ភ្នំពេញៈ ​ខណៈ​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​កាន់តែ​ខិត​ជិត​មក​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ម្សិលមិញ​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ជាង​ ៤ ​ពាន់​នាក់​ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​កាន់​អំណាច​ទី​ដែល​លោក​បាន​អំពាវនាវ​ជាថ្មី​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត និង​សូម​ឲ្យ​កម្មករ​ចូលរួម​ថែរក្សា​សន្តិភាព​ដែល​លោក​ចាត់ទុក​ថា​ជា​ការ «​ការពារ​មុខរបរ អាជីព និង​ការងារ​» ​ដែល​កំពុង​មាន​សព្វថ្ងៃ​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅក្នុង​ការជួប​សំណេះ​សំណាល​ជាមួយ​តំណាង​ថ្នាក់ដឹកនាំ​សហជីព​កាលពី​ព្រឹក​ម្សិលមិញ​លោក​បាន​ថ្លែង​ថា ការជួបជុំ​សំណេះ​សំណាល​នេះ គឺជា​ការ​ស្វែង​យល់​ពី​សុខទុក្ខ​របស់​សកម្មជន​សហជីព សាខា​គណបក្ស​តាម​រោងចក្រ សមាគម​បុគ្គលិក​សិក្សា និង​បងប្អូន​តំណាង​កម្មករ​ទូទាំង​ប្រទេស​។

ទំព័រ​ហ្វេសប៊ុក​នេះ​សរសេរ​ថា​៖ «​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន កូនក្មួយ​កម្មករ កម្មការិនី​សូម​ចូលរួម​រក្សា​សន្តិភាព​ឲ្យ​ខាង​តែ​បាន​ដើម្បី​រក្សា​ការពារ​មុខរបរ អាជីព និង​ការងារ​ដែល​កំពុង​មាន​សព្វ​ថ្ងៃ​។ ទន្ទឹម​នឹង​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទៀត​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល មាន​ឱកាស​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីកចម្រើន​ថែម​ទៀត​។ សម្តេច​តេជោ​ ហ៊ុន សែន នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាង​ហោច​ណាស់​មាន​រយៈពេល ២ អាណត្តិ​ទៀត​»​។

