​មក​កម្ពុជា​គឺជា​ប្រភព​ចំណូល​យ៉ាងច្រើន​ដែល​នាំ​មកពី​ប្រទេស​ចិន​។

ទោះបី​ជា​យ៉ាង​ណា​អ្នក​វិភាគ​ចាត់ទុក​ការវិនិយោគ​របស់​ចិន​ថា​បាន​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​លោក​ ហ៊ុន សែន ​ក្រៅពី​អះអាង​ពី​ចំណូល​របស់​ចិន​ដល់​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ឆ្លើយតប​នឹង​មតិ​រិះគន់​ទាំងឡាយ​ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍​ចិន​ថា​ជា​ «​មតិ​អគតិ​ទាំង​ស្រុង​»​។

លោក​បញ្ជាក់​ថា​៖ «​មាន​មតិ​មួយ​ចំនួន​ដែល​ជា​មតិ​អគតិ​ទាំង​ស្រុង​មាន​ការ​រិះគន់​ទៅ​លើ​ក្រុមហ៊ុន​ចិន ជនជាតិ​ចិន​មក​កម្ពុជា តែ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា តើ​ជនជាតិ​ចិន​មក​កម្ពុជា​នេះ គេ​មក​របៀប​ម៉េច​?​ទី​ ១ ទេសចរ​ ១ ​លាន​ ២ ​សែន​នាក់​នាំ​មក​នូវ​ប្រាក់​ចំណូល​ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​ច្រើន​ណាស់ អាហ្នឹង​ត្រូវ​យល់​កុំ​ឲ្យ​ឃើញ​តែ​ចិន ចេះ​តែ​នាំ​គ្នា​ [​រិះគន់​]»​។

លោក​ ហ៊ុន សែន ថា ជនជាតិ​ចិន​ធ្លាប់​មាន​ប្រវត្តិ​មក​តាំង​លំនៅ​លើ​ទឹកដី​កម្ពុជា​ជាច្រើន​ជំនាន់​ណាស់​មក​ហើយ ពិសេស​នៅ​តាម​ដង​ទន្លេមេគង្គ​ដែល​រាប់​ទាំង​ភរិយា​របស់​លោក​ផង​ដែរ ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ហៃណាន​របស់​ប្រទេស​ចិន ខណៈ​ពេល​ដែល​ប្រទេស​នេះ​ទទួល​ការឈ្លានពាន​ពី​បរទេស​។

លោក​ក៏​ប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​ថ្មី​សន្លាង​មួយ​ទៀត​ឆ្លងកាត់​ទន្លេ​មេគង្គ​នៅក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​នា​ឆ្នាំ​ ២០១៩ ខាង​មុខ​ដែល​ជា​ជំនួយ​មួយ​ទៀត​របស់​រដ្ឋាភិបាល​ចិន​ផង​ដែរ​។ លោក​ក៏​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​បោះឆ្នោត​​ជូន​គណបក្ស​របស់​លោក​ដើម្បី​សម្រេច​សមិទ្ធផល​ទាំងនោះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​បញ្ជាក់​ជូន​បងប្អូន ទាំង​បងប្អូន​នៅ​ខេត្ត​ក្រចេះ និង​បញ្ជាក់​ជូន​ឯកឧត្តម អគ្គរាជទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ ដែល​ខ្ញុំ​និយាយ​ថា​ស្ពាន​វា​មិន​ទាន់​គ្រប់ ត្រូវ​បង្កើត​ស្ពាន​មួយ​នៅ​ក្រចេះ​របស់​យើង នៅ​ទី​រួម​ខេត្ត​ឯនេះ​។ ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​នៅ​ក្រចេះ​»​។

លោក​បន្ថែម​ថា​៖ «​ដើម្បី​បង្ក​ [​ភាព​] ​ងាយស្រួល​ដល់​ទំនាក់ទំនង​រវាង​អ្នក​ខេត្ត​ក្រចេះ​ឆ្លង​កាត់​ទៅ​កំពង់ធំ ទៅ​សៀមរាប​វា​លឿន អ៊ីចឹង​វត្តមាន​របស់​ ហ៊ុន សែន វត្តមាន​របស់​គណបក្ស​ប្រជាជន​នៅក្នុង​ការគ្រប់គ្រង​ប្រទេស​នាពេល​ខាង​មុខ​គឺជា​វត្តមាន​ដើម្បី​ឈាន​ទៅ​បញ្ចប់​នៅ​ការសាងសង់​ស្ពាន ឆ្លងកាត់​ទន្លេ​មេគង្គ​នៅក្នុង​ខេត្ត​ក្រចេះ​»​។

