មន្រ្ដីជាន់ខ្ពស់នៃក្រសួងយុត្ដិធម៌បញ្ជាក់ថា សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្ដិការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជាជាមួយប្រទេសជាមិត្ដ មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ ទប់ស្កាត់បទល្មើស ឬឧក្រិដ្ឋកម្មឆ្លងដែន ប៉ុន្ដែសង្គមស៊ីវិលបារម្ភសន្ធិសញ្ញានេះអាចក្លាយជាឧបករណ៍នយោបាយទប់ស្កាត់ចលនាប្រឆាំងរាជរដ្ឋាភិបាលពីក្រៅប្រទេស។
ក្រសួងយុត្ដិធម៌នៅថ្ងៃនេះបានជូនដំណឹងស្ដីសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ដែលបានចូលជាធរមានមាននៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ថ្លែងនៅថ្ងៃនេះថា ក្នុងវិស័យព្រហ្មទណ្ឌ កិច្ចសហប្រតិបត្ដិការដែលគ្រប់ជ្រុងជ្រោយមាន ៣ គឺទី១ សន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ ២ សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត និង ៣ សន្ធិសញ្ញាស្ដីពីបត្យាប័ន។
លោកថ្លែងថា៖ «សន្ធិសញ្ញា គឺជាការពង្រឹងកិច្ចសហប្រតិបត្ដិការ ក្នុងវិស័យព្រហ្មទណ្ឌ ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបនូវបទល្មើសឬក៏ឧក្រិដ្ឋកម្មឆ្លងដែន។ តាមរយៈសន្ធិសញ្ញានេះ យើងមានការផ្លាស់ប្ដូរព័ត៌មានកិច្ចសហការក្នុងការអនុវត្ដដីកាតាមចាប់ខ្លួន កិច្ចសហការក្នុងការផ្លាស់ប្ដូរឯកសារផ្នែកច្បាប់ លើនីតិវិធីតាមផ្លូវច្បាប់តាមប្រទេសនីមួយៗ»។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ សន្ធិសញ្ញានៃការជួយគ្នាទៅវិញទៅមកនេះ គឺមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងប្រទេសហត្ថលេខីក្នុងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើស ឬឧក្រិដ្ឋកម្មឆ្លងដែន។
លោក ជិន ម៉ាលីន បញ្ជាក់ថា៖ «កន្លងមកកម្ពុជាយើងមានកិច្ចព្រមព្រៀងស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌនេះនៅតាមប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជាមិត្ដមួយចំនួន។ យើងនឹងខិតខំចរចា ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការលើសន្ធិសញ្ញាទាំងនេះជាមួយគ្រប់បណ្ដាប្រទេសជាមិត្ដទាំងអស់ដែលយើងមានកិច្ចសហប្រតិបត្ដិការនឹងគ្នា»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាយល់ស្របថា កិច្ចសហប្រតិបត្ដិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា ជាមួយប្រទេសជាមិត្ដនេះ គឺជារឿងល្អ ដើម្បីលើកកម្ពស់ និងបង្កើនទាំងលទ្ធភាព និងប្រសិទ្ធភាពនៃការងារផ្នែកច្បាប់ក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែបើសន្ធិសញ្ញានេះត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ វាជាការរំលោភសិទ្ធិ សេរីភាពក្នុងរបបប្រជាធិបតេយ្យនៅកម្ពុជា។
លោកថ្លែងថា៖ «បើសន្ធិសញ្ញានេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយក្នុងការទប់ស្កាត់ចលនានយោបាយណាមួយ ដែលជាចលនាប្រឆាំងនឹងរាជរដ្ឋាភិបាលឬក៏គណបក្សកាន់អំណាច កិច្ចព្រមព្រៀងនេះវានឹងក្លាយទៅជាឧបករណ៍ដែលរឹតត្បិតសិទ្ធិសេរីភាព និងអាចឈានទៅដល់ការរំលោភសិទ្ធិមនុស្ស និងប៉ះពាល់ទៅដល់ដំណើការប្រជាធិបតេយ្យនៅកម្ពុជា។ ជាពិសេសចំពោះសកម្មជននយោបាយខ្មែរមួយចំនួននៅប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន»។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០។
សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់នេះ មានគោលបំណងកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ៕