កំពង់ធំ ក្រុមនគរបាលយុត្តិធម៌ខេត្ត កំពង់ធំ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ បានបំបែកសំណុំរឿងឃាតកម្មដ៏ឃោឃៅដែលប្តីបានសម្លាប់ប្រពន្ធចុង ហើយបានយកសពទៅកប់ចោល ក្នុងដីចម្ការ បន្ទាប់ពីសមត្ថកិច្ចបានសម្រេចគាស់យកសពស្ត្រីរងគ្រោះចេញពីផ្នូរ មកធ្វើកោសលវិច័្ចយ។ នេះបើតាម លោក ទិត សំណាង ស្នងការរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ។
លោក សំណាង បានថ្លែងថា កាលពីព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរាយការណ៍ថា បានធំខ្លិនស្អុយចម្លែកម្យ៉ាង ដូចជាខ្លិនសាកសព និង បានប្រទះឃើញដានស្នាមកប់លុបរណ្ដៅដីដ៏គួរឲ្យសង្ស័យមួយ នៅក្នុងដីចំការស្វាយចន្ទីរបស់ឈ្មោះ អន លិ អាយុ ៥៣ ឆ្នាំ ខណៈស្ត្រីម្នាក់ ដែលជាប្រពន្ធចុងរបស់ម្ចាស់ចំការនេះ ត្រូវបានអ្នកភូមិទាំងនោះ អះអាងថា បានបាត់ខ្លួនដោយគ្មានមូលហេតុ អស់រយៈពេលបីថ្ងៃមកហើយ។
លោក សំណាងបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ លោកក៏បានស្នើសុំគោលការណ៍ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវ និងជីកកាយរណ្ដៅដី ដែលអ្នកភូមិមានការសង្ស័យខាងលើនេះ ដើម្បីស្វែងរកការពិត។
លោកបានបញ្ជាក់ថា៖«ក្រោយធ្វើកំណាយរណ្ដៅដីដ៏គួរសង្ស័យនោះ ក៏បានប្រទះឃើញសពស្ត្រីម្នាក់ ឈ្មោះ ទៀប សាវ៉ៃ ហៅ ធា អាយុ ៣៨ ឆ្នាំ ត្រូវបានគេចងដៃ ចងជើង ដោយខ្សែអង្រឹង និង មានស្នាមរឹតកផងដែរ ទើបសមត្ថកិច្ចដាក់ការសង្ស័យទៅលើបុរសជាប្ដីចុង ឈ្មោះ អន លិ និងបានធ្វើការឃាត់ខ្លួនមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំតែម្ដង»។
បើតាមលោក សំណាង នៅចំពោះមុខសមត្ថកិច្ច បុរសសង្ស័យបានសារភាពថា គាត់ពិតជាបានសម្លាប់ស្ត្រីរងគ្រោះ ដែលជាប្រពន្ធចុងលួចលាក់របស់គាត់មែន ដោយសាតែខឹងនឹងនាងសុំលែងលះ គ្រាដែលដឹងថា គាត់មិនព្រមលែងលះពីស្ត្រីប្រពន្ធដើម ដែលមានកូនបួននាក់ក្នុងបន្ទុក។
សពស្ត្រីរងគ្រោះ ត្រូវបានអ្នកភូមិ និងសមត្ថកិច្ចនាំយកទៅបូជាតាមប្រពៃណី កាលពីម្សិលមិញ ខណៈជនសង្ស័យ ត្រូវបានមន្ត្រីការិយាល័យនគរបាលយុត្តិធម៌ កសាងសំណុំរឿងចោទប្រកាន់ពីបទ«មនុស្សឃាតគិតទុកជាមុន»។ នេះបើតាម លោក សំណាង។ លោក បានបន្តថា យោងតាមបទចោទប្រកាន់នេះ ជនសង្ស័យ អាចនឹងប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣០ឆ្នាំ ទៅអស់មួយជីវិត។
ទោះជាបែបណាក្ដី អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ លោក សាយ ណូរ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី ២១ ខែមិថុនាថា ជនសង្ស័យក្នុងសំណុំរឿងខាងលើនេះ កំពុងស្ថិតក្រោមការស៊ើបសួររបស់តុលាការនៅឡើយ។
នេះជាករណីទី ២ ហើយ ដែលសមត្ថកិច្ចខេត្តកំពង់ធំ បានគាស់ផ្នូរសាកសព យកមកពិនិត្យធ្វើកោសល្សវិច័យ ដើម្បីបំបែកសំណុំរឿងអាថ៌កំបាំង ក្នុងករណីឃាតកម្មនេះ ដើម្បីស្វែងរកមុខឃាតករពិតប្រាកដ និងដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ដែលកាលពី ២ឆ្នាំមុន ក្នុងករណីស្រដៀងគ្នានេះ នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ តំណាងអយ្យការខេត្តកំពង់ធំ ធ្លាប់បានគាស់ផ្នូរពិនិត្យសាកសពដូចគ្នានេះ ហើយបានរកឃើញនិងចាប់ឃាតករពិតយកទៅផ្ដន្ទាទោសតាមច្បាប់ផងដែរ៕