ភ្នំពេញៈ អ្នក​ជំនាញ​ដែល​ធ្វើការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​នៃ​អង្គការ​សង្គម​ស៊ីវិល​កាលពី​ម្សិលមិញ​បាន​ថ្លែង​សាទរ និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​តាមដាន​ឲ្យ​បាន​ម៉ឺងម៉ាត់​ដាក់​ទោសទណ្ឌ​មន្ត្រី​ខិលខូច​ដើម្បី​ឲ្យ​ការអនុវត្ត​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បំបាត់​អំពើ​ពុករលួយ បក្ខពួកនិយម គ្រួសារនិយម និង​ការរំលោភ​អំណាច​ដែល​កំពុង​មាន​ការរិះគន់​ខ្លាំង​។

ការ​ថ្លែង​របស់​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ឡើង​ ១ ​​ថ្ងៃ​ក្រោយ​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ​គ្រប់​លំដាប់​ថ្នាក់​ធ្វើ​អំពើ​ល្អ កុំ​ប្រព្រឹត្ត​អំពើ​បក្ខពួក​និយម គ្រួសារនិយម ពុករលួយ និង​ការរំលោភ​អំណាច​។

លោក​ ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​សារ​អេឡិចត្រូនិក​កាលពី​ម្សិលមិញ​​ថា​៖ «​ខ្ញុំ​គិត​ថា​ការអំពាវនាវ ឬ​ការចែករំលែក​ចំណេះដឹង​ពី​មេដឹកនាំ​គឺជា​កាយវិការ​ដ៏ល្អ​មួយ ប៉ុន្តែ​វា​មិន​ដែល​គ្រប់គ្រាន់​ទេ ហើយ​ជាទូទៅ​គឺ​មិន​បាន​នាំ​ទៅ​រក​សកម្មភាព​ទេ ជាពិសេស​នៅ​ក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា​ជា​កន្លែង​ដែល​មាន​បញ្ហា​បែប​នេះ​រីករាលដាល​យ៉ាង​ខ្លាំង និង​ចាក់ឫស​យ៉ាង​ជ្រៅ​នោះ​»​។

លោក​បន្ថែម​ថា​៖ «​ដូច្នេះ​ហើយ​សារ​ទាំងនោះ​ត្រូវ​មាន​យន្តការ​អនុវត្ត​ច្បាស់លាស់ និង​មាន​ការ​ផ្តន្ទាទោស​ប្រសិន​បើ​មន្ត្រី​ណា​មិន​គោរព​តាម​។ ដើម្បី​បង្កើន​ប្រសិទ្ធភាព វា​គួរតែ​មាន​ឧបករណ៍​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ដែល​ប្រជាជន​សាមញ្ញ​ទូទៅ​អាច​ចូលរួម​បាន​»​។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​សរសរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ប្រាប់​មន្ត្រី​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ និង​មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ដោយ​បាន​កោតសរសើរ​ការខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​យើង​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ជាពិសេស​កិច្ចការ​ទាំងឡាយ​ដែល​ទាក់ទង​ដល់​ការបម្រើការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ​កន្លង​ទៅ​ថ្មីៗ​នេះ​។

លោក​សរសេរ​ថា​៖ «​សមិទ្ធផល និង​ស្នាដៃ​ទាំងអស់​ខាង​លើ​នេះ​ពិតជា​បាន​​រួមចំណែក​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​ដែល​ធ្វើឲ្យ​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៥ នៃ​រដ្ឋសភា ២០១៣-២០១៨ ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ជា​ប្រវតិ្តសាស្ត្រ ពិសេស​សុខសន្តិភាព ស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់​សារធារណ: ការពារ​បាន​នូវ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​»​។

