បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកមានលទ្ធភាពក្នុងការរំលត់ភ្លើងសង្គ្រាមនៅកម្ពុជាបាន ប៉ុន្តែលោកគ្មានលទ្ធភាពប្រៀនប្រដៅដល់ក្រុមដែលលោកហៅថា មានបំណងបំផ្លាញជាតិដោយការធ្វើបដិវត្តន៍ពណ៌ទេ។ ទោះយ៉ាងណាលោកនឹងមិនចរចានយោបាយជាមួយអ្នកណាទាំងអស់។
លោកមានប្រសាសន៍ដូច្នេះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃសៅរ៍ ទី ២៤ ខែតុលា ខណៈលោកបន្តចុះចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅទីនោះដែលជាដំណើរជួយដល់ពលរដ្ឋរងគ្រោះលើកទី ២ នៅខេត្តជាប់ព្រំដែនថៃមួយនេះ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានលទ្ធភាពត្រឹមតែរំលត់ភ្លើងសង្គ្រាមប្រដាប់អាវុធតែប៉ុណ្ណោះ តែខ្ញុំអត់មានលទ្ធភាព ដើម្បីនឹងធ្វើគ្រូអាចារ្យប្រដៅមនុស្ស ១ ក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពគេហៅថា បដិវត្តន៍ពណ៌នោះទេ។ ខ្លះគេបាននិយាយជាមួយខ្ញុំ អគ្គរដ្ឋទូតប្រទេសខ្លះ គេនិយាយជាមួយខ្ញុំ គេថាឯកឧត្តម ដោះស្រាយបានជាមួយនឹងទ័ពព្រៃខ្មែរក្រហម ថាអ៊ីចឹងចុះ។ ប៉ុន្តែហេតុអ្វីបានជា ឯកឧត្តមមិនអាចដោះស្រាយជាមួយនឹងពួកនេះបាន? បងប្អូនទាំងឡាយអើយ បើអ្នកណាក៏សុទ្ធតែយួន ឱ្យតែដើរតាម ហ៊ុន សែន យួនទាំងអស់អ៊ីចឹងឱ្យធ្វើម៉េច»។
លោក ហ៊ុន សែន លើកឡើងពីចំណុចនេះនៅពេលលោករំឭកពីប្រវត្តិនៃការបង្រួបបង្រួមជាតិ ក្រោយរបបខ្មែរក្រហម ការចរចាមុនឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងនយោបាយឈ្នះៗរបស់លោកក្នុងការធ្វើសមាហរណកម្មខ្មែរក្រហមដែលបញ្ចប់សង្គ្រាមពេញលេញនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨។
លោកថ្លែងថា អ្នកដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌តែងចាត់ទុកអ្នកគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនរបស់លោកថា ជាយួន។ ពួកគេក៏មាននយោបាយហៅថា «មានឯង អត់អញ»។ លោកបញ្ជាក់ថា ប្រសិនបើក្រុមអ្នកប្រឆាំងនៅតែបន្តសកម្មភាពបែបនេះ លោកក៏មិនធ្វើអ្វីជាមួយពួកគេដែរ ព្រោះមិនអាចនៅជាមួយគ្នាបាន ហើយក្រុមអ្នកប្រឆាំងមិនមានគោលបំណងស្មោះសរណាមួយក្នុងការរួបរួមទេ ក្រៅតែពីប្រើវិធីបំផ្លាញ។
លោកមានប្រសាសន៍ថា៖ «អ្នកខ្លះថា នឹងមានដំណោះស្រាយ ខ្ញុំអត់ត្រូវការធ្វើដំណោះស្រាយនយោបាយជាមួយអ្នកណាទាំងអស់ ព្រោះអ្នកទាំងឡាយត្រូវដោះស្រាយជាមួយច្បាប់តែប៉ុណ្ណឹង។ អត់មានមកត្រូវការមកចរចានយោបាយខ្ញុំសុំប្រកាសឲ្យជនរួមជាតិបានដឹង ខ្ញុំមិនត្រូវការចរចាជាមួយអ្នកណាទាំងអស់។ អ្នកដែលធ្វើខុសច្បាប់គឺមានតែតុលាការ ១ គត់ ហើយអ្នកដែលតុលាការកាត់ទោសហើយ ត្រូវមកជាប់គុកសិន។ បន្ទាប់ពីជាប់គុកហើយ អាហ្នឹងចាំនិយាយគ្នា។ អ្នកឯងរួចផុតពីគុកបង្កើតបក្សនយោបាយ អាហ្នឹងជាសិទ្ធិរបស់អ្នកឯង»។
