តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

លោក លឹម វ៉ាត នាយករង តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា សម្បុក​ពង​កូន​សត្វ​ចង្កៀលខ្យង​ចំនួន​ ២១៨៦ ​សម្បុក​បាន​រកឃើញ​នៅលើ​ដើមរាំង​ចំនួន​ ២៧០ ​ដើម​។ សត្វ​ទាំងនេះ​មាន​វត្តមាន​នៅ​តំបន់​ការពារ​ធម្មជាតិ​ព្រែកទាល់ ខេត្ត​បាត់ដំបង ប៉ុន្តែ​នៅ​ឆ្នាំនេះ វា​មក​បន្ត​ពូជ​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ដែល​វា​ជា​រឿង​មួយ​ចម្លែក ហើយ​យើង​ខ្សត់​ព្រៃលិចទឹក​មាន​តែ​គុម្ពោធ​ស្មៅ​ធម្មជាតិ​ទាបៗ​។ វា​ធ្លាប់​មានតែ​មករក​ចំណី តែ​មិនបាន​ធ្វើ​សម្បុក​បន្ត​ពូជ​ទេ​។

លោក​ លឹម វ៉ាត ថ្លែង​ថា​មកដល់​ពេល​នេះ​វត្តមាន​សត្វ​ចង្កៀលខ្យង​មាន​ប្រមាណ​ជាង​ ១ ​ម៉ឺន​ក្បាល​មក​រស់នៅ​តំបន់​នេះ ដែល​ទាំងនេះ​ដោយសារ​តែ​សន្តិសុខ​ទីជម្រក​សម្រាប់​ពួកវា ហើយ​ពេល​នេះ​មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ខិតខំ​ធ្វើការ​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​អត្ថប្រយោជន៍​នៃ​សក្ដានុពល​សត្វ​ស្លាប​ទាំងនេះ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ធ្វើការ​យាមល្បាត​ជា​រៀងរាល់​យប់-ថ្ងៃ បង្ការ​ទប់ស្កាត់​បទល្មើស​មិន​ឱ្យ​កើតមាន​ឡើយ និង​ខិតខំ​ស្តារ​ទីជម្រក​ដោយ​ធ្វើការ​ដាំ​ដើមឈើ​ជា​ព្រៃ​លិចទឹក​ឡើងវិញ ដែល​សហគមន៍​យើង​កំពុង​ធ្វើការ​ផ្សាំ​កូនឈើ​ប្រមាណ​ជាង​ ៤ ០០០ ​ដើម​។ បើ​យើង​បណ្តែតបណ្តោយ​មិន​យកចិត្ត​ទុកដាក់​ទេវា​នឹង​វិនាស​អស់ហើយ​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក ឆយ ម៉ុនលី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​តាកែវ​ឱ្យ​ដឹង​ដែរ​ថា ការធ្វើ​សម្បុក​ពង​កូន​របស់​សត្វ​ចង្កៀលខ្យង​នៅ​តំបន់​នេះ​មានន័យថា ភូមិសាស្ត្រ​នេះ​បាន​ផ្តល់​នូវ​ទីជម្រក​សុវត្ថិភាព​ដល់​ពួកវា​។ លោក​ថា​៖ «​មន្ទីរបរិស្ថាន​ដែល​ជា​អង្គភាព​គ្រប់គ្រង​តំបន់​ការពារ​ទេសភាព​នេះ​ដោយផ្ទាល់​មាន​សេចក្តី​សោមនស្ស​រីករាយ​ជាខ្លាំង​ចំពោះ​កំណើន​សត្វ និង​កំណត់ត្រា​ថ្មី​នេះ​។ យើង​នឹង​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ថែមទៀត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ សហគមន៍ និង​អង្គការ​ដៃគូ ដើម្បី​ការពារ​ទីជម្រក​ព្រៃ​លិច​ទឹក​នេះ​មិនឱ្យ​បាត់បង់​»​។