ថ្នាក់ដឹកនាំ​សហជីព​មូលដ្ឋាន​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ជំនួប​ជាមួយ​លោក​​ ហ៊ុន សែន កាលពី​ម្សិលមិញ តែ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ថ្នាក់​នាំ​សហជីព​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ «​ពង្រឹង​»​ ​ក្រុម​ការងារ​ដើម្បី​ចៀសវាង​ការធ្វេស​ប្រហែស​ដែល​នាំ​ឲ្យ​សហជីព​ដែល​គាំទ្រ​បក្ស​ប្រឆាំង​អាច​មាន​លទ្ធភាព​ប្រមូល​កម្មករ ជួបជុំ​ធ្វើ​បាតុកម្ម​ដូច​ក្នុង​អតីតកាល​» ​ឬ​ចូលរួម​ជាមួយ​ចលនា​ប្រឆាំង​។ លោក​ថ្លែង​ថា​៖ «​គាត់​ (​លោក ហ៊ុន សែន​) ថា យើង​ទាំងអស់​គ្នា​សហការគ្នា ធ្វើការ ហើយ​កុំ​ចូលរួម​តាម​ការ​ឃោសនា​របស់​គេ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដោយ​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ប្រសាសន៍​របស់​សម្ដេច​តេជោ​ ហ៊ុន សែន លោក​មាន​គោលបំណង​ល្អ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បងប្អូន​កម្មករ និយោជិត ក៏​ដូចជា​មេដឹកនាំ​សហជីព​មួយ​ចំនួន​ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​ទណ្ឌិត​ដែល​ជា​ក្រុម​ឧទ្ទាម​និយម​ក្រៅ​ច្បាប់ ដែល​ប្រកូក​ប្រកាស​ពី​ខាង​ក្រៅ​មក ហើយ​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ក៏ដូចជា​ញុះញង់​ឲ្យ​កងទ័ព​បែរ​កាណុង​ដាក់​រាជរដ្ឋាភិបាល​។ អានេះ​ហើយ​ជា​បញ្ហា​មួយ​ដែល​យើង​គួរតែ​រួបរួម​សាមគ្គី​គ្នា ដើម្បី​ថែរក្សា និង​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ​ក៏ដូចជា​សេចក្ដី​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​យើង​ដែល​យើង​រក​បាន​ដោយ​កម្រ​»​។ លោក​បន្ថែមថា​៖ «​វា​គ្មាន​អ្វី​ដែល​ត្រូវ​លុះ​ដោយ​ការឃោសនា​ញុះញង់​របស់​ក្រុម​ឧទ្ទាម​និយម​ក្រៅ​ច្បាប់​នោះ​ទេ​។ រឿង​ការពារ​សន្តិភាព ការពារ​សន្តិសុខ​ជាតិ​មិន​មាន​ពាក់ព័ន្ធ​អី​រឿង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ពីព្រោះ​ការបញ្ចេញមតិ​គឺជា​គោលបំណង​ល្អ ដើម្បី​រួម​ចំណែក​កសាង អភិវឌ្ឍ​ប្រទេស​តែ​ការបញ្ចេញមតិ​ដើម្បី​បង្កើត​សង្គ្រាម​នៅក្នុង​ប្រទេស បង្កើត​នូវ​ចលាចល​នៅក្នុង​ប្រទេស​អាហ្នឹង​មិនមែន​ជា​ការបញ្ចេញ​មតិ​ទេ អានេះ​ជា​ឧបាយកល​ទុច្ចរិត​ដែល​ត្រូវតែ​មាន​វិធានការ​ផ្លូវ​ច្បាប់​។ ការ​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម មិនមែន​ជា​ចេតនា​ល្អ​ទេ ជា​ចេតនា​ចង់​បំផ្លាញ​សេចក្ដីសុខ​របស់​ប្រជាជន ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​»​។

កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ក្នុង​កិច្ចប្រជុំ ជាមួយ​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រស់នៅ​ប្រទេស​បារាំង​ និង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីបអឺរ៉ុប ស្តីពី "​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​" បាន​ថ្លែង​ចោទប្រកាន់​ថា​លោក​ ហ៊ុន សែន​ «​ធ្វើ​ជ្រុល​ហួសហេតុ​» តាមរយៈ​ការ​បណ្តោយ​ឲ្យ​ជនបរទេស​ «​ធ្វើ​អាណានិគម​»​។

