បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ដល់ស្រូវពូជមិនប្រកាន់រដូវ និងគ្រាប់ពូជបន្លែ ៦ មុខជូនប្រជាកសិករ រងគ្រោះខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំក្នុងអំឡុងពេលមានទឹកជំនន់ក្នុង ១ គ្រួសារ ១០០ គីឡូក្រាម ដើម្បីធ្វើការដាំដុះស្ដារលទ្ធភាពគ្រួសារឡើងវិញ ក្រោយទឹកស្រក។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ និងផ្ដល់ជំនួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ ១០ ០០០ គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០ លោក ហ៊ុន សែន បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរនៃបណ្ដាខេត្តដែលបានជួបប្រឈមគ្រោះជំនន់ទឹកភ្លៀង ចុះស្រង់ស្ថិតិគ្រួសារប្រជាពលរដ្ឋ និងផ្ទៃដីដាំដុះដំណាំស្រូវ និង ដំណាំរួមផ្សំដែលរងការខូចខាតដោយទឹកជំនន់ទាំងអស់ឱ្យបានច្បាស់លាស់ ដើម្បីរៀបចំផ្ដល់ពូជស្រូវ និងដំណាំរួមផ្សំដល់ប្រជាកសិករធ្វើការដាំដុះស្ដារឡើងវិញ។
លោកថ្លែងថា៖ «ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន ២ ០០០ តោន ដែលជាពូជស្រូវមិនប្រកាន់រដូវសម្រាប់ផ្ដល់ជូនតែគ្រួសារដែលខូចខាតស្រូវប៉ុណ្ណោះដោយក្នុង ១ គ្រួសារ នឹងទទួលបាន ១០០ គីឡូក្រាម។ សម្រាប់អ្នកមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំ គឺរាជរដ្ឋាភិបាលនឹងផ្តល់នូវគ្រាប់ពូជដំណាំ ៦ មុខ ដើម្បីទុកបង្កបង្កើនផលឡើងវិញ»។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលបានរក្សាទុកស្រូវពូជ ១០ ០០០ តោន អង្ករ ៥ ០០០ តោន និងពូជបន្លែ ៦ មុខចំនួន ៥០ តោន នៅក្នុងស្តុកសម្រាប់ត្រៀមបង្ការឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះធ្វើការដាំដុះស្ដារឡើងវិញ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំ និងជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធដែលរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលបានខូចខាតដោយគ្រោះមហន្តរាយទឹកជំនន់មានជាអាទិ៍ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងប្រព័ន្ធធារាសាស្ត្រនានា ក្រោយពេលស្ថានភាពទឹកជំនន់មានភាពធូរស្រាល និងស្រកអស់។
ជុំវិញការជំរុញណែនាំនេះលោក ប៉ាល់ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃអាទិត្យថា នៅពេលនេះក្រុមការងារជួសជុលផ្លូវនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត កំពុងចុះពិនិត្យ និងសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្លូវដោយគ្រោះជំនន់ទឹកភ្លៀង ដើម្បីត្រៀមជួសជុលស្ដារឡើងវិញ។
លោកបានថ្លែងថា៖ «ការងារនៅចំពោះមុខនេះ គឺធ្វើយ៉ាងណាជួយអន្តរាគមន៍ ជីកកាយប្រឡាយ រំដោះទឹកចេញពីតំបន់ដែលរងការជន់លិចឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីការពារកុំឱ្យមានផលប៉ះពាល់ និងខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្ងន់ធ្ងរជាងនេះ»។
លោក ច័ន្ទតារា ថ្លែងថា នៅពេលនេះក្រុមមន្ត្រីជំនាញសាធារណការកំពុងសហការជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធជីកកាយប្រឡាយ ដើម្បីរំដោះទឹកចេញពីក្រុងបាត់ដំបង និងកំណាត់ផ្លូវជាតិ ផ្លូវខេត្តមួយចំនួនទៀត ដែលរួមមាន កំណាត់ផ្លូវជាតិនៅក្នុងខេត្តតាកែវ, កំណាត់ផ្លូវ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារកំណាត់ ផ្លូវជាតិលេខ ៤ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងធ្វើការបើកមុខទឹកលើកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិកំពង់ក្ដី១ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
យោងតាមទិន្នន័យផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កឱ្យមនុស្ស ៤០ នាក់លង់ទឹកស្លាប់ក្នុងនោះខេត្តបន្ទាយមានជ័យស្លាប់ច្រើនជាងគេគឺ ២៣ នាក់។ ជាមួយគ្នានេះបានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ១៣៦ ៤៤២ គ្រួសារ ស្មើនឹង ៥៤៥ ៧៦៨ នាក់ ក្នុង ២០ រាជធានី-ខេត្ត ក្នុងនោះប្រជាពលរដ្ឋ ១១ ៨៣៨ គ្រួសារ ស្មើនឹង ៤៧ ៣៥២ នាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព។
ទិន្នន័យដដែលនោះបានបង្ហាញទៀតថា ក្រៅពីប៉ះពាល់ដល់មនុស្ស គ្រោះទឹកជំនន់នេះក៏បានជន់លិចសាលារៀន ៩២៥ កន្លែងផលប៉ះពាល់ដល់ការសិក្សារបស់សិស្សរាប់ម៉ឺននាក់ និងជន់លិចវត្តអារាម ៣០៥ កន្លែង លិចនិងប៉ះពាល់ដំណាំស្រូវ ២៧០ ០០៧ ហិកតា និងដំណាំរួមផ្សំ ៨៨ ៧៧៩ ហិកតា ប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំជនបទ សរុប ២ ៣០១ គីឡូម៉ែត្រ៕