ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញជាបន្ទាន់ ដោយអះអាងថា ឧបករណ៍តេស្តរហ័សកូវីដ ១៩ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធំណាស់សម្រាប់សុខភាពសាធារណៈ ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគនេះ។ ការអះអាងរបស់លោកស្រីធ្វើឡើងក្រោយពីមានអ្នកប្រកាសលក់ឧបករណ៍នេះតាមអនឡាញសង្គមហ្វេសប៊ុក។
លោកស្រី វណ្ណឌីន ថ្លែងថា៖ «បើតាមការសិក្សា និងតាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក WHO បានអះអាងថាឧបករណ៍ទាំងនោះវាមានប្រសិទ្ធភាពទាបមែនទែន ធ្វើតេស្តទៅជំនឿលើលទ្ធផលទាប នេះជាចំណុចមួយ»។
លោកស្រីបានឲ្យដឹងទៀតថា៖ «ចំណុចមួយទៀតដែលគេសង្កេតឃើញ ប្រសិនបើបុគ្គលម្នាក់គាត់មានវិជ្ជមានកូវីដ១៩ ដល់ធ្វើតេស្តទៅជាអវិជ្ជមាន ដល់បុគ្គលដែលមិនមានកូវីដ-១៩ ដល់គាត់ទៅធ្វើតេស្តទៅជាឃើញមានកូវីដ ១៩ ទៅវិញ អ៊ីចឹងកន្លែងនេះវាជាគ្រោះថ្នាក់ធំណាស់សម្រាប់បញ្ហាសុខភាពសាធារណៈ»។
លោកស្រីថ្លែងថា មូលហេតុនេះហើយបានជា WHO មិនទាន់បានណែនាំឱ្យមានការប្រើប្រាស់ ប៉ុន្តែ WHO នឹងបង្កើនល្បឿនដើម្បីឱ្យមានការវាយតម្លៃទៅលើឧបករណ៍ដែលបានដាក់ស្នើសុំទៅ WHO។
លោកស្រីបញ្ជាក់ថា៖ «អ៊ីចឹងគេរំពឹងថានៅក្នុងពេលឆាប់ៗនឹងមានពន្លឺខ្លះ និងមានការណែនាំបន្ថែមទៀត។ គ្រាន់ថា ឆាប់ប៉ុនណា ខ្ញុំមិនហ៊ានថាទេ ពីព្រោះអាស្រ័យទៅលើការសម្រេចរបស់អង្គការសុខភាពពិភពលោកដើម្បីធ្វើការណែនាំអំពីការប្រើប្រាស់ Rapid test»។
ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចកាលពីថ្ងៃទី ២៩ ខែមីនា បានឃាត់ខ្លួននារីវ័យក្មេងអាយុជាង ២០ ឆ្នាំម្នាក់ ដោយសារប្រកាសលក់ឧបករណ៍ធ្វើតេស្តរកមេរោគកូរ៉ូណាតាមអនឡាញ (Online) ដែលក្រសួងសុខាភិបាលបានហាមឃាត់។
នាយប៉ុស្តិ៍នគរបាលសង្កាត់គីឡូម៉ែត្រលេខ ៦ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា មុនពេលចាប់ខ្លួននារីរូបនេះបានបង្ហោះក្នុងហ្វេសប៊ុកថា មានអីវ៉ាន់លក់សម្រាប់ធ្វើតេស្តរកមេរោគកូវីដ ១៩។ ក្រោយមកអាជ្ញាធរថ្នាក់លើក៏បានឃើញការបង្ហោះលក់តាមអនឡាញនេះ ហើយក៏បានចាត់ឱ្យប៉ុស្តិ៍នគរបាលរបស់លោកធ្វើការស្រាវជ្រាវ ហើយក៏បានរកឃើញនារីរូបនេះរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦។
លោកថ្លែងថា៖ «ជាក់ស្តែងក្រោយពីយើងចុះទៅដល់ហ្នឹងរបស់គណៈបញ្ជាការឯកភាពខណ្ឌគឺទៅដល់ហ្នឹង គឺផ្ទះគាត់អត់មានអីទេ អត់ទាន់មានអីវ៉ាន់មកលក់ទេ គ្រាន់តែថាគាត់បានបង្ហោះរូបដែលថា គាត់មានអីវ៉ាន់ហ្នឹងលក់ ហើយជាក់ស្តែង ឥឡូវហ្នឹងខាងអធិការដ្ឋានគាត់នាំទៅសាកសួរដើម្បីបន្តនីតិវិធី»។
លោក ហៀង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីកាលពីថ្ងៃចន្ទថា ជនល្មើសត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បន្ថែមបានទេកាលពីថ្ងៃចន្ទ។
គេហទំព័រនគរបាលជាតិកាលពីថ្ងៃចន្ទបញ្ជាក់ថា សមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែមីនា ក៏បានចុះត្រួតពិនិត្យឱសថស្ថាន ១២ កន្លែងនៅម្តុំផ្សារតាប៉ាងដើម្បីត្រួតពិនិត្យរកទីតាំងដែលលក់ឧបករណ៍តេស្តកូវីដ ១៩ នេះ តែមិនមានឱសថស្ថានណាមួយលក់តេស្តកូវីដ ១៩ នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទបានអំពាវនាវមិនឱ្យប្រជាពលរដ្ឋជឿលើឧបករណ៍ណាដែលអាចធ្វើតេស្តរកឃើញមេរោគកូវីដ ១៩ និងថ្នាំណាដែលអាចព្យាបាលមេរោគនេះជាបាន និងបានបញ្ជាឱ្យអាជ្ញាធរប្រើវិធានការ។
បើទោះជាច្បាប់មិនទាន់ត្រូវបានដាក់ចេញក៏ដោយ រដ្ឋមានលទ្ធភាពរឹបអូសយកឧបករណ៍ និងថ្នាំទាំងនោះដោយផ្អែកលើច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ ដែលដឹកនាំដោយក្រសួងមហាផ្ទៃ និងមានក្រសួងសុខាភិបាលចូលរួម។
លោកថ្លែងថា៖ «ដូច្នេះយកវាទៅបំផ្លាញចោលទៅ មិនចាំបាច់រកឃ្លាំងដាក់ទេ មិនចាំបាច់សងសំណងស្អីទេ។ ដល់ដំណាក់កាលដែលយើងត្រូវធ្វើ ហើយគ្មានការចាំបាច់ដើម្បីមករវល់ជាមួយនឹងឈ្មួញប៉ុន្មាននាក់នោះទេ។ ខ្ញុំសូមដាក់ចេញបទបញ្ជាដោយម៉ឺងម៉ាត់ ដោយមិនចាំបាច់ធ្វើការអប់រំច្រើនតទៅទៀតទេ។ អ្នកណាដែលផ្សព្វផ្សាយតាមអនឡាញត្រូវតាមទៅដល់ខ្ទប់អនឡាញភ្លាម ចាប់ទាំងមនុស្ស ចាប់ទាំងសម្ភារយកមកតែម្តង»៕