ភ្នំពេញៈ ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទប់ស្កាត់​ការ​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ ​និង​ការពារ​សិទ្ធិ​ពល​រដ្ឋ លោក ជា ហ៊ាន ​ស្នើ​ទៅ​ក្រសួង​បរិស្ថាន​ឲ្យ​ផ្ដល់​រថយន្ដ​​ដឹក​ជញ្ជូន​វត្ថុតាង​បទ​ល្មើស​ព្រៃឈើ​ដល់មន្ទីរ​បរិស្ថាន​តាម​ខេត្ដ ​ដោយ​លោក​គ្រោង​ដាក់លិខិត​ស្នើ​ទៅ​ក្រសួង​នៅ​សប្ដាហ៍​ក្រោយ ​ប៉ុន្ដែ​មន្ត្រី​ថា ​ការ​ស្នើ​ឡើង​នេះ​ជា​យោបល់​ល្អ​ផង ​និង​អាក្រក់​ផង។

លោក​ ជា ហ៊ាន ​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍ ​ពីម្សិល​មិញ​ថា​ ក្រសួង​បរិស្ថាន​គួរ​តែ​ផ្តល់​រថ​យន្ត​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​ឈើ ឬ​វត្ថុ​តាង​បទ​ល្មើស​ដល់​មន្ទីរ​បរិស្ថាន ​សម្រាប់​ឲ្យ​មន្រ្តី​ឧទ្យា​នុរក្ស​ដែល​ចុះ​បង្រ្កាប​បទ​ល្មើស​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន ​អាច​ដឹក​ជញ្ជូន​វត្ថុ​តាង​ទាំង​នោះ​មក​រក្សាទុក​នៅ​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​ពិត​ជា​ខ្មាស​ជន​ល្មើស​ណាស់​បន្ទាប់ពី​ចុះ​ល្បាត​នឹង​ឧទ្យានុរក្ស​បរិស្ថាន​ម្តងៗ ​ចាប់​បាន​បទ​ល្មើស​ហើយ​គ្មាន​មធ្យោបាយ​ ដឹក​ជញ្ជូន​ ក្នុង​នាម​អ្នក​បង្រ្កាប។​ ចាញ់​ជន​ល្មើស​ដែល​ពួក​គេ ​មាន​មធ្យោបាយ​ ដឹក​ជញ្ជូន​ដល់​គោលដៅ​របស់​គេ​រហូត​ដល់​ប្រទេស​ វៀត​ណាម​ ឬតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត»។

លោក​ ជា ហ៊ាន ​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​លោក​នឹង​ធ្វើ​លិខិត​មួយ​ដាក់​ស្នើ​ទៅ​ក្រសួង​បរិស្ថាន​ ដើម្បី​ស្វែងរក​​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ។

លោក​ថា​៖ «ខ្ញុំ​នឹង​ត្រៀម​ធ្វើ​លិខិត​មួយ​ស្នើ​ទៅ​ឯកឧត្ដម​រដ្ឋ​មន្រ្ដី​ក្រសួង​បរិស្ថាន ​[សាយ សំអាល] ស្នើ​សុំ​រថ​យន្ដ​ សម្រាប់​ប្រគល់​ឲ្យ​មន្ទីរ​បរិ​ស្ថាន​ចាត់​ចែង ​ព្រោះ​បើ​មិន​មាន​រថ​យន្ដ​សម្រាប់​ដឹក​ជញ្ជូន​ទេ​ ការ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​គឺ​មិន​បាន​ជោគ​ជ័យទេ​។ បើ​យើង​គ្មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ យើង​កម្ទេច​វត្ថុតាង​នោះ​ចោល​ វា​ដូច​ជាខ្មាស​ជន​ល្មើស។ ជន​ល្មើស​ដឹកឈើ​តាំង​ពី​តំបន់​អភិរក្ស​រហូត​ដល់​ប្រទេស​ វៀត​ណាម ប៉ុន្ដែ​ក្នុង​នាម​យើង​ជា​មន្រ្ដីអនុវត្ដ​ច្បាប់​អត់​មាន​លទ្ធ​ភាព​ដឹក​ជញ្ជូន​។ ​យើង​គួរ​តែ​ខ្មាស​ជន​ល្មើស»។

លោក​ថា ​ពេលសហការ​ជាមួយ​មន្រ្ដី​ឧទ្យា​នុរក្ស​បរិស្ថាន ចុះ​ល្បាត រុក​រក​ឃើញ​ទី​តាំង​បទ​ល្មើស​ព្រៃ​ឈើ​ហើយ ​ប៉ុន្ដែ​គ្មាន​មធ្យោបាយ​សម្រាប់​ទឹក​ជញ្ជូន​វត្ថុ​តាង​ទាំង​នោះ​ទៅ​រក្សា​ទុកនៅ​ស្នាក់​ការ​ ដើម្បី​អនុវត្ដ​តាម​នីតិវិធី។

