ភ្នំពេញ: អង្គការសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន កាលពីម្សិលមិញ បានរិះគន់សមាគមន៍សិល្បៈមួយដែលដឹកនាំដោយអ្នកស្រី ចន ច័ន្ទលក្ខិណា ដោយសារតែសមាគមនេះ បានចូលរួមឃោសនាបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជា ដោយពួកគេអះអាងថា សកម្មភាពបែបនេះ គឺផ្ទុយទៅនឹងច្បាប់ស្ដីពីអង្គការ សមាគម។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមអង្គការ សមាគមជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអង្គការ សមាគមន៍អន្តរជាតិ ត្រូវចុះបញ្ជីនៅក្រសួងការបរទេស ដែលស្ថិតនៅក្រោយបញ្ញាតច្បាប់ ស្ដីពីសមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល។ នៅក្នុងច្បាប់ស្ដីពីអង្គការ សមាគម ក៏បានចែងអំពីសកម្មភាពឯករាជ្យរបស់អង្គការសមាគម ដោយមិនត្រូវចូលរួមក្នុងសកម្មភាពនយោបាយជាមួយគណបក្សនយោបាយនោះទេ។
លោកបន្តថា បើអាជ្ញាធរពាក់ព័ន្ធ មិនបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសកម្មភាពនេះ គឺច្បាប់នេះ នឹងមានស្ដង់ដារពីរ មានន័យថា ច្បាប់នេះ ដាក់កំហិតចំពោះអង្គការ សមាគមន៍ទាំងឡាយណា ដែលឯករាជ្យ និងធ្វើការតវ៉ាស៊ូមតិជាមួយរដ្ឋាភិបាល ប៉ុន្ដែច្បាប់នេះ នឹងមិនត្រូវបានដាក់ទោស ចំពោះអង្គការ សមាគម ដែលលើកជើង ឬដើរតាមរដ្ឋាភិបាលទេ។
លោកបញ្ជាក់ថា៖«សកម្មភាពនេះ គឺផ្ទុយនឹងច្បាប់ដែលបានចែង នៅក្នុងច្បាប់ គេបានកំណត់យ៉ាងច្បាស់ណាស់ ដោយត្រូវជាប់ទោស ឬពិន័យបែបណានោះ គឺមាននៅក្នុងច្បាប់រួចហើយ ហើយយើងក៏កំពុងតែរង់ចាំមើលចំណាត់របស់អាជ្ញាធរពាក់ព័ន្ធ គេធ្វើបែបណា បើគេមិនធ្វើទេ គឺច្បាប់ស្ដង់ដារពីរហើយ យើងអាចមើលឃើញយ៉ាងច្បាស់តែម្ដង»។
អ្នកលេងហ្វេសប៊ុកជាច្រើន ក៏បានបញ្ចេញមតិរិះគន់លើបញ្ហានេះផងដែរ ក្នុងនោះគណនេយ្យហ្វេសប៊ុកឈ្មោះ LY Sovichea បានសរសេរថា «ការចូលរួមក្នុងសកម្មភាពនយោបាយរបស់អង្គការក្រៅរដ្ឋាភិបាល ឬសមាគមក្នុងស្រុក គឺជាការបំពានច្បាប់។ មាត្រា ៨៤ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានហាមប្រាមអង្គការក្រៅរដ្ឋាភិបាល និងសមាគមក្នុងស្រុក មិនឲ្យចូលរួមក្នុងសកម្មភាពឃោសនារបស់គណបក្សនយោបាយណាមួយឡើយ ហើយបើមានការបំពាន បុគ្គលនោះ ត្រូវផាកពិន័យជាប្រាក់ពី ដប់លានរៀល ទៅ ម្ភៃលានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុលោមតាមមាត្រា ១៤៨ នៃច្បាប់ដដែលនេះ»។
អ្នកលេងហ្វេសប៊ុករូបនេះ បានចោទសួរថា៖«ដូច្នេះ ករណីលោកស្រី ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដោយបានចូលរួមក្នុងសកម្មភាពឃោសនាឲ្យគណបក្សនយោបាយ តើជារឿងបំពានច្បាប់ដែរឬទេ?»។
ចំណែកគណនេយ្យហ្វេសប៊ុកឈ្មោះ សុភ័ណ្ឌ ឡារី បានសរសេរដោយចោទសួរថា«អ្វីទៅជាភារកិច្ចរបស់ សមាគមសិល្បៈខ្មែរ? ប្រធាន សមាគមសិល្បៈខ្មែរ អ្នកនាង ចន ចន្ទលក្ខិណា គួរតែខិតខំប្រឹងប្រែងរកយុត្តិធម៌ជូនដល់សិល្បករ សិល្បការិនីដែលបានរងគ្រោះ និងបាត់បង់ជីវិត ដោយអយុត្តិធម៌ក្នុងរបបបច្ចុប្បន្ន និងការពារវិស័យវប្បធម៌សិល្បៈខ្មែរឲ្យរីកចម្រើនឡើង។ ប្រសើរជាជាងខិតខំអូសទាញអ្នកសិល្បករ សិល្បការិនីខ្មែរឲ្យពាក់ព័ន្ធនឹងរឿងនយោបាយដែលបងប្អូនសិល្បៈមួយចំនួនធំ មិនពេញចិត្តនឹងការបង្ខិតបង្ខំទាំងនេះ»។
អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានដឹកនាំក្រុមអ្នកសិល្បៈដែលជាសមាជិករបស់ខ្លួន ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី៧ ខែកក្កដា ដែលជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការ។
មិនអាចសុំប្រតិកម្មពីអ្នកស្រី ច័ន្ទលក្ខិណា ជុំវិញការិះគន់នេះបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទអ្នកស្រីមិនមានអ្នកទទួល។
លោក ឈឹម កាន ប្រធាននាយកដ្ឋានសមាគម និងគណបក្សនយោបាយ នៃក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញថា លោកមិនទាន់បានទទួលព័ត៌មាន និងទិន្នន័យអ្វី ដែលទាក់ទងនឹងករណីនេះនៅឡើយទេ។ បើមានករណីនេះមែន បុគ្គលទាំងនោះ នឹងត្រូវបានចាត់វិធានការតាមច្បាប់។
លោកបញ្ជាក់ថា៖«បើសិនពាក់ព័ន្ធករណីហ្នឹង យើងក្រឡេកទៅមើលទិន្នភាពច្បាប់ ប៉ុន្ដែរហូតមកដល់ថ្ងៃនេះ យើងអត់ទាន់មានអ្នករាយការណ៍ និងរឿងហេតុដែលពាក់ព័ន្ធនឹងសកម្មភាពហ្នឹងមកខ្ញុំទេ ហើយបើសិនមានអ្វីប្រែប្រួល គឺខាងអាជ្ញាធរខេត្ត ក្រុងនឹងរាយការណ៍មកហើយ អ៊ីចឹងគឺយើងនឹងចាត់វិធានការតាមច្បាប់»។
តាមច្បាប់ស្ដីពីអង្គការ សមាគម មាត្រា ៨៤ បានចែងថា អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការ អន្តរជាតិ ដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ឬជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀង នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត៕