បឹង​ព្រែកល្ពៅ ជា​តំបន់​ដីសើម​ដ៏ធំ​មួយ​ដែល​ស្ថិតនៅក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្រោម និង​ត្រូវ​បាន​កំណត់​ជា​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ៩ ខែ​សីហា ឆ្នាំ​ ២០១៦ ​ដែល​មាន​ភូមិសាស្ត្រ​ក្នុងស្រុក​បុរី​ជលសា និង​ស្រុក​កោះអណ្តែត ខេត្ត​តាកែវ​។ តំបន់​ដីសើម​នេះ​មាន​សារៈសំខាន់​ក្នុង​ការទ្រទ្រង់ ផ្គត់ផ្គង់ និង​ជា​ទីជម្រក​របស់​សត្វ​ស្លាប រុក្ខជាតិ មច្ឆជាតិ និង​សត្វព្រៃ​ផ្សេងៗ​ដែល​ក្នុងនោះ​មាន​សត្វ និង​រុក្ខជាតិ​មួយចំនួន​មិនទាន់​បាន​កត់ត្រា​លម្អិត​នៅឡើយ​ទេ​។

នាយក​កម្មវិធី​ប្រចាំ​នៅ​កម្ពុជា​នៃ​អង្គការ​សត្វ​ស្លាប​អន្តរជាតិ​លោក ប៊ូ វរសក្ស បានលើក​ឡើង​នៅក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ២០២០ ​ថា ទីជម្រក​ព្រៃ​លិចទឹក​វាលស្មៅ និង​តំបន់​ដីសើម​នេះ​ផ្តល់​ប្រយោជន៍​មិនអាច​កាត់ថ្លៃ​បាន​ក្នុង​ការគាំទ្រ​ជីវភាព​ប្រជាសហគមន៍ សត្វព្រៃ និង​ធនធាន​ជីវចម្រុះ​។

លោក​​ថា​៖ «​ការរកឃើញ​សំបុក​ពង​កូន​សត្វ​ចង្កៀលខ្យង​នេះ ជា​ភ័ស្តុតាង​យ៉ាងច្បាស់​ថា តំបន់​ដីសើម​នេះ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​សត្វ​ក្រៀល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏មាន​សក្តានុពល​សម្រាប់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត​»​។

លោក ប៊ូ វរសក្ស បន្តថា ដើម្បី​រក្សា​តម្លៃ​ជា​សកល​នៃ​តំបន់​ដីសើម​នេះ​អង្គការ BirdLife សុំឱ្យ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដូចជា​ការទន្ទ្រាន​យក​ដី ការរំខាន និង​ការបំពុល​ជាដើម ហើយ​ជាពិសេស​ពន្លឿន​ការកំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង​។

ក្នុង​នោះ​ដែរ​លោក Saber Masoomi អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ WWT បានឱ្យដឹង​ដែរ​ថា តំបន់​ដីសើម​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន ៥ ០០០ ​គ្រួសារ​ ក្នុង​ភូមិ​ចំនួន​ ២២ ​ក្នុង​តំបន់​នោះ​តាមរយៈ​ការផ្តល់​ជា​ទឹកសាប ត្រី និង​រុក្ខជាតិ​ឱសថ​។ លោក​ថា ក្នុងនាម​ជា​ដៃគូ WWT នឹង​បន្ត​ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នៅ​តំបន់​នេះ​បន្តទៀត​។

ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់​ដីសើម​ទឹកសាប​នៃ​​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្រសួង​បរិស្ថាន​លោក ស្រី ស៊ុនលាង ឱ្យដឹងថា ការកើនឡើង​នូវ​ចំនួន​សត្វ​ចង្កៀលខ្យង​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ គឺ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​។

លោក​ប្រាប់ថា​៖ «​ពិតណាស់ ការងារ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ វា​មិនមែន​ជា​បន្ទុក​របស់​ក្រសួងបរិស្ថាន​តែ​ម្នាក់​នោះទេ​គឺ​វា​ទាមទារ​ឱ្យ​ការចូលរួម​សហការ​គ្នា​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់ ទើប​ការអនុវត្ត​ការងារ​នេះ​ប្រកប​ដោយ​រលូន​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

សត្វ​ចង្កៀល​ខ្យង​ត្រូវបាន​កត់ត្រា​មាន​វត្តមាន​នៅ​តំបន់​បឹង​ព្រែកល្ពៅ​តាំងពី​ឆ្នាំ​ ២០០៣ ​មក​ម្ល៉េះ​ដែល​កាលនោះ​មាន​ប្រហែល​ជាង​ ១០០ ​ក្បាល​ប៉ុណ្ណោះ ហើយ​ចំនួន​សត្វ​នេះ​បាននិង​កំពុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរឱ្យ​កត់សម្គាល់​៕