បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានប្រាប់លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងមន្ត្រីរដ្ឋាភិបាលឯទៀតកុំឲ្យឆ្លើយឆ្លងជាមួយក្រុមមួយដែលទំនងសំដៅលើក្រុមអ្នកនយោបាយប្រឆាំង ឬលើលោក សម រង្ស៊ី ទាក់ទងនឹងករណីជំរុញឲ្យ លោក ស ខេង ធ្វើបក្សប្រហារនិងរដ្ឋប្រហារ ជាអ្វីដែលអ្នកតាមដានថា មិនអាចទៅរួច ខណៈដែលផ្ទៃក្នុងគណបក្សកាន់អំណាចកំពុងរឹងមាំ។
ថ្លែងទៅកាន់អ្នកចូលរួម បន្ទាប់ពីពិធីចាក់បេតុងភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ថៃ ឬស្ពានស្ទឹងបត់បានណងអៀន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា លោកមិនចង់ឆ្លើយតបជាមួយអ្នកណាទេ ហើយលោក ស ខេង ដែលត្រូវបានគេប្រើឲ្យធ្វើរដ្ឋប្រហារឲ្យទម្លាក់រូបលោកនោះក៏មិនចាំបាច់ឆ្លើយឆ្លងជាមួយ «អាឡប់ណា» ដែរ។
លោកបានបញ្ជាក់ថា៖ «ឥឡូវយើងសាកគិតជាមួយគ្នាមើល! ឧបនាយករដ្ឋមន្ត្រីផ្ដួលនាយករដ្ឋមន្ត្រី មានន័យស្មើនឹងអី? មានន័យស្មើនឹងរដ្ឋប្រហារ។ ចេះប្រើគេទៅរួច។ រួចហើយរដ្ឋប្រហារយកអំណាចទៅឲ្យពីណាយកអំណាចទៅឲ្យវា។ នឹកស្មានថា សម្ដេចក្រឡាហោមល្ងង់ណាស់ ឬអី?» ។
លោកបានបន្តថា៖ «អ៊ីចឹងមិនបាច់ចាំសម្ដេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នាថ្ងៃមុនចូលទៅប្រជុំគណៈរដ្ឋមន្ត្រីខ្ញុំថា មិនបាច់ឆ្លើយជាមួយវាទេ កុំឆ្លើយជាមួយវា។ តែមិនឆ្លើយជាមួយវា គឺវាសាប សូន្យទៅខ្លួនឯងតែម្ដង។ វាមិនដែលម៉ែអាណា ទី១ ឲ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្សទម្លាក់ប្រធានបក្ស មិនបក្សប្រហារ។ ប៉ុន្ដែអាធ្ងន់ជាងគេឧបនាយករដ្ឋមន្ត្រីធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី មានន័យថា រដ្ឋប្រហារ»។
លោកប្រាប់ទៅមន្ត្រីទាំងអស់ឲ្យស្ងាត់ស្ងៀមចំពោះពួកអ្នកទាំងនោះដោយថា៖ «កុំឆ្លើយជាមួយវា ឆ្កែខាំជើងយើង យើងកុំយកមាត់យើងខាំជើងឆ្កែ»។
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយបានថ្លែង នៅប្រទេសកូរ៉េ កាលពីចុងសប្ដាហ៍មុន ដោយបានជំរុញពលករកម្ពុជាដែលធ្វើការនៅកូរ៉េ និងប្រទេសផ្សេងទៀតឲ្យត្រឡប់ចូលស្រុកខ្មែរជាមួយលោក ដើម្បីចាប់លោក ហ៊ុន សែន ហើយយកប្រទេសកម្ពុជាប្រគល់ជូនពលរដ្ឋខ្មែរវិញ។
ដោយសំដៅទៅលើលោក សម រង្ស៊ី លោក ហ៊ុន សែន បានថ្លែងថា៖ «រួចហើយសុទ្ធតែថា សម្រុកចូល!អញរង់ចាំតែសម្រុកចូលមកតើវ៉ី។ យី! អាពតប៉ុន្មានកងពលវាយមិនទាំងដួលផង ទីចុងបំផុតអានេះចង់មកចាប់ឯងលេងវ៉ី។ដូចស្រួលពេកទេដឹង?! ហ៊ុន សែន ណា! ហើយអ្នកទាំងនេះ តើនេះអ្នកមកចាប់ ហ៊ុន សែន ឬមកទទួល ហ៊ុន សែន? គិតខុសហើយ»។