ទោះបី​យ៉ាង​ណា​ការវិនិយោគ​របស់​ចិន​ត្រូវ​បាន​គេ​រិះគន់​ជា​យូរ​មក​ហើយ​សម្រាប់​ហេតុផល​ជាច្រើន​រួម​ទាំង​ការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរំលោភ​សិទ្ធិមនុស្ស​ខណៈ​ជនជាតិ​ចិន​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការបង្ក​បញ្ហា​ជាច្រើន​លើក​ច្រើន​សា​។ ជាក់ស្ដែង​កាលពី​ខែ​មករា អភិបាលខេត្ត​ព្រះសីហនុ លោក​ យន្ត មីន បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រាយការណ៍​ពី​ផលប៉ះពាល់​របស់​ជនបរទេស​នៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។ របាយការណ៍​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ថា ជនជាតិ​ចិន ដែល​មាន​ចំនួន​យ៉ាងច្រើន​នៅ​ខេត្ត​នេះ​កំពុង​បង្ក​បញ្ហា​ជាច្រើន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការលេងកម្សាន្ត​របស់​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​។

លោក​ ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ថ្លែង​ថា ទំហំ​វិនិយោគ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី​ ១ ​ខណៈ​ទេសចរ​ចិន​ក៏​មាន​ចំនួន​ច្រើន​ផង​ដែរ​ដែល​ជា​ចំណុច​វិជ្ជមាន ប៉ុន្តែ​គេ​ត្រូវ​ក្រឡេក​មើល​ពី​ផលប៉ះពាល់​នានា​នៃ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ទី​ ១ ចិន​នៅពេល​ដែល​គាត់​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​គាត់​មិន​សូវ​បាន​គិតគូរ​ពី​តួនាទី​រឿង​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នោះ​ទេ​។ មាន​ពេល​ខ្លះ​គាត់​បាន​រំលោភ​សិទ្ធិមនុស្ស​ទៅ​ទៀត​...​ទី​ ២ នៅពេល​ដែល​ចិន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​យើង​ឃើញ​ការជ្រៀតជ្រែក​ខាង​ផ្នែក​សេដ្ឋកិច្ច ឧទាហរណ៍​ចិន​បាន​ចូល​មក​ដណ្ដើម​ការងារ​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​មែនទែន​។ យើង​ឃើញ​ថា​នៅ​តំបន់​ខ្លះ​ដូចជា​កោះកុង កំពង់សោម ឬ​កន្លែង​ណា​ដែល​មាន​ឆ្នេរសមុទ្រ​ធំៗ​ត្រូវ​បាន​ចិន​ទិញ​យក​ជិត​អស់​ហើយ​។ ចំណុច​ទី​ ៣ ការវិនិយោគ​របស់​ចិន​មិន​សូវ​មាន​តម្លាភាព​នោះ​ទេ ឃើញ​ថា​ការវិនិយោគ​របស់​ចិន​ពេល​ខ្លះ​បង្រៀន​ខ្មែរ​ឲ្យ​ប្រពឹត្ត​អំពើ​ពុករលួយ​ជា​មន្ត្រី​ធំៗ​ ឬ​មន្ត្រី​តូចៗ​មួយ​ចំនួន​បាន​ទទួល​សំណូក​ពី​ចិន​ច្រើន​»​។