លោក​ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​គេ​មិន​រំពឹង​ការគាំទ្រ​ពី​ប្រជារាស្ត្រ គេ​ដឹង​ថា​គេ​ធ្វើបាប​ប្រជារាស្ត្រ គេ​បំផ្លិចបំផ្លាញ​ជាតិ ប្រជារាស្ត្រ​ច្បាស់​ជា​មិន​គាំទ្រ ប្រជារាស្ត្រ​ច្បាស់​ជា​ស្អប់ ប្រជារាស្ត្រ​ច្បាស់​ជា​ចង់​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ពី​តំណែង ដូច្នេះ​អ្នក​ទាំងអស់​នោះ​ដោយ​មិន​អាច​ពឹង​លើ​ខ្មែរ ប្រជារាស្ត្រ​របស់​ខ្លួន​អ្នក​ទាំងអស់​នោះ ជន​ផ្ដាច់ការ​នោះ​បែរ​ជា​ទៅ​ពឹង​លើ​បរទេស​ម្ដង​ពឹង​យួន ម្ដង​ពឹង​ចិន ឥឡូវនេះ​ពឹង​ទាំង​ ២»​។ លោក​បន្ថែម​ថា​៖ «​យើង​បាត់បង់​ឯករាជ្យ ផលប្រយោជន៍​ជាតិ យើង​ត្រូវ​គេ​រំលោភ ត្រូវ​គេ​កេងប្រវ័ញ្ច​។ ឃើញ​ថា យើង​ខាត បាត់បង់​ប្រជាធិបតេយ្យ​បាត់បង់​ទាំង​ឯករាជភាព​...​គឺ​នាំ​មក​គ្រោះថ្នាក់ សម្រាប់​សន្តិភាព សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ នៅក្នុង​តំបន់​អាស៊ី​ភាគ​ខាង​កើត​តែ​ម្ដង ពីព្រោះ​អ្វី​ដែល ហ៊ុន សែន កំពុងតែ​ធ្វើ ដើម្បី​ឲ្យ​ចិន​មក​ជួយ​​ ហ៊ុន សែន ការពារ​អំណាច​ ហ៊ុន សែន គឺ​ត្រូវ​តែ​ឲ្យ​ចិន​ចូល​មក​លុកលុយ​ប្រទេស​កម្ពុជា​ ចូល​មក​យក​ដី ចូល​មក​យក​កោះ យក​ឆ្នេរសមុទ្រ យក​រ៉ែ​»​។ លោក​បន្ត​ថា ចិន​គេ​បាន​យក​ពលរដ្ឋ​គេ ចូល​មក​រស់នៅ​ «​ពេញ​ទឹក​ពេញ​ដី ធ្វើឲ្យ​ខ្មែរ​យើង​ឥឡូវ​មាន​អារម្មណ៍​ដូចជា​យើង​ជា​ជនជាតិ​ភាគតិច​ទៅ​ហើយ ដូចជា​នៅ​កំពង់សោម នៅ​កោះកុង ឃើញ​គេ​យក​ជនជាតិ​ចិន​ចូល​មក​ខ្មែរ​យើង​អស់​ដី​អស់ ផ្ទះ​អស់​មុខរបរ​។ គេ​ជា​បរទេស គេ​មាន​អំណាច​ធំ​ជាង​យើង​ជា​ម្ចាស់​ប្រទេស​ទៅ​ទៀត​»​។ លោក​បន្ត​ថា​៖ «​ហ៊ុន សែន កំពុង​តែ​បើក​ដៃ​ឲ្យ​ចិន​សាងសង់​អ្វីៗ​ជាច្រើន​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​... អ៊ិចឹង​ឃើញ​ថា តំបន់​វា​ធំ​...​ពិសេស​ខេត្ត​កោះកុង​ត្រូវ​ចិន​គ្រប់គ្រង​ហើយ​គេ​សង់​ជា​មូលដ្ឋាន​របស់​គេ មូលដ្ឋាន​ហ្នឹង​គឺ​មាន​លក្ខណៈ​ជា​មូលដ្ឋាន​សឹក អ៊ីចឹង​វា​ប៉ះពាល់​ដល់​សន្តិភាព​គ្រោះថ្នាក់​ក៏​កាន់តែ​កៀក​សម្រាប់​សន្តិភាព​នៅ​ក្នុង​តំបន់​ប្រជាធិបតេយ្យ​ឯករាជភាព ឥឡូវ​វា​ប៉ះពាល់​សន្តិភាព​ហើយ​ ប៉ុន្តែ​រឿង​នេះ​ធ្ងន់ធ្ងរ​ណាស់ ប្រទេស​ដទៃ​ទៀត​ដែល​បណ្ដោយ​ឲ្យ​ ហ៊ុន សែន ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​»​។