លោក ហ៊ុន សែន បានបន្ថែមថា ដោយសារតែមានការវាយតម្លៃខុសលើយុទ្ធសាស្ត្ររបស់លោកនេះហើយទើបអ្នកដែលប្រឆាំងនឹងលោកមិនដែលយកឈ្នះលោកបាន។ ចំពោះអ្នកដែលងើបឡើងដោយខុសច្បាប់នៅក្នុងប្រទេស លោកថា មិនបាច់និយាយច្រើនទៀតទេ «ងើប ១ វាយ ១ ងើប ២ វាយ ២ ចប់»។
នៅចុងបញ្ចប់ លោកនាយករដ្ឋមន្ត្រីបានរំឭកថា ប្រសិនបើមានរដ្ឋប្រហារកើតឡើងនឹងធ្វើឲ្យកម្ពុជាផ្ទុះសង្គ្រាម ហើយបើសង្គ្រាមផ្ទុះឡើង ពេលនោះ «សូមកុំសង្ឃឹមថា វាមានសន្តិភាពឲ្យសោះ»។
តាមរយៈអុីមែលកាលពីម្សិលមិញ លោក សម រង្ស៊ី បានថ្លែងថា៖ «ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ស ខេង, ម៉ែន សំអន, និងមន្ត្រីកំពូលៗឯទៀតរបស់គណបក្សប្រជាជនកម្ពុជានឹងទម្លាក់លោក ហ៊ុន សែន ដើម្បីសង្គ្រោះគណបក្សប្រជាជនកម្ពុជា និងចៀសវាងគ្រោះថា្នក់ដល់ជីវិតសម្រាប់ប្រជាជនកម្ពុជា ពីព្រោះ លោក ហ៊ុន សែន កំពុងបម្រើផលប្រយោជន៍ចិនទាំងងងឹត»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពជឿជាក់លើសាមគ្គីភាពនៅក្នុងគណបក្សជុំវិញរូបលោក និងជុំវិញការដឹកនាំរបស់លោក។
លោក ហ៊ុន សែន មិនខ្វល់ទៅចំណាយពេលឥតប្រយោជន៍លើការអំពាវនាវបែបនេះទេ ហើយបើលោកឆ្លើយតបវិញ គឺលោកនឹងច្រានចោល ហើយសើចចំអកទៅវិញ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការធ្វើបក្សប្រហារឬរដ្ឋប្រហារមិនអាចកើតមានបានទេ ព្រោះផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជារឹងមាំ។
លោកបានបញ្ជាក់ថា៖ «គណបក្សប្រជាជនមិនអាចទេដោយសារគេមានទំនាក់ទំនងជាមួយគ្នា គេប្រទាក់គ្នា មានចំណងសាមគ្គីភាពយូរហើយ»។
លោកថា បច្ចុប្បន្ននេះមានរឿង៣កំពុងកើតឡើងក្នុងនយោបាយកម្ពុជា រួមមាន ការធ្វើបាតុកម្មរបស់អ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង, ការឆ្លើយឆ្លងគ្នារវាងទូតអាមេរិក និងទូតចិន និងការអង្រួនទៅលើមន្ត្រីក្នុងស្រុក។
លោកថា៖ «ការធ្វើឲ្យមានហេតុការណ៍ណាមួយនៅក្នុងនយោបាយកម្ពុជាវាទៅអត់រួច ព្រោះខ្មែរឆ្លងកាត់រួចអស់ហើយ។ មួយទៀតធ្វើទៅអត់បានព្រោះផ្ទៃក្នុងគណបក្សប្រជាជនរឹងមាំ»។
លោក សុខ ទូច បានហៅការលើកឡើងរឿងធ្វើបក្សប្រហារក្នុងជួរគណបក្សកាន់អំណាច ថា គ្រាន់តែជាការសាកល្បងចង់ដឹងថាតើនឹងមានសកម្មភាពអ្វីកើតឡើងឬទេ? មួយវិញទៀតការបំបែកគណបក្សប្រជាជនខ្លួនឯងគឺជាការក្បត់ឆន្ទៈរាស្ត្រដែលបានបោះឆ្នោតឲ្យ៕