ភ្នំពេញ៖ វ៉ាក់សាំង​កូវីដ១៩​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន ៥០ ម៉ឺន​ដូស​ត្រូវ​បាន​ដឹកជញ្ជូន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ ២០២១ នេះ។

យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ឱ្យ​ដឹងថា​វ៉ាក់សាំង​កូវីដ១៩ ចំនួន ៥០ ម៉ឺនដូស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​នោះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ ២០២១ នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​កូវីដ១៩ នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ដឹកជញ្ជូន​ទៅកាន់​ឃ្លាំង​ស្តុក​វ៉ាក់សាំង។

បើតាម​ការឱ្យ​ដឹងពី​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កាលពី​យប់​ថ្ងៃទី ១៦ ថា​ការមកដល់​នៃ​វ៉ាក់សាំង​ស៊ីណូហ្វាម​នេះ​មិន​មាន​រៀបចំ​ពិធី​ទទួល​ទេ គឺ​រង់ចាំ​ដល់​ថ្ងៃទី ២៧ ទើប​អាច​មាន​រៀបចំ​ពិធី។

កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន បានបញ្ជាក់​ពី​ការមកដល់​បន្ថែម​នៃ​វ៉ាក់សាំង​ការពារ​កូវីដ១៩​ ដោយ​នៅ​ថ្ងៃទី ១៧ នេះ វ៉ាក់សាំង​នឹង​មកដល់​កន្លះ​លាន​ដូស នៅក្នុង​ខែឧសភា​នឹង​មកដល់​ចំនួន ១,៥ លានដូស ខែ​មិថុនា​នឹង​មកដល់​ចំនួន ៣ លាន​ដូស​ក្នុង​ខែកក្កដា​នឹង​មកដល់​ចំនួន ២ លាន​ដូស និង​ខែ​សីហា​មកដល់​ចំនួន ១ លាន​ដូស​ទៀត៕