ភ្នំពេញៈ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិដែល​តុលាការ​កំពូល​រំលាយ គឺ​លោកស្រី មូរ សុខហួរ កាលពី​ថ្ងៃ​សៅរ៍​ទី​ ១៦ ខែមករា បានបង្ហាញ​ការព្យាយាម​ត្រឡប់មក​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ការព្យាយាម​របស់លោក​ស្រី​ធ្វើឡើង​ទាំង​គ្មាន​ឯកសារ​ចាំបាច់​សម្រាប់​ការធ្វើ​ដំណើរ​។

នៅ​ថ្ងៃទី​ ១៦ មករា ពេលវេលា​នៅ​សហរដ្ឋអាមេរិក លោកស្រី មូរ សុខហួរ បាន​សរសេរ​នៅលើ​ធ្វីតធឺរថា លោកស្រី​បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Los Angeles ហើយ​លោកស្រី​នឹងធ្វើ​ដំណើរ​បន្តទៅ​ប្រទេស​សិង្ហបុរី និង​ទៅដល់​កម្ពុជា​ដែល​ជា​គោលដៅ​ចុងក្រោយ ដើម្បី​ចូលរួម​សវនាការ​។

ប៉ុន្តែ​បន្តិច​ក្រោយមក​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក៏បាន​ចេញ​សារ​នៅលើ​ធ្វីតធើរ​ថា នៅ​ម៉ោង​ ៣ ព្រឹក ម៉ោង​នៅ​សហរដ្ឋអាមេរិក លោកស្រី មូរ សុខហួរ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ឡើង​ជិះ​យន្តហោះ​នៃ​ក្រុមហ៊ុន Singapore Airlines ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​កម្ពុជា​ទេ​។ ការបដិសេធ​នេះ​ដោយសារតែ​លោកស្រី​គ្មាន​ទិដ្ឋាការ​សម្រាប់​ចូលទៅ​កម្ពុជា​។

លោកស្រី មូរ សុខហួរ ក៏បាន​សរសេរ​សារ​នៅលើ​ធ្វីធើរ​ថា​៖ «​មិនមែន​ខ្ញុំ​មិន​បាន​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ទេ ប៉ុន្តែ​ដោយសារ​តែ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បដិសេធ​សិទ្ធិ​របស់​ខ្ញុំ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ទៅ​ប្រឈមមុខ​នឹង​ការកាត់ទោស​»​។

លោកស្រី មូរ សុខហួរ និង​មន្ត្រី អតីត CNRP មួយចំនួន​ទៀត​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់ និង​ចេញ​ដីកាចាប់ខ្លួន​ពី​បទ «​រួម​គំនិត​ក្បត់​» និង​ «​ញុះញង់​» កាលពី​ឆ្នាំ​ ២០១៩ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី​។ ភ្នំពេញ ប៉ុស្តិ៍​ មិនអាច​សុំ​ការបញ្ជាក់​ពី​លោកស្រី មូរ សុខហួរ អំពី​គម្រោង​វិល​ត្រឡប់មក​កម្ពុជា​បាន​ទេ​កាលពី​ថ្ងៃទី​ ១៧ មករា​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ បក្សប្រឆាំង​កំពុង​រង់ចាំ​ការវិលត្រឡប់​របស់​លោកស្រី មូរ សុខហួរ ​មុន​នឹង​លោក​សម្រេចចិត្ត​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​។ លោក​ថ្លែងថា លោក​មិន​គាំទ្រ​ជំហរ​រារាំង​លោកស្រី មូរ សុខហួរ ក្នុង​ការត្រឡប់​មកវិញ​នោះទេ ហើយ​រដ្ឋាភិបាល​គួរតែ​ផ្ដល់​ទិដ្ឋាការ​ដល់​លោកស្រី ដើម្បី​តតាំង​នៅ​តុលាការ​។

ចំពោះ​ការព្យាយាម​ត្រឡប់​មក​កម្ពុជា​វិញ​ទាំង​គ្មាន​ឯកសារ​ចាំបាច់​សម្រាប់​ធ្វើដំណើរ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ថា​លោកស្រី មូរ សុខហួរ ពិតជា​បានដឹង​ច្បាស់​មុន​ហើយ​ថា រដ្ឋាភិបាល​មិន​ផ្ដល់​លទ្ធភាព​ក្នុង​ការត្រឡប់មកវិញ ប៉ុន្តែ​លោកស្រី​ចង់​បញ្ជាក់​ដល់​សាធារណជន​ថា ការខកខាន​នេះ​មិនមែន​ជា​កំហុស​របស់គាត់​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ចំណុច​នេះ​បើ​យើង​ពិនិត្យ​មើលទៅ​ក៏​ជា​ចំណុច​អវិជ្ជមាន​មួយ​សម្រាប់​លោកជំទាវ [​មូរ សុខហួរ​] ​ដែរ​។ បើសិន​ជា​ដឹងខ្លួន​ថា​គេ​មិនឱ្យ​ចូល​ហើយ គ្រាន់តែ​ធ្វើ​ដើម្បីឱ្យ​អស់ចិត្ត​បែបនេះ អាហ្នឹង​យើង​និយាយ​ភាសា​សាមញ្ញ​ថា​ប្រជាភិថុត ដើម្បី​ឱ្យ​រាស្ត្រ​ជ្រួលច្របល់​រង់ចាំ​មើល​។ យើង​ដឹងច្បាស់​ហើយ​ជំហរ​រដ្ឋាភិបាល​មិន​ធ្វើ​វីសា​ឱ្យ​ទេ យើង​មិនមាន​លទ្ធភាព​ចូល​ទេ​។ ដូច្នេះ​មិន​ចាំបាច់​ទៅ​ទិញ​សំបុត្រ​កប៉ាល់​ហោះ​ដោយ​គ្មាន​វីសា​អី​ជាដើម​»​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការព្យាយាម​ត្រឡប់មកវិញ​នេះ គឺជា​ការសម្ដែង​ដោយ​លោក​សរសេរ​ថា​៖ «​មីង​ខ្ញុំ​សម្តែង​លើក​នេះ​ដូចជា​មិនសូវ​សម​សោះ ហោះ​ពី​អាមេរិក​មកដល់​អាមេរិក ជាប់គាំង​នៅ​អាមេរិក ត្រឡប់​ទៅ​អាមេរិក​វិញ សម្រេចសម្រួល​នៅផ្ទះ​ដដែល​»​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ក៏​បាន​សរសេរ​លិខិត​ចំហ​មួយ​ថា ការព្យាយាម​វិល​ត្រឡប់មក​កម្ពុជា​ទាំង​គ្មាន​ទិដ្ឋាការ ឬ​លិខិត​ឆ្លងដែន​បែបនេះ គឺជា​ការធ្វើ​ពាណិជ្ជកម្ម​លើ​អ្នកគាំទ្រ និង​ជា​ការបោក​បញ្ឆោត​សតិអារម្មណ៍​របស់​មហាជន​៕