លោក​បន្ត​ថា​ត្រូវ​មើល​ឃើញ​ថា​បញ្ហា​ប្រឈម​នៅ​ចំពោះ​មុខ​យើង​នៅ​មាន​ជាច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៦ (២០១៨-២០២៣) ត្រូវ​ដោះស្រាយ ពិសេស​ការបន្ត​ពង្រឹង សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ជនបទ បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​ផ្លូវ​ ភ្លើង ទឹក​ស្រោចស្រព ទឹកស្អាត និង​អនាម័យ​ជនបទ​។

លោក​បាន​សង្កត់ធ្ងន់​ក្នុង​ន័យ​ដើម​ថា​៖ «​ក្នុង​ន័យ​នេះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ចូល​ប្រឡូក​ក្នុង​កិច្ចការ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​ប្រកប​ដោយ​ឆន្ទ:​យ៉ាង​មោះមុត​បំផុត​លើកតម្កើង​ផលប្រយោជន៍​ជាតិ​ធំ​ជាង​អ្វីៗ​ទាំងអស់ ធ្វើ​អ្វីៗ​ដែល​ជា​អំពើ​ល្អ មិន​បែងចែក មិន​បក្ខពួកនិយម មិន​គ្រួសារនិយម ប្រឆាំង​អំពើ​ពុករលួយ មិន​ប្រើ​អំណាច​ដោយ​រំលោភ​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​កាតព្វកិច្ច​ក្នុង​ការ​បង់​ពន្ធដារ​ដែល​គ្មាន​នរណា​ម្នាក់​រួច​ពី​កាតព្វកិច្ច​នេះ ដែល​អ្នក​ផ្តល់​សេវាសាធាណៈ មិន​ត្រូវ​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ​ទេ ទាំង​អ្នក​ស្រប និង​អ្នក​ប្រឆាំង​ត្រូវ​ទទួល​បាន​សេវា​ដូចៗ​គ្នា​។

លោក​បន្ត​ថា​ដើម្បី​សម្រេច​បាន​ទស្សនវិស័យ​វែងឆ្ងាយ​ត្រូវ​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាក់លាក់​មួយ ដើម្បី​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​ឲ្យ​វា​បាន​កម្រិត​ខ្ពស់​គួបផ្សំ​នឹង​ការដាក់​វិន័យ​តឹងរ៉ឹង​។

លោក​ថ្លែង​ថា​៖ «​រឿង​សំខាន់​ក្រៅតែ​ពី​ការបង្ហាញ​ខ្ញុំ​យល់​ថា​សម្ដេច​ក្រឡាហោម ស ខេង គាត់​លើក​ឡើង​គឺជា​គំនិត​អ្នក​ដឹកនាំ ហើយ​ក៏​ជា​ទស្សនៈ​ផ្ទាល់​របស់​គាត់​ក្នុង​នាម​ជា​អ្នកដឹកនាំ​។ អ៊ីចឹង​គំនិត​របស់​អ្នកដឹកនាំ​គ្រាន់តែ​ជា​រូបភាព​មួយ ប៉ុន្តែ​ដើម្បី​សម្រេច​ឲ្យ​បាន​ទស្សនវិស័យ​វែងឆ្ងាយ​របស់​អ្នក​ដឹកនាំ​ទៅ​លើ​ករណី​ហ្នឹង ការដាក់ចេញ​នូវ​គោលនយោបាយ​ដ៏ជាក់លាក់​មួយ​។ ជាពិសេស​គោលនយោបាយ​ដែល​មាន​ស្រាប់​ធ្វើ​ម៉េច​ឲ្យ​បាន​អនុវត្ត​ដោយ​មន្ត្រី​ថ្នាក់​ក្រោម​ឲ្យ​វា​បាន​កម្រិត​ខ្ពស់​ក្នុង​នោះ​ដែរ​កុំ​ភ្លេច​ក្នុង​ការ​ដាក់​ពិន័យ​ទៅ​មន្ត្រី​ណា​ដែល​ខិលខូច ដែល​មិន​ធ្វើ​តាម​គោល​នយោបាយ ឬ​គោលការណ៍​ផ្សេងៗ​»៕