ពាក់ព័ន្ធនឹងការរំឭកដល់ខួបទី ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ហ៊ុន សែន បានបង្ហើបថា លោកបានឃើញសារដែលបញ្ជាចេញពីអ្នកប្រឆាំងរស់នៅសហរដ្ឋអាមេរិកឲ្យអ្នកក្នុងស្រុកធ្វើបាតុកម្មនៅមុខស្ថានទូតចិន និងនៅមុខស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ។
កាលពីថ្ងៃសុក្រ ទី ២៣ ខែតុលា មានការធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យចិនគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះបានរារាំងក្រុមអ្នកតវ៉ាដែលព្យាយាមដាក់ញត្តិ។ ក្រៅពីនេះក៏មានអ្នកតវ៉ានៅមុខស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតបារាំង ដោយពួកគេបានដាក់ញត្តិនៅទីនោះ។ នេះបើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្របក្សប្រឆាំងយល់ឃើញថាការចរចាគឺជារឿងចាំបាច់កាលណាពលរដ្ឋក្នុងចំនួនច្រើនមួយក្នុងប្រទេសនៅមានស្មារតីជំទាស់ បើទោះបីជាពួកគេគ្មានបក្សដែលគេគាំទ្រក៏ដោយហើយការចរចាគឺដើម្បីជាប្រយោជន៍សម្រាប់ជាតិ។ វាក៏ជាដំណោះស្រាយមួយដែរ នៅពេលដែលក្រុមអ្នកប្រឆាំងឈប់ប្រឆាំង ហើយងាកមកចូលរួមធ្វើនយោបាយបន្ទាប់ពីឆ្លងកាត់នីតិវិធីតុលាការ។ ប៉ុន្តែលោកមិនជឿថា ក្រុមអ្នកប្រឆាំងបានធ្វើបដិវត្តន៍ពណ៌នោះទេ។
លោកថ្លែងដូច្នេះថា៖ «ការបញ្ចប់ [ជម្លោះ] ការសម្របសម្រួល ខ្ញុំជឿរថា សម្ដេចនៅតែមានលទ្ធភាពធ្វើអ៊ីចឹង។ លោកមានលទ្ធភាពចរចា ២៣ តុលា បញ្ចប់សង្គ្រាមបានសូម្បីតែពួកខ្មែរក្រហមដែលកាលសម័យនោះនៅក្រៅច្បាប់ ក៏លោកកៀងមកចូលអស់ ពិបាកចូល ប៉ុន្តែរួបរួមបាន។ ដូច្នេះយើងអត់មានកាន់អាវុធប្រឆាំងអីផង រឿងអីរួបរួមមិនបាន។ ខ្ញុំយល់ថា មានលទ្ធភាពបើសម្ដេចមានឆន្ទៈ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា បុគ្គលម្នាក់អាចធ្វើនយោបាយបានទាល់តែបុគ្គលនោះមានសម្បទានយោបាយគ្រប់គ្រាន់។ ប្រសិនបើពួកគេត្រូវបានតុលាការផ្ដន្ទាទោសក្លាយជាពិរុទ្ធជនហើយពួកគេមិនមានលក្ខណសម្បត្តិអ្វីទៅចរចាជាមួយអ្នកផ្សេងទេ កុំថាឡើយចរចារឿងនយោបាយសូម្បីចរចាធ្វើជំនួញ ក៏គ្មានអ្នកណាចរចាជាមួយដែរ។
លោកបន្តថា បើមើលប្រវត្តិនៃការដឹកនាំ និងការធ្វើនយោបាយរបស់លោក ហ៊ុន សែន ជាទូទៅលោកធ្វើការជាមួយមនុស្សច្រើនប្រភេទ ទាំងអ្នកស្អប់ ទាំងអ្នកធ្វើសង្គ្រាមលើសមរភូមិជាមួយគ្នា ទាំងនៅតុចរចា។ ប៉ុន្តែវាទាមទារឲ្យអ្នកទាំងអស់នោះមានឆន្ទៈរួមមួយគឺឆន្ទៈជាតិ ទើបអាចធ្វើការជាមួយបាន។ បើអត់មានឆន្ទៈជាតិទេ មិនអាចធ្វើការជាមួយគ្នាបានទេ។
លោកថ្លែងដូច្នេះថា៖ «អ៊ីចឹងអ្វីដែលសម្ដេចលោកមានប្រសាសន៍ គឺដោយសារតែក្រុមប្រឆាំង គាត់ប្រកាន់គោលការណ៍មួយគឺមានឯងអត់អញ។ ទង្វើនយោបាយរបស់គាត់ភាគច្រើនគឺទង្វើដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ។ ដូច្នេះជាការលំបាកមួយដែលអ្នកដឹកនាំមានអំណាចពេញលេញ ហើយទៅសម្របសម្រួលជាមួយអ្នកដែលមាននិន្នាការបំផ្លាញផលប្រយោជន៍ជាតិ»៕
វីដេអូ៖