បាត់ដំបង: មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​ពី​ម្សិលមិញ​បាននិង​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​អាជីវកម្ម​ឡធ្យូង​ចំនួន​ ៩ ​ឡ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ​ស្ថិត​នៅ​ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ដោយ​បាន​រឹបអូស​កាំភ្លើង​ស្នុកដូង ពូថៅ និង​ខ្សែអន្ទាក់​សម្រាប់​ទាក់​សត្វព្រៃ​មួយចំនួន ខណៈ​ដែល​ម្ចាស់​ឡធ្យូង​បាន​រត់​គេចខ្លួនបាត់​។

លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​ថ្លែង​ថា ឡ​ដុត​ធ្យូង​ទាំង ៩ ​ឡ​នេះ​មាន​លក្ខណៈ​តូចៗ​ដែល​សមត្ថកិច្ច​បាន​ចុះ​ល្បាត ហើយ​ជួប​ប្រទះឃើញ​នៅក្នុង​ព្រៃ​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ ហើយ​សមត្ថកិច្ច​បាន​រឹបអូស​កាំភ្លើង​ស្នុក​ដូង​ចំនួន​ ២ ​ដើម​ដែល​សម្រាប់​បាញ់​សត្វព្រៃ​មាន​ពូថៅ ២ ​ដើម និង​អន្ទាក់​មួយ​ចំនួន​ទៀត​។

លោក​បន្តថា ជនសង្ស័យ​ដែល​ជា​ម្ចាស់​ឡ​ដុត​ធ្យូង​ខុស​ច្បាប់​នេះ​បាន​រត់គេចខ្លួន​បាត់​អស់ ខណៈ​ដែល​សមត្ថកិច្ច​ទៅ​ដល់​ទីតាំង​នោះ​ដោយ​ពួកគាត់​ជា​អ្នក​ចំណាកស្រុក មក​ប្រកប​មុខរបរ​ដុត​ធ្យូង​លួចលាក់ ដើរ​បាញ់​សត្វព្រៃ និង​កាប់​ឈើ​ជាដើម​។ ពួកគាត់​បានដឹង​មុន​ថា មាន​មន្ត្រី​បរិស្ថាន​ចុះ​ល្បាត​ទើប​ពួកគាត់​នាំគ្នា​រត់គេច​ខ្លួន​បាត់​អស់​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​ចល័ត ប្រសិន​ពួកគាត់​កាប់​ព្រៃ​តំបន់​មួយ​អស់ហើយ គាត់​នាំគ្នា​ទៅ​កាប់​នៅ​តំបន់​ផ្សេង​ទៀត អ៊ីចឹង​គាត់​ចល័ត​រហូត​គឺ​មិនមែន​គាត់​ធ្វើ​តែមួយ​កន្លែង​ទេ ព្រោះ​គាត់​គ្មាន​មធ្យោបាយ​ដឹកជញ្ជូន​ឈើ និង​ដឹក​ធ្យូង​ចេញ​គឺ​គាត់​ប្រើ​កាំបិត ពូថៅ​ធម្មតាៗ​ទេ​។ ការប្រកបរបរ​របស់​ពួកគាត់​នេះ​ប្រសិន​បើ​មិន​ប្រញាប់​ទប់ស្កាត់​ទេ គឺ​ហិនហោច​ទាំង​ព្រៃឈើ និង​សត្វព្រៃ​ផងដែរ​»​។

លោក​ បូរ៉ាន់ បន្ថែមថា សមត្ថកិច្ច​ជំនាញ​បាននិង​កំពុង​ស្វែងរក​ម្ចាស់​ឡធ្យូង​ដែល​បាន​បើក​អាជីវកម្ម​ខុសច្បាប់​ទាំងនេះ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​។ បន្ថែម​លើ​នេះ​មន្ត្រី​បរិស្ថាន​បាន​ដាក់​ផែនការ​ចុះ​ល្បាត​ជាប្រចាំ​ដោយ​កំណត់​ក្នុង​ ១ ​សប្ដាហ៍​ចុះ​ល្បាត​ ២ ​លើក ប៉ុន្ដែ​ប្រតិបត្តិការ​នេះ​នៅ​មាន​បញ្ហា​កង្វះខាត​ថវិកា​សម្រាប់​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើដំណើរ និង​ការហូបចុក​។

មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា លោក​បាន​ចុះ​ល្បាត​ចំនួន ៧ នាក់​ ដោយ​ធ្វើដំណើរ​តាម​ម៉ូតូ ហើយ​បាន​ចូល​ទៅ​ដល់​កណ្ដាល​ព្រៃ​សំកុស ស្រាប់តែ​ជួបប្រទះ​ឃើញ​មាន​ឡ​ដុត​យក​ធ្យូង​ចំនួន​ ៩ ឡ ប៉ុន្ដែ​មិន​បាន​ឃើញ​មនុស្ស​ទេ ដោយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់អស់​។

លោក​បញ្ជាក់ថា​៖ «​ពេល​ដល់​ទីតាំង​ឡធ្យូង​ហ្នឹង យើង​បាន​វាយកម្ទេច​ចោល រុះរើ​រោង​ស្នាក់នៅ​របស់​ជនល្មើស​ចោល ហើយ​យើង​បាន​រកឃើញ​សម្ភារ​ល្មើស​មួយចំនួន​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស​។ ខ្ញុំ​អត់​ដឹងថា គ្នា​គាត់​មាន​ប៉ុន្មាន​នាក់​ទេ ព្រោះ​ខ្ញុំ​ទៅ​ដល់​ហ្នឹង គេ​រត់គេច​ខ្លួន​អស់ហើយ​»​។

របាយការណ៍​របស់​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ២៧ ខែ ​មករា ឆ្នាំ​ ២០២០ មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុស​បាន​ចុះ​ល្បាត​ក្នុង​តំបន់​អូរត្រីរ៉ស់​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​បាន​ឃើញ​ឡ​ដុត​ធ្យូង​ ១ ​កន្លែង ​មាន​ចំនួន ៩ ឡធ្យូង​។ របាយការណ៍​បន្តថា កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​បាន​ធ្វើការ​វាយ​កម្ទេចចោល​ទាំងស្រុង​នូវ​ឡ​ដុត​ធ្យូង​ទាំង ៩ ​ឡ​នោះ ហើយ​សមត្ថកិច្ច​ជំនាញ​បាននិង​កំពុង​តាម​ស៊ើប​រកមុខ​ជនល្មើស ដើម្បី​ធ្វើការ​ពិន័យ​មិន​ឲ្យ​មាន​ការ​ធ្វើ​ឡធ្យូង​នៅក្នុង​តំបន់​ការពារ​ជា​លើក​ទី​ ២​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា​៖ «​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយចំនួន​ដូចជា កាំភ្លើង​ស្នុកដូង​ចំនួន ២ ​ដើម ពូថៅ​ចំនួន ២ ដើម និង​ខ្សែ​អន្ទាក់​សត្វព្រៃ​ចំនួន ១០ ​ខ្សែ​។ វត្ថុតាង​ត្រូវបាន​កម្លាំង​ឧទ្យានុរក្ស​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​ដែន​ជម្រក​​សត្វព្រៃ​ភ្នំ​សំកុស​»៕