ភ្នំពេញៈ សមត្ថកិច្ច​នៃ​អគ្គស្នងការ​នគរបាលជាតិ​កំពុង​សាង​សួរ​ជនសង្ស័យ​ជាតិចិន​ចំនួន​ ២៦​ នាក់ បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​​អាច​នឹង​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ ក្រោយ​រៀបចំ​នីតិវិធី​ចប់​។

កាលពី​ថ្ងៃទី​ ១៣ ខែធ្នូ សមត្ថកិច្ច​ចម្រុះ​កម្ពុជា ចិន បាន​ចុះ​​ឆែកឆេរ​ក្នុង​លំនៅឋាន​ចំនួន​ ២​ កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ឃាត់ខ្លួន​ក្រុម​ជនជាតិ​ចិន​ប្រុស​ស្រី ២៦ ​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​នៅ​ប្រទេស​ ចិន ហើយ​បាន​រត់​មក​លាក់ខ្លួន​នៅ​កម្ពុជា​។

លោក តេង សាម៉ៃ អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា បន្ទាប់ពី​ទទួល​បាន​ដីកា​អនុវត្ត​របស់​ប្រទេស​ ចិន សមត្ថកិច្ច​ចម្រុះ​ដែល​មាន​ភាគី​ចិន​ចូលរួម​ផងដែរ​នោះ​បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ ២៦ ​នាក់​នៅ​ ២ ​ទីតាំង​ផ្សេងគ្នា​ដោយ​ទីតាំង​ ១ នៅ​បុរីសាន ស៊ានហូ ក្នុង​ភូមិ​គីឡូម៉ែត្រ​ ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ដោយ​​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ជាតិចិន​ ២ ​នាក់ និង​ទីតាំង​ទី​ ២ នៅ​ភូមិ​អូរជ្រៅ សង្កាត់-ក្រុង​ប៉ោយប៉ែត ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ ២៤ ​នាក់​ក្នុងនោះ​ស្រី​ ៤ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​បញ្ជូន​ជនជាតិ​ចិន​ហ្នឹង​ទៅ​ក្រសួង​មហាផ្ទៃ​រង់ចាំ​បញ្ជូន​ទៅ​ក្រៅប្រទេស​ដែល​ជា​ប្រទេស​​គេ​វិញ​។ ការងារ​ហ្នឹង យើង​គ្រាន់តែ​សហការ​តែ​ប៉ុណ្ណោះ ខាង​អយ្យការ​ខេត្ត​បន្ទាយមានជ័យ ចុះ​ផ្ទៀងផ្ទាត់​ដីកា​ចាប់​ និង​ឈ្មោះ​របស់​ជនជាតិ​ចិន​ដែល​មាន​នៅក្នុង​ទីតាំង​នេះ​»​។

លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​បន្ថែម​កាលពី​ម្សិលមិញ​ថា ក្រោយ​ឃាត់ខ្លួន​ភ្លាមៗ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​​ចាត់វិធានការ​តាម​នីតិវិធី ព្រោះ​ជនសង្ស័យ​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​នៅ​​ប្រទេស​ចិន​។

លោក​បញ្ជាក់ថា​៖ «​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ​រួចមក សមត្ថកិច្ច​ចងដៃ​នឹង​ខ្សែ​សុវត្ថិភាព រួច​ដឹក​តាម​រថយន្តក្រុង​ប្រភេទ​ ៤៥ ​កៅអី ចេញ​ពី​ក្រុង​ប៉ោយប៉ែត​ទាំង​ព្រលប់​តែម្ដង ដើម្បី​យក​ទៅ​ចាត់ការ​ទៅ​​តាម​នីតិវិធី​ច្បាប់​នៅក្នុង​ប្រទេស​ចិន​នាពេល​ខាង​មុខ​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​យ៉ាងខ្លី​កាលពី​ម្សិលមិញ​ថា ករណី​នេះ​ជំនាញ​កំពុង​សាកសួរ​ក្រុម​ជនសង្ស័យ​ទាំងនោះ និង​បន្ត​ឃុំខ្លួន​ដើម្បី​រង់ចាំ​នីតិវិធី​បន្ត​។ លោក​បញ្ជាក់ថា​៖ «​ឲ្យ​ជំនាញ​គេ​ធ្វើការ​សិន ត្រូវ​ធ្វើ​កំណត់ហេតុ ធ្វើ​អី​ច្រើន​ទៀត​។ ទុកពេល​ឲ្យ​យើង​ធ្វើការ​សិន​ណា​កុំ​ឲ្យ​បែក​រឿង​ច្រើន​»​។

