ភ្នំពេញៈ នគរបាល​ខណ្ឌ​កំបូល​កំពុង​បន្ត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​បុរស​ម្នាក់ ហើយ​អូស​ទម្លាក់​ទឹកត្រពាំង ដែល​សាកសព​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទឹក​ត្រពាំង​ ១ ​កន្លែង​ កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ ក្នុងភូមិ​ទួលតាឡាត់ សង្កាត់-ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

លោក ផាន់ ភឿន នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​កំបូល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៦ កុម្ភៈ​ ថា​ពាក់ព័ន្ធ​សំណុំរឿង​ឧក្រិដ្ឋ​នេះ​សមត្ថកិច្ច​ខណ្ឌ​កំបូល កំពុង​ស្វះស្វែងរក​ជនសង្ស័យ ដើម្បី​កំណត់​អត្តសញ្ញាណ​។ ប៉ុន្តែ​រហូតដល់​ថ្ងៃទី​ ២៦ កុម្ភៈ​នេះ​ការស្វែងរក​ជនសង្ស័យ​នៅ​មិនទាន់​ទទួល​បាន​តម្រុយ​ណាមួយ​នៅឡើយ​ទេ​។ រីឯ​ជនរងគ្រោះ​ក៏​សមត្ថកិច្ច​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​ដែរ​ដើម្បី​រក​សាច់ញាតិ​ឈាន​ទៅ​រក​ការកំណត់​អត្តសញ្ញាណ​។

លោក​ថ្លែងថា​៖ «​បើទោះ​ជា​ពេលនេះ​យើង​មិនទាន់​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនល្មើស​ក្តី តែ​សមត្ថកិច្ច​យើង​ខំ​ដុតដៃ​ដុតជើង​រក​ជនល្មើស​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​»​។

លោក​ប្រាប់ថា មុន​មាន​ការភ្ញាក់ផ្អើល​ពី​មនុស្ស​ស្លាប់​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៤ ​នាក់​ បាន​ទៅ​ដក​ក្រឳ​ឈូក និង​បាច​ត្រី​នៅក្នុង​ត្រពាំង​ដាំ​ឈូក​។ ពេលនោះ​ពួកគាត់​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​ទឹក ហើយ​ឃើញ​មាន​ចំណង​ចងដៃ​ចងជើង​ផង​។ ភ្លាមៗ​នោះ​ពួកគាត់​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​កំបូល​របស់​លោក ហើយ​លោក​ក៏បាន​ជូនដំណឹង​ទៅ​ខណ្ឌ​កំបូល​ដើម្បី​មាន​ការចុះពិនិត្យ​ដល់​កន្លែងកើតហេតុ​។

លោក​បន្តថា នៅ​កន្លែង​កើតហេតុ​ក្បែរ​ទឹក​ត្រពាំង​នោះ​មាន​គម្ពោត​ព្រៃ​គុម្ពរ​ពាក់​នៅលើ​ទួល​មួយ និង​មាន​ព្រៃ​បន្លា​ស្អិត​ផងដែរ​។ តាម​ជំនាញ​នគរបាល​កោសល្យវិច័យ​សន្និដ្ឋានថា ជនរងគ្រោះ​ត្រូវ​បានជនល្មើស​សម្លាប់​នៅក្បែរ​គម្ពោត​ព្រៃ​នោះ​ហើយ​ជនល្មើស​ចងដៃ​ចងជើង​ជនរងគ្រោះ​អូស​ទម្លាក់​ក្នុង​ទឹក​ដែលមាន​ជម្រៅ​ត្រឹម​ស្មងជើង​មនុស្ស​ចាស់​ប៉ុណ្ណោះ​។ អំណះអំណាង​ពី​ការធ្វើ​កោសល្យវិច័យ​នោះ​បង្ហាញថា​ជនរងគ្រោះ​អាច​ត្រូវគេ​សម្លាប់​នៅ​យប់​ថ្ងៃទី​ ២៤ កុម្ភៈ​។

លោក​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​អាយុ​ប្រហែល​ជិត​ ៣០ ​ឆ្នាំ​ ហើយ​ពាក់អាវ​ពណ៌​ប្រផេះ ដៃ​វែង​ក្រឡា​តូចៗ​ និង​ស្លៀកខោ​ជើងវែង​ដែល​មាន​ពណ៌​ដូច​អាវ​ដែរ​។ ចំពោះ​ការសន្និដ្ឋាន​អំពី​ចំនួន​ជនសង្ស័យ​វិញ​លោក​ ផាន់ ភឿន បញ្ជាក់ថា បើ​ម្នាក់​ទល់​ម្នាក់​គឺ​គេ​មិនអាច​សម្លាប់​ជនរងគ្រោះ​បានទេ តែ​អាច​មនុស្ស​ពី​ ២ ​នាក់ ទៅ​ ៣ ​នាក់​ទើប​អាច​សម្លាប់​ជនរងគ្រោះ​បាន​។

ក្រោយពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួចហើយ សមត្ថកិច្ច​បាន​ដឹក​សព​យកទៅ​តម្កល់​នៅ​វត្ត​អង្គ​បឹងចក​ក្នុង​ភូមិ​អង្គ​បឹងចក សង្កាត់-ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

លោក​វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន​ គ្រូពេទ្យ​ឯកទេស​ខាង​កោសល្យវិច័យ​លើ​សាកសព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ កុម្ភៈ​ថា សាកសព​ត្រូវបាន​ជនសង្ស័យ​ចាក់​សម្លាប់​នឹង​អាវុធ​មុខស្រួច​ចំនួន​ ៧ ​កន្លែង​។ ស្នាម​ចាក់​មួយៗ​មាន​ជម្រៅ​លិច​កប់​សាច់​ជ្រៅ និង​មាន​ចងដៃ​ចងជើង​ផង​។ រហូត​មក​ដល់​ថ្ងៃទី​ ២៦ កុម្ភៈ សមត្ថកិច្ច​មិនទាន់​កំណត់សម្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​បាន​នៅឡើយ​ទេ​។

លោក​ប្រាប់ថា​៖ «​អ្វីដែល​ខ្ញុំ​ពិនិត្យឃើញ​ស្លាកស្នាម​ចាក់​នៅលើ​ដើមទ្រូង​ និង​ខ្លួន​ដែល​ខ្ញុំ​បាន​មើលឃើញ​»​។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា តាមរយៈ​ការធ្វើ​កោសល្យវិច័យ​គឺ​ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​សម្លាប់​ក្នុង​យប់​ថ្ងៃទី​ ២៤ ​ម៉ោង​ខ្ទង់​ចន្លោះ​ពី​ម៉ោង​ ១១-១២ ​យប់​។ ព្រោះ​ស្ថានភាព​សាកសព​បង្ហាញថា​នៅ​មិនទាន់​ហើម​ ឬ​ធុំក្លិន​នៅឡើយ​ទេ​។

លោក​ប្រាប់​បន្ថែមថា​នៅក្បែរ​កន្លែង​កើតហេតុ​នោះ​លោក​ឃើញ​មាន​គម្ពោត​ព្រៃរបោះ​មួយ ហើយ​មាន​ស្នាម​ជក់​គ្រឿងញៀន​ដូចជា​មាន​ទុយោជ័រ​ផង​ហើយ​មាន​ស្នាម​ឈាម​ពី​ទួល​រហូត​ដល់​មាត់ទឹក​។ មានន័យថា ជនល្មើស​បាន​សម្លាប់​ជនរងគ្រោះ​ហើយ​យក​ទៅ​ទម្លាក់ចោល​ក្នុង​ទឹក​៕