លោក​បន្ដថា​៖ «យើង​មាន​ថវិកា​សម្រាប់​ជួល​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ ​(ទីតាំង​រុករក​ឃើញ​បទ​ល្មើស​ព្រៃឈើ​) ដើម្បី​ដឹក​ជញ្ជូន​ឈើ​ជា​វត្ថុ​តាង ប៉ុន្ដែប្រជា​ពល​រដ្ឋ​មិន​ព្រម​ធ្វើ​ទេ​ ដោយ​សារ​ពួក​គាត់​ខ្លាច​ម្ចាស់​វត្ថុតាង​បទ​ល្មើស​នោះ​ គុំកួន»។

បើ​តាម​លោក​ ជា ហ៊ាន ​មធ្យោបាយ​ក្នុង​ការ​ដឹក​វត្ថុតាង​បទ​ល្មើស​ព្រៃ​ឈើ​ដែល​រក​ឃើញ លុះ​ត្រា​តែ​មាន​រថយន្ដ​សម្រាប់​ដឹក​ និង​រថ​យន្ដ​ស្ទូច ​ទើប​អាច​យក​វត្ថុតាង​ទាំង​នោះ​ទៅដែន​សមត្ថ​កិច្ច ​អនុវត្ដ​តាម​នីតិវិធី​បាន។

លោក​ថា​៖ «មន្រ្ដី​ឧទ្យានុរក្ស​ ដែល​​ពួកគាត់​ជួប​ការ​លំបាក​ក្នុង​ការ​ដឹកជញ្ជូន​វត្ថុតាង​បទ​ល្មើស​ព្រៃ​ឈើ​នេះ ​ពួកគាត់​តែង​​តែ​ស្នើ​ទៅ​ព្រះ​រាជអាជ្ញា​ ដើម្បី​ដុត​កម្ទេច​វត្ថុតាង​ទាំង​នោះ​ចោល​។​ ប៉ុន្តែ​បើ​ដុត​កម្ចេច​វត្ថុ​តាង​ទាំង​នោះ​ចោល​ប្រៀប​បី​ដូច​ជា​ចូល​រួម​បំផ្លាញ​វត្ថុ​តាង​ចោល​ដែរ»។

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ លោក ​នេត្រ ភក្ត្រា ​​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថានថ្លែង​ថា ​ក្រសួង​បរិស្ថាន​ប្រើ​ប្រាស់​មធ្យោ​បាយ​ផ្សេងៗ​ ដើម្បី​ដឹក​វត្ថុ​តាង​មក​កាន់​ទីតាំង​សុវត្ថិ​ភាព។​ អ្វី​ដែល​ជាការ​ស្នើ​​ឡើង​នេះជា​យោ​បល់ល្អ​ ប៉ុន្តែ​គំនិត​អាក្រក់។

លោក​បញ្ជាក់ថា​៖ «គំនិត​អាក្រក់ ​ព្រោះ​ជាការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ ហើយ​ត្រៀម​មធ្យោ​បាយ​ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ដែល​ត្រូវ​បាន​កាប់​ដោយ​ជន​ល្មើស»។

បើ​តាម​លោក ​ភក្ត្រា ​មន្ត្រី​ឧទ្យា​នុរក្ស ​នៅតាមតំបន់​ការ​ពារ​ធម្ម​ជាតិ​ផ្សេង​ទៀត ​បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​ព្រៃ​ឈើ និង​ការពារ​សត្វ​ព្រៃ ​ហើយ​មាន​មធ្យោ​បាយ​គ្រប់​គ្រាន់​ ដើម្បី​ល្បាត​នៅ​ក្នុង​តំបន់​របស់​ខ្លួន។

លោក​ថា​៖ «ក្រសួង​បរិស្ថាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​លើ​កិច្ច​ការ​ងារ​អភិ​រក្ស​នេះ​ ហើយ​បាន​អនុវត្ត​វិធាន​ការ​ចាំបាច់​នានា​រួម​ទាំង​ការ​អប់រំ​ ការ​ផាក​ពិន័យ​ និង​ការអនុ​វត្ត​ច្បាប់​ប្រ​ឆាំង​នឹង​ជន​ល្មើស ​ដើម្បី​ធានា​ថា​ធន​ធាន​ធម្ម​ជាតិ​ដែល​កម្ពុជា​មាន​ពេល​បច្ចុប្ប​ន្នត្រូវ​បាន​រក្សា​គង់​វង្ស»។

លោក ​កែវ សុភ័ក្ត្រ​ ប្រធាន​មន្ទីរ​បរិស្ថាន ​ខេត្ត​មណ្ឌល​គិរី ​​លើក​ឡើង​ថា ​ពាក់​ព័ន្ធ​នឹង​មធ្យោបាយ​ដឹក​ជញ្ជូន​នេះ​ ក្រសួង​បរិស្ថាន​តែង​តែយក​ចិត្ដ​ទុក​ដាក់​ក្នុង​ការផ្ដល់​ដល់​មន្ទីរ​បរិស្ថាន ប៉ុន្ដែ​ការ​ផ្ដល់​នៅ​មិន​ទាន់​បាន​សមរម្យ​នៅ​ឡើយ។