យ៉ាងណា​លោក ឆាយ គឹមខឿន មិន​បាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការបញ្ជូន​ពួកគេ​ទាំង​ ២៦ ​នាក់​នោះ​ទៅ​ប្រទេស​កំណើត​វិញ​នោះទេ​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​អង្គការ​សមាគមអាដហុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជាទូទៅ​ករណី​នៃ​ការសហការ​ជាមួយ​ប៉ូលិស​បរទេស​ដើម្បី​បង្ក្រាប​បទល្មើស​​ផ្សេងៗ​នៅលើ​ទឹក​ខ្លួន​គឺជា​រឿង​​ដែល​កម្រ​កើតមាន លុះត្រា​តែ​ជា​បទល្មើស​អន្តរជាតិ​។

ប៉ុន្តែ​ករណី​នេះ​លោក​មិន​ច្បាស់​ថា ជនសង្ស័យ​ទាំងនោះ​មាន​កំហុស​ពិតប្រាកដ​ឬ​យ៉ាងណា​ទេ​ដែល​លោក​ចង់​ឲ្យ​មាន​ការស៊ើប​អង្គេត​ឲ្យ​បាន​ច្បាស់ ព្រោះ​ការបញ្ជូន​ជនសង្ស័យ​ទៅ​ប្រទេស​កំណើត​វិញ​ក៏​មិនមែន​សុទ្ធតែ​ល្អ​ដែរ​។

លោក​ថា​៖ «​យើង​ពិបាក​ក្នុង​ការស៊ើបអង្កេត ថា​តើ​ជនជាតិ​ទាំងអស់​ហ្នឹង​ប្រាកដ​ជា​មាន​បទល្មើស​នៃ​ការប្រព្រឹត្ត​បែប​ហ្នឹង​មែន​អត់​?​យើង​ខ្លាច​ថា អ្នកទាំងអស់​ហ្នឹង​ឲ្យ​តែ​ចាប់​មាន​ការចោទប្រកាន់​ស្របពេល​ប្រទេស​ចិន កំពុង​មាន​បញ្ហា​ផ្នែក​សកម្មជន​ទាមទារ​តវ៉ា​មួយចំនួន​»​។

លោក​បាន​បញ្ជាក់ថា​៖ «​យ៉ាងណា​ក៏ដោយ យើង​មិន​គាំទ្រ​ឲ្យ​មាន​ជនល្មើស​ឲ្យ​មក​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​នៃ​ប្រទេស​យើង​ទេ​។ ប្រសិន​ជា​មាន​ការប្រព្រឹត្ត​នូវ​បទល្មើស​ក្នុង​ទឹកដី​យើង គួរតែ​មាន​ការផ្តន្ទាទោស​តាមច្បាប់​ប្រទេស​យើង​»​។

តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បានដឹងថា គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៤ ​ដល់​ខែ​កក្កដា​ឆ្នាំ​នេះ​អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញចេញ​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​ជាង ២ ៧០០ នាក់ ​ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង ២ និង​ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​របស់​កម្ពុជា ខណៈ​គិត​​ត្រឹម​ខែ​សីហា​ឆ្នាំនេះ​មាន​ជនជាតិចិន​ប្រមាណ ២០ ​ម៉ឺន​នាក់ ​កំពុង​ស្នាក់នៅ​កម្ពុជា​ក្នុង​នោះ​មាន​ជាង ៧៨ ០០០ នាក់​ កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ​៕