លោក​បាន​បន្ថែម​ថា​៖ «​វា​ជា​ការ​ដោះដូរ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដូច​ដែល​ខ្ញុំ​បាន​រំឭក​ឡើង​ពី​ខាង​ដើម​....​ទី​ ៤ ការវិនិយោគ​របស់​ចិន​មាន​ផលវិបាក​រយៈពេល​វែង​មាន​ន័យ​ថា ការ​វិនិយោគ​របស់​ចិន​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​មាន​រ៉ែ​ធ្យូងថ្ម រ៉ែ​មាស រ៉ែ​ដែក និយាយ​រួម​វា​ទាក់ទង​នឹង​ធនធាន​ធម្មជាតិ​ឃើញ​ថា​មាន​ការ​បាត់បង់​ច្រើន ចិន​គាត់​បាន​កាប់​បំផ្លាញ​ទាំង​ព្រៃឈើ ជម្រក​សត្វ ទាំង​លើ​គោក និង​ក្នុង​ទឹក​។ ការវិនិយោគ​តាមពិត​ប្រទេស​ណា​ក៏ដោយ មាន​ការ​វិនិយោគ​កាន់តែ​ច្រើន​កាន់តែ​ល្អ ប៉ុន្តែ​សំណួរ​យើង​សួរ​ថា​ការវិនិយោគ​ទាំង​នោះ​វា​បាន​ផ្ដល់​ផលប្រយោជន៍​ចំពោះ​អ្នក​មាន ​ឬ​ផ្ដល់​ផលប្រយោជន៍​ចំពោះ​អ្នកក្រ​»​។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​សៅរ៍​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​។ លោក សម រង្ស៊ី ក៏​បាន​ចោទប្រកាន់​ថា​ចិន​កំពុង​យក​ទឹកដី​ និង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​តាម​រូបភាព​វិនិយោគ​។ លោក​ថ្លែង​ថា​៖ «​ជន​ផ្ដាច់ការ​ដោយ​មិន​អាច​រំពឹង​លើ​ប្រជារាស្ត្រ​ខ្លួនឯង គឺ​បែរជា​ទៅ​សុំ​ជំនួយ​ពី​ប្រទេស​ជិត​ខាង​ដើម្បី​រស់​ដើម្បី​បន្ត​អំណាច​របស់​ខ្លួន តែ​ប្រទេស​ជិត​ខាង​គេ​មិន​ឲ្យ​ជំនួយ គេ​មិន​មក​ជួយ​យើង​ដោយ​គេ​ស្រឡាញ់​យើង​ជា​បុគ្គល​ទេ​។ គេ​អន្តរាគមន៍​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​គេ​។ គេ​គ្រប់គ្រង​ប្រទេស​កម្ពុជា គេ​ទុក​ប្រទេស​កម្ពុជា​ជា​អាណានិគម​របស់​គេ​។ អ៊ីចឹង​យើង​បាត់បង់​ឯករាជភាព បើ​អត់​ប្រជាធិបតេយ្យ ឯករាជ្យ​ក៏​អត់​ដែរ​។

លោក Miguel Chanco អ្នក​វិភាគ​ជាន់ខ្ពស់​អំពី​អាស៊ាន​នៅ​ក្រុមហ៊ុន Economist Intelligence Unit បាន​ថ្លែង​ថា​ក្តីបារម្ភ​អំពី​ហានិភ័យ​សក្តានុពល​ចំពោះ​អធិបតេយ្យភាព​គឺ​ពិតជា​ត្រឹមត្រូវ ប៉ុន្តែ​ «​ខ្ញុំ​នឹង​មិន​ចាត់ទុក​វា​ថា​ជាការ​គំរាម​កំហែង​ភ្លាមៗ​ទេ​។ ទន្ទឹម​នេះ​លោក ហ៊ុន សែន គឺ​ត្រឹមត្រូវ​ដែល​និយាយ​ថា អាច​ប្រើប្រាស់​ការជួយ​នៃ​វិនិយោគ​របស់​ចិន​ និង​ថា​ទេសចរ​ចិន​បច្ចុប្បន្ន​នេះ​កំពុង​រីកចម្រើន​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​ ប៉ុន្តែ​តាមរយៈ​ការ​ព្យាករ​ផ្ទាល់​របស់​រដ្ឋាភិបាល​តម្រូវការ​នោះ​នឹង​ថយ​ចុះ​វិញ​នាពេល​ខាង​មុខ​ឆាប់ៗ​។ ក្រសួង​ហិរញ្ញវត្ថុ​កាលពី​ពេល​ថ្មីៗ​បាន​ប្រកាស​អំពី​ការធ្លាក់ចុះ​ការពឹង​ផ្អែក​លើ​ជំនួយ​អន្តរជាតិ​របស់​កម្ពុជា​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា​ទៅ​លើ​កំណែ​ទម្រង់​ពន្ធដារ​របស់​រដ្ឋាភិបាល​។ ចំពោះ​ខ្ញុំ​អ្វី​ដែល​កំពុង​បាត់បង់​ពី​ទិន្នន័យ​គឺ​ការ​ទទួល​ស្គាល់​ថា​កម្ពុជា​បាន​រុញ​ខ្លួនឯង​ទៅ​ជ្រុង​មួយ​ (​ដោយសារ​ការបង្ក្រាប​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​) ដូច្នេះ​ខ្លួន​ត្រូវ​តែ​ពឹងផ្អែក​ទៅ​លើ​ជំនួយ​របស់​ចិន​៕