សៀមរាបៈ វិវាទដីធ្លីក្នុងចំណោមប្រជាពលរដ្ឋ ១០ គ្រួសារដែលអូសបន្លាយអស់ពេលជាង ១៥ ឆ្នាំត្រូវបានរដ្ឋបាលស្រុកបន្ទាយស្រីដោះស្រាយបញ្ចប់ដោយភាគីវិវាទបានជ្រើសយកការចាប់ដៃគ្នាសម្បទានឱ្យគ្នាទៅវិញទៅមក និងផ្ដិតមេដាយបញ្ចប់វិវាទចំពោះមុខរដ្ឋបាលស្រុកកាលពីថ្ងៃទី ១៩ ខែមករា។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា ១៥ ឆ្នាំនៃទំនាស់នេះបានក្លាយជាឧបសគ្គដល់ការរស់នៅប្រកបដោយសុវត្ថិភាព និងស្ងប់អារម្មណ៍សម្រាប់ភាគីជម្លោះទាំងសងខាង និងខាតបង់ពេលវេលាបាត់បង់ឱកាសប្រើប្រាស់ដីធ្លីរបស់ខ្លួនឱ្យអស់សក្តានុពល។ សូម្បីតែអាជ្ញាធរក៏ជាប់រវល់ដោះស្រាយ និងខាតបង់ពេលវេលាដើម្បីអភិវឌ្ឍមូលដ្ឋានមិនតិចដែរ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាករណីនេះនឹងធ្វើឱ្យករណីវិវាទដទៃទៀត មានការបន្ទន់ឥរិយាបថ និងព្រមទទួលយកដំណោះស្រាយដែលអាជ្ញាធរបានប្រឹងប្រែងស្វែងរកជូន។ ព្រោះករណីវិវាទដីធ្លីកើតឡើងភាគច្រើនជាដីដែលប្រជាពលរដ្ឋមកកាន់កាប់យូរឆ្នាំនៅលើដីគម្របព្រៃឈើ ហើយមានលិខិតបញ្ជាក់ពីភូមិ ឃុំ ជាន់គ្នា»។
លោក ហ្វីណង់ ថ្លែងថា ក្នុងឆ្នាំ ២០២១ នេះរដ្ឋបាលស្រុកនឹងបើកយុទ្ធនាការដោះស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័នមានសមត្ថកិច្ចនូវពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាដីធ្លីសរុបជាង ១០០ ករណីដែលបាននៅកកស្ទះជាច្រើនឆ្នាំមកហើយ។ ការធ្វើយុទ្ធនាការនេះ ដើម្បីត្រួសត្រាយផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ ដែលនឹងធានាភាពរឹងមាំច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលមានការការពារដោយមូលដ្ឋានច្បាប់ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល។
បញ្ហាវិវាទដីធ្លីនៅតែជាបញ្ហាប្រឈមធំជាងគេមួយ ដែលបង្កផលវិបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃ ខាតបង់ឱកាស និងពេលវេលា ទាំងសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋបាលមូលដ្ឋានផ្ទាល់ផងដែរ។ ភាពមិនប្រក្រតីនៃការកាន់កាប់ដីគម្របព្រៃឈើ ភាពមិនច្បាស់លាស់នៃព្រំប្រទល់ដីដែលមិនទាន់ចុះបញ្ជី ការលក់បន្តគ្នាពីមួយទៅមួយ ការត្រួតជាន់គ្នានៃឯកសារដីធ្លី និងការអូសបន្លាយរ៉ាំរ៉ៃមកជាច្រើនឆ្នាំសុទ្ធសឹងតែជាហេតុផលចម្បងដែលធ្វើឱ្យការស្រាវជ្រាវរកឯកសារ សាវតារ និងការដោះស្រាយវិវាទដីធ្លី ជួបឧបសគ្គច្រើន ហើយត្រូវការប្រើពេលយូរ មុននឹងអាចធ្វើការវិនិច្ឆ័យ ឬសន្និដ្ឋានបាន។
លោក សួស ណារិន មន្ដ្រីអង្កេតសមាគមអាដហុកប្រចាំខេត្ដសៀមរាបបានឲ្យដឹងថាករណីវិវាទដីធ្លីធំៗភាគច្រើនដែលកើតឡើងរវាងពលរដ្ឋជាមួយក្រុមហ៊ុន ឬអ្នកមានអំណាច លោកអភិបាលស្រុកដោះស្រាយហាក់បីដូចជានៅស្ទាក់ស្ទើរមិនទាន់អស់សមត្ថភាពទេ៕