កំពង់​ស្ពឺៈ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ បាន​អំពាវ​នាវ​ដល់ក​ម្មករ កម្ម​ការិនី​រោងចក្រ​កាត់​ដេរ​ សម្លៀកបំពាក់​និង​ស្បែក​ជើង​ កុំឱ្យ​បិទផ្លូវ​​ ដើម្បី​​ធ្វើការ​តវ៉ា​ផ្សេងៗ​ នៅពេល​ម្ចាស់​រោង​ចក្រ​រត់​ចោល​ ដែល​មិនបាន​បើកប្រាក់​ខែ​ឲ្យ​ ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល នឹង​ជា​អ្នក​ផ្តល់​ប្រាក់​ឲ្យ​កម្មករ​ ជំនួស​ថៅ​កែ​ដែល​រត់​ចោល​នោះ​។

លោក ​ហ៊ុន សែន បាន​​ថ្លែង​បែបនេះ ​​នៅ​​ក្នុងពេល​​​ចុះ​ជួប​សំណេះ​សំណាល​ ជា​មួយ​កម្មករ-កម្ម​កា​រិ​នីកាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ នៅ​ស្រុក​គង​ពិសី​ ​ ចំនួន​ ២៧៤៤៤ នាក់​ មកពី​រោងចក្រ​ចំនួន​ ២៤ ​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ​ នៅ​​ថ្ងៃ​ទី​ ១៩ ​ខែ​កញ្ញា​​ឆ្នាំ ២០១៨​។

លោក ហ៊ុន​ សែន​ បាន​និយាយ​សំដៅ​ទៅដល់​ហេតុ​កាណ៍​មួយ​ កាលពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ​ដែលមាន​កម្មករ-កម្មការិនី​​នៅ​រោង​ចក្រ «ជី​ម លី» ប្រមាណ​ ៧០០ នាក់ ​បាន​នាំ​គ្នា​​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ប្រាក់ខែ​ បន្ទាប់​ពី​រោង​ចក្រ​បិទទ្វារ។

លោកនាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា​ រដ្ឋាភិបាល​របស់លោក​ បាន​ចំណាយ​អស់ប្រមាណ ២២ លាន​ដុល្លារ​រួចហើយ​ គ្រាន់តែ​ថៅកែ​រត់ចោល​កម្មករ​ ដែ​លថៅកែ​​មិនបាន​បើក​ប្រាក់​ខែ​ និង​អត្ថ​ប្រយោជន៍​ដល់ក​ម្មករ។

លោក​ ​ថ្លែង​ថា៖‍​«ខ្ញុំ​ក៏​មិន​យល់​ដែរ​ថា ​កាលពីម្សិលមិញ​មាន​កម្មករ​បិទ​ផ្លូវ។ «ក្មួយ​ៗ តាម​រោងចក្រ​នានា ពូ​ស្នើសុំ​ដោយ​ត្រង់ ពូមិ​ន​ឲ្យ​ក្មួយៗ អត់​លុយ​ទេ ចេញ​អស់​ ២២ ​លាន​ដុល្លារ ​សហរដ្ឋ​អាមេរិក​រួច​ហើយ គ្រាន់​តែ​ថៅកែ​រត់​ចោល​ ​ឥឡូវ​បើ​ថៅ​កែ​រត់​ចោល យើង​ទៅ​បិទផ្លូវទៀត មិនមែន​សម្លាប់​ថៅ​កែ​ឯណា សម្លាប់​អ្នក​ធ្វើ​ចរាចរណ៍...លុយ​គង់​តែ​ដោះ​ស្រាយ​ទេ»។

លោក​បន្ថែម​ថា៖« បើ​យើង​បិទ​ផ្លូវ​ភ្លាម ​ខុស​ច្បាប់​នោះ​វា​ខុស​ទៅ​ហើយ​ ក៏​ប៉ុន្ដែ​ខាង​ផ្នែក​សីលធម៌​ យើង​ក៏​ត្រូវ​យល់ នៅ​ត្រង់​ថា ស្រាប់​តែ​កំពុង​ធ្វើ​ចរាចរណ៍ មនុស្ស​ដែល​កំពុង​គ្រោះ​ថ្នាក់​ ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ត្រូវ​គាំង​ផ្លូវ​ដោយ​សារ​តែ​កម្មករ​បិទ​ផ្លូវ​ អ្នក​ឆ្លង​ទន្លេ​ កើត​កូន​មិន​រួច​ ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​វះ​កាត់​ បែរ​ជា​ស្លាប់​នៅ​លើរថយន្ដ…»។