លោក​បន្ដថា​៖ «យើង​ក៏​មាន​អង្គការ​ជាតិ ​និង​អន្ដរជាតិ​មួយ​ចំនួន​បាន​ផ្ដល់​ជា​មធ្យោបាយ​មួយ​ចំនួន​សម្រាប់​ការ​ដឹកជញ្ជូន​ និង​ការ​ចុះ​ល្បាត​របស់​មន្រ្ដី​ឧទ្យានុរក្ស​ដែរ ​ក្រសួង​បរិស្ថាន​ក៏ជួយ​ដែរ។ ប៉ុន្ដែ​មិន​ទាន់​ដល់​កម្រិត​តម្រូវ​ការ​របស់​យើង​ ហើយ​អ្វី​ដែល​ខ្វះ​ខាត​នោះ គឺ​មធ្យោបាយ​ដឹក​ជញ្ជូន​វត្ថុតាង​នេះ​តែម្ដង»។

លោក សុភ័ក្ត្រ ​បន្ថែមថា​ ក្រៅ​ពី​មធ្យោបាយ​ម៉ូតូ​សម្រាប់​​ចុះ​ល្បាត មន្រ្ដី​ឧទ្យានុរក្ស ក៏បាន​ច្នៃ​គោយន្ដ​ដោយ​ខ្លួន​ឯង ​ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដែរ។ ប៉ុន្ដែ​មធ្យោបាយ​នេះ​មិន​បាន​ស្ថិតស្ថេរ​នោះទេ​ ព្រោះ​ងាយ​នឹង​ខូច​ខាត​ណាស់ ​ដោយសារ​ស្ថាន​ភាព​ផ្លូវ​នៅ​ក្នុង​ព្រៃ​មាន​ការ​លំបាក ​ហើយ​មន្រ្ដី​ឧទ្យានុរក្ស​មិន​សូវ​មាន​បច្ចេក​ទេស​ក្នុង​ការ​ប្រើ​រថយន្ដ​កែច្នៃ។

លោកបន្តថា​៖ «យើង​មាន​មធ្យោបាយ​ដឹក​ជញ្ជូន ​គ្រាន់​តែ​មួយរយៈ​កាល​ចុងក្រោយ​នេះ​ វា​មាន​ការ​ដឹក​ជញ្ចូន​ច្រើន ​អ៊ីចឹង​ទៅ​វា​រាង​ទន់​ដៃ​ទន់ជើង​ដែរ​។ ដូច​ចំណុច​យើង​ចាប់​បទ​ល្មើ​សព្រៃ​ឈើ​បាន​កាលពី​ថ្ងៃទី ១៩ ​ខែ​ ឧសភា​ ២០១៩ នេះ ​មាន​ឈើ​ចំនួន​ ៨១០ កំណាត់ ​យើង​មិន​បាន​យក​មក​ដាក់​ស្នាក់ការ​ទេ។ យើង​រក្សា​វា​នៅទីតាំង​កើត​ហេតុ ដោយ​យើង​បង្កើត​ស្នាក់​ការ​មួយ​នៅ​ទីតាំង​នោះ​តែ​ម្ដង​ យក​កម្លាំង​ពី​ស្នាក់​ការ​ផ្សេងៗ​ទៅ​យាម​វត្ថុ​តាង​នោះ​តែ​ម្ដង​ ដោយ​សារ​តែ​ករណី​នេះ ​យើង​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន»។

លោក​ សុភ័ក្ត្រ ​ថ្លែងថា ​កន្លង​មក​រដ្ឋ​មន្រ្ដី​ក្រសួង​បរិស្ថាន​បាន​ព្យាយាម​ខ្លាំង​ចំពោះ​ការ​ផ្គត់​ផ្គង់​ឲ្យ​បាន​ល្អ និង​ដិត​ដល់​ ចំពោះ​មន្រ្ដី​បរិស្ថាន​។ ប៉ុន្ដែ​លោក​ក៏​បាន​សំ​ណូមពរ​ដល់​រដ្ឋាភិបាល​ ក្នុង​ការ​​ផ្ដល់​មធ្យោបាយ​ដឹកជញ្ជូន​វត្ថុ​តាង​បន្ថែម។

លោក​បន្ថែមថា​៖ «ខ្ញុំ​ឃើញ​ថា​មាន​ការ​ខ្វះ​​ខាត​មែន ​ទោះ​បី​យើង​មាន​អង្គការ​ដៃ​គូ​ជួយ​គាំ​ទ្រ​មែន ​តែ​អង្គការ​ដៃគូ​យើង ​ថវិកា​គេមាន​កំណត់ ​សម្រាប់​ការងារ​ដឹក​ជញ្ជូន​នេះ​។ អ្វី​ដែល​យើង​ធ្វើ​បាន​កន្លងមក​វា​ជាការ​កែច្នៃ​របស់​មន្ទីរ​ និង​ក្រសួង​បរិស្ថាន​តែម្ដង»៕