ពោធិ៍សាត់ៈ ឈើចម្រុះជាច្រើនប្រភេទមានប្រមាណជិត ១០០ ម៉ែត្រគុប ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការកងឯកភាពស្រុកភ្នំក្រវាញស្រាវជ្រាវ និងរឹបអូសបានពីក្នុងព្រៃ ក្បែរតំបន់ព្រៃការពារភ្នំក្រវាញ ប៉ុន្តែពុំមានការចាប់ឃាត់ខ្លួនជនជាប់សង្ស័យណាម្នាក់នោះទេ។ នេះបើយោងតាមមន្ត្រីពាក់ព័ន្ធដែលបានចូលរួមនៅក្នុងប្រតិបត្តិការនេះកាលពីម្សិលមិញ។
លោក តាន់ គារិទ្ធ អធិការស្រុកភ្នំក្រវាញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្នុងរយៈពេល ៥ ថ្ងៃ នៃយុទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលចាប់ផ្ដើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ ក្រុមសមត្ថកិច្ចចម្រុះបានរុករកឃើញឈើអារយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានគេលាក់ទុកនៅក្នុងព្រៃជាច្រើនកន្លែងផ្សេងគ្នា នៅក្នុងភូមិសាស្ត្រទឹកដីឃុំសំរោង និងឃុំរកាត។
លោក គារិទ្ធ បាននិយាយថា៖ «ឈើទាំងនោះត្រូវបានក្រុមកម្លាំងសមត្ថកិច្ចចម្រុះ ប្រមូល និងដឹកជញ្ជូនយកមករក្សាទុកជាបណ្ដោះអាសន្ននៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរង់ចាំការវាស់វែងពីក្រុមគណៈកម្មការជំនាញ»។
ចំណែកលោក មាស សោភ័ណ្ឌ នាយរងសង្កាត់រដ្ឋបាលព្រៃឈើសំរោង បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ឈើដែលក្រុមសមត្ថកិច្ចចម្រុះបង្ក្រាប និងរឹបអូសបាន នៅក្នុងប្រតិបត្តិការនាប៉ុន្មានថ្ងៃកន្លងមកនេះ ភាគច្រើនជាឈើរាជកុល (ឈើប្រភេទលេខ ៣) ក្រៅពីនោះ ជាឈើប្រភេទលេខ ១ និង លេខ ២ ដែលរួមមាន សុក្រំ ផ្ចឹក ស្រឡៅ ឈើទាល ផ្ដៀក។
លោកបញ្ជាក់ថា៖ «ឈើទាំងនោះមានចំនួន ១៥ រថយន្តធំៗ និងភាគច្រើនត្រូវបានគេអារជាក្ដារបន្ទះ ជាគ្រឿងផ្ទះ និងជាឈើអារ ៤ ជ្រុងទ្រវែងធំៗ»។
លោកបន្តថា៖ «ប៉ុន្តែមកទល់ពេលនេះ ឈើទាំងនោះនៅមិនទាន់វាស់វែងនៅឡើយទេ ព្រោះវាមានចំនួនច្រើន ដែលត្រូវទាមទារឲ្យមានការរៀបចំគណៈកម្មការចម្រុះមួយ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃទៅលើការងារវាស់វែងឲ្យបានច្បាស់លាស់»។
ទោះជាបែបណាក្ដី លោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញដែលដឹកនាំក្រុមកម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការស្រាវជ្រាវ រុករក និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ភូមិសាស្ត្រខាងលើនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយប៉ាន់ប្រមាណអំពីចំនួនឈើទាំងនោះថា មានចំនួនប្រមាណជិត ១០០ ម៉ែត្រគុប។
លោក សាហុង បញ្ជាក់ថា៖ «កម្លាំងរបស់យើងបានប្រមូលវាពីច្រើនកន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំសំរោង និងឃុំរកាត ហើយយើងបានប្រើរថយន្តកែច្នៃសម្រាប់ដឹកឈើចំនួន ១៥ គ្រឿងទើបដឹកវាអស់»។
បើតាមលោក សាហុង ការវាស់វែងឈើទាំងនោះ នឹងត្រូវធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។
បើតាមមន្ត្រីសមត្ថកិច្ចក្នុងប្រតិបត្តិការនេះ ក្រៅពីរកឃើញឈើ ពុំមានការឃាត់ខ្លួនជនពាក់ព័ន្ធណាម្នាក់ទេ៕