ប៉ុន្តែ​លោក សុខ ឥសាន ​បាន​ទាត់​ចោល​នូវ​ការលើក​ឡើង​របស់​លោក សម រង្ស៊ី ចំពោះ​ឥទ្ធិពល​របស់​មហាអំណាច​ចិន​មក​លើ​នយោបាយ​កម្ពុជា ដោយ​លោក​ថា​លោក​ សម រង្ស៊ី ចោទ​រដ្ឋាភិបាល​កម្ពុជា​គឺ​ផ្ទុយ​នឹង​តថភាព​ពិត​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​បញ្ញា​សំខាន់​ដែល​គួរ​កត់សម្គាល់​យើង​ឃើញ​ថា រដ្ឋាភិបាល​ចិន​ក៏​ដូចជា​ប្រជាជន​ចិន​មិន​មាន​សកម្មភាព ឬ​មួយ​កាយវិការ​ណា​មួយ​ដែល​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទេ ទោះបី​មាន​ជនជាតិ​ចិន​មក​កម្ពុជា​ច្រើន​យ៉ាង​ណា​ក៏ដោយ ក៏​ត្រូវ​តែ​គោរព​ច្បាប់​កម្ពុជា​។ អ្នក​ណា​មិន​អនុវត្ត​ច្បាប់​កម្ពុជា ល្មើស​ច្បាប់​កម្ពុជា​នឹង​ត្រូវ​មាន​វិធានការ​ផ្លូវ​ច្បាប់​ស្រប​ទៅ​តាម​ទង្វើ​របស់​ខ្លួន​ដូច​កន្លង​ទៅ​រាជរដ្ឋាភិបាល​មិន​កាន់​ជើង​អ្នក​ណា​ដែល​ធ្វើ​ខុស​ច្បាប់​ទេ​»​។

លោក សម រង្ស៊ី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ទង្វើ​របស់​រដ្ឋាភិបាល​បាន​បំពាន​លើ​សេរីភាព​នៃ​ការប្រមូលផ្តុំ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។ លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​លោក ហ៊ុន សែន ហាក់បី​ដូចជា​មិន​ទាន់​យល់​នៅ​ឡើយ​ថា គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​អំពី​ការជ្រើសរើស ជម្រើស​ទៅ​មនុស្ស​ដែល​បាន​កំណត់​ជម្រើស​នៅ​ក្នុង​ចិត្ត និង​បេះដូង​របស់​ពួកគេ​រួច​ហើយ​នោះ​ទេ​»​។ លោក រង្ស៊ី ថ្លែង​ថា​ការ​ប្រើប្រាស់​ «​កម្លាំង​»​ ដើម្បី​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ប្រឆាំង​គឺ​ «​កំសាក និង​គួរ​ឲ្យ​អាណោចអាធ័ម​»​។ លោក​បន្ត​ថា​៖ «​កម្មករ​ដំបូង​ចង់​បាន​យុត្តិធម៌​សង្គម​ដែល​ជា​គំនិត​មួយ​ចម្លែក​ចំពោះ​របប​ពុករលួយ​របស់​លោក ហ៊ុន សែន​»​។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី ថ្លែង​ថា​លោក ហ៊ុន សែន ​ភ័យ​ខ្លាច​ខ្លាំង​ចំពោះ​ឧស្សាហកម្ម​កាត់ដេរ​ បន្ទាប់ពី​បាតុកម្ម​ក្រោយ​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៣​។

លោក​ថា​រដ្ឋាភិបាល​កំពុង​ «​ឃ្លាំ​មើល​យ៉ាង​ជិតស្និទ្ធ​» ​លើ​វិស័យ​នេះ​ដែល​មាន​កម្មករ​ជាង ៨០ ម៉ឺន​នាក់​រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ លោក​បន្ត​ថា ភាព​ជោគជ័យ​នៃ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ឈ្នះ​ទឹក​ចិត្ត​កម្មករ​គឺ​នៅ​តែ​ជា ​«​សំណួរ​» ​នៅឡើយ​៕

រាយការណ៍​បន្ថែម​ដោយ​ Andrew Nachemson