នៅ​​ពិធី​ជួប​សំណេះ​សំណាល​ ជា​មួយ​​កម្មករ​កម្មកា​រិនី​ នេះ​ លោក ​ហ៊ុន ​សែន ​ ​ក៏បាន​ប្រគល់​ស្រោម​សំបុត្រ​ជា​សាច់​ប្រាក់​ ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ​១៣៧២ នាក់​ផងដែរ។

អ្នក​ស្រី ខ​ន ​ធារី​ អាយុ​ ៣៥ ​ឆ្នាំ​ ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ជីម​លី​ បាន​និយាយ​ថា​ មន្ត្រី​មក​ពី​ក្រសួង​ មិន​អើ​ពើ​នឹង​ពាក្យ​បណ្តឹង​របស់​កម្មករ​ទេ ​ដូច្នេះ​ហើយ​ទើ​ប​​កម្មករ​​ឈាន​ទៅ​ដល់​ការ​បិទ​ផ្លូវ​ ខណៈ​ដែល​បាន​ធ្វើ​បាតុ​កម្ម​តវ៉ា​ចាប់​តាំ​ងពី​ថ្ងៃ​ទី​ ១៥​ ខែ​សីហា​ម្លេ៉ះ ប៉ុន្តែ​គ្មាន​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ជួយ​ដោះ​ស្រាយ​ឡើយ​។

អ្នក​ស្រីប​ន្ថែម​ថា​៖«នេះ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​យើង​ យើង​បាន​ទៅ​កាន់​ក្រសួង​ពីរ​ដ​ងរួច​ហើយ ​ប៉ុន្តែ​ក្រសួង​ មិនមា​ន​ចំណាត់​ការ​សម្រាប់​ពួក​យើង​ទេ​។ ពួក​យើង​ដឹង​ថា ​វា​ខុស​ច្បា​ប់ ប៉ុន្តែយើ​ងគ្មាន​ជម្រើស​ ទេ…នៅ​ពេល​ដែល​​មន្រ្តី​ក្រសួង​ ហាក់​ដូច​ជា​នៅ​ខាង​រោង​ចក្រ​។ ដោយ​សារ​តែ​ក្រសួង​ មិន​មាន​​ចំណាត់​ការ​នេះ​ហើយ​ ទើប​ពួក​យើង​សម្រេច​បិទ​ផ្លូ​វ»។

លោក ​ហែម ​ហឿន ​មន្ត្រី​ជាន់​ខ្ពស់​ ​ក្រសួង​ការ​ងារ​បាន​ថ្លែង​ថា​ ក្រុម​ការ​ងារ​របស់​លោក​ បាន​ជួប​កម្មករ​រួច​ហើយ​ ហើយ​​បាន​ប្រាប់​ពួក​គេ​ ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់​។

លោក​បន្ថែម​ថា​៖«ពេល​នេះ ​ក្រសួង​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ឱ្យ​ពួក​គេ។​ ដី​ដែល​ក្រុម​ហ៊ុន​ចាស់​របស់​ពួក​គេជួល​បាន​ផុត​កំណត់​ហើយ​។ ឥឡូវ​នេះ​ យើង​កំពុង​ពិនិត្យ​មើល​លើ​បញ្ហា​​នេះ​ ថា​បើ​រោង​ចក្រ​បិទ​ទ្វារ​ តើ​ផល​ប្រយោជន៍​អ្វី​ខ្លះ​ ដែល​អាច​ផ្តល់​ឱ្យ​កម្មករ​បាន​ ហើយ​បើ​មិន​បិទ​ទ្វារ​ ថា​តើ​រោងចក្រ​បាន​សន្យា​អ្វី​»៕ NS