រតនគិរីៈ សមត្ថកិច្ចនិយាយថា ក្រុមហ៊ុន នុភាព សុភី អីុនវេសមេន ខូអិលធីឌី អាចជាប់ពាក់ព័ន្ធនឹងពលករជនជាតិវៀតណាម ១២ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទឆ្លងដែន និងប្រើគ្រឿងចក្រឈូសឆាយដីព្រៃដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា ហើយដែលត្រូវបានតុលាការខេត្តរតនគិរី បញ្ជាឲ្យឃុំខ្លួននោះ។
លោក ស៊ូ ខុន នាយរងការិយាល័យឧទ្យានជាតិវីរជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ្រឿងចក្រទាំង ៦ គ្រឿង និងពលករជនជាតិវៀតណាមទាំង ១២ នាក់នោះ បានចូលមកឈូសឆាយដីក្នុងតំបន់ដីសម្បទានរបស់ក្រុមហ៊ុននុភាពសុភី អីុនវេសមេន ខូអិលធីឌី ដែលមានទីតាំងស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី។
លោកបានបញ្ជាក់ថា៖ «យើងមិនដឹងថា តើពួកគេចូលមកទឹកដីកម្ពុជាយើងតាមរយៈក្រុមហ៊ុន នុភាព សុភី ឬមួយយ៉ាងណានោះទេ ប៉ុន្តែសកម្មភាពឈូសឆាយដីព្រៃរបស់ពួកគេនៅមិនទាន់រំលោភចូលក្នុងតំបន់គ្រប់គ្រងរបស់ឧទ្យានជាតិវីរជ័យយើងនៅឡើយទេ»។
ទោះជាបែបណាក្ដី សំណុំរឿងនេះ កំពុងស្ថិតក្រោមយុត្តាធិការរបស់តុលាការ ក្នុងការ ស្រាវ ជ្រាវស្វែងរកការពិតថា តើពួកគេ ឆ្លងដែនដោយនាំយកគ្រឿងចក្រទាំង ៦ គ្រឿងនោះចូល មកកម្ពុជាដោយរបៀបណា ហើយក្រុមហ៊ុន នុភាព សុភី មានជាប់ពាក់ព័ន្ធអ្វីទៅនឹងសកម្មភាពល្មើសច្បាប់របស់ពួកគេ។ នេះបើតាមការអះអាងរបស់លោក កែវ ពិសុទ្ធ អ្នក នាំ ពាក្យសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃចន្ទ។
លោកបញ្ជាក់ថា៖ «នៅពេលនេះ ជនសង្ស័យជនជាតិវៀតណាម ១២ នាក់ រួមទាំងបក្ខពួក ២ នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនដោយគ្មានលិខិតអនុញ្ញាត និងបទឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់»។
គួររំឭកថា កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បាន ចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសក្នុងតំបន់ឧទ្យានជាតិវីរជ័យ ហើយបានប្រទះឃើញពលករជនជាតិវៀតណាម ១២ នាក់ កំពុងឈូសឆាយដីព្រៃ នៅក្នុងតំបន់អូរតាយ៉ាក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដោយគ្មានលិខិតអនុញ្ញាត។
នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានរកឃើញឯកសារមួយចំនួនពាក់ព័ន្ធនឹងបុរសម្នាក់ឈ្មោះ សេក វីរៈ អាយុ ៤៣ ឆ្នាំ ជាតំណាងក្រុមហ៊ុន នុភាព សុភី អុីនវេសមេន ខូអិលធីឌី បានជួលគ្រឿងចក្រទាំង ៦ គ្រឿងនោះពីក្រុមហ៊ុនវៀតណាមមួយឈ្មោះ MANH LE GIA ដែលមានតំណាងឈ្មោះ Nguyen Luang Lac សម្រាប់យកមកឈូសឆាយដីដាំដំណាំនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុនខ្លួន។
ក្រៅពីឯកសារជួលគ្រឿងចក្រពីក្រុមហ៊ុនវៀតណាមនោះ នៅមានឯកសារមួយផ្សេងទៀត ដែលឈ្មោះ សេក វីរៈ បានជួលដីក្រុមហ៊ុន នុភាព សុភី ដែលមានទីតាំងនៅស្រុកអណ្ដូងមាស ខេត្តរតនគិរីទៅឲ្យជនជាតិវៀតណាមម្នាក់ឈ្មោះ Vo Nguyen Sa អាយុ ៣៦ ឆ្នាំ ក្នុងតម្លៃ ៧០ ដុល្លារក្នុង ១ ហិកតា ក្នុងរយៈពេល ១ ឆ្នាំ។
ក្រុមហ៊ុន នុភាព សុភី អុីនវេសមេន ខូអិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៩ ០០០ ហិកតា នៅក្នុងស្រុកតាវែង និងស្រុកអណ្ដូងមាស ខេត្តរតនគិរី សម្រាប់វិនិយោគដំណាំកសិឧស្សាហកម្ម ដែលរួមមានដំណាំកៅស៊ូ និង ស្វាយចន្ទី ក្នុងរយៈពេល ៧០ ឆ្នាំ នេះបើយោងអនុក្រឹត្យ ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១។ ប៉ុន្តែនៅឆ្នាំ ២០១៥ រដ្ឋាភិបាលបានកាត់បន្ថយរយៈពេលនៃការវិនិយោគមកនៅត្រឹម ៥០ ឆ្នាំវិញ។
ជុំវិញករណី យកដីសម្បទានរបស់ក្រុមហ៊ុនដែលទទួលបានសិទិ្ធវិនិយោគពីរដ្ឋទៅជួលបន្តឲ្យជនបរទេសផ្សេងទៀត ដោយគ្មានការជូនដំណឹងជាមុនដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ដោយបុគ្គលឈ្មោះ សេក វីរៈ ខាងលើនេះ ត្រូវបានលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តរតនគិរី ចាត់ទុកថា «ជាអំពើរំលោភបំពានលើកិច្ចសន្យារវាងរដ្ឋ និងឯកជន»។
ក្រុមហ៊ុន នុភាព សុភី អុីនវេសមេន ខូអិលធីឌី មិនអាចទាក់ទងសុំការបកស្រាយបានទេ កាលពីម្សិលមិញ៕