ភ្នំពេញ:​ កម្លាំង​ប្រ​ដាប់​អាវុធ​របស់​​គណៈ​កម្មការ​ជាតិ​ទប់​ស្កា​ត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​កា​ល​ពី​ចុង​សប្ដាហ៍​នេះ​បន្ត​បង្ក្រាប​បាន​បទ​ល្មើស​ព្រៃ​ឈើ ​៨​ ករណី​បន្ថែម​ទៀត ​ក្នុង​នោះ​រឹប​អូស​បាន​ឈើ​ប្រ​ណីត​ជាង​ ១៥​ ម៉ែត្រ​គុប​ និង​រថ​យន្ត​​សរុប​ចំនួន​ ១៥ គ្រឿង ​និង​ដោះលែង​មនុស្ស​ ៦​ នាក់​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក្រោយ​ពី​បង់​ប្រាក់​ពិន័យ​ និង​ធ្វើ​កិច្ច​សន្យាប​ញ្ឈប់​សកម្មភាព​បំ​ផ្លាញ​ព្រៃ​ឈើ​ដោយ​ខុសច្បាប់។​

លោក ​អេង​ ហ៊ី​ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​អ្នក​នាំ​ពាក្យ​គណៈ​កម្ម​ការ​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្ម​ជាតិ​ បាន​ថ្លែង​ថា​ ប​ទ​ល្មើស​ព្រៃ​ឈើ​ទាំង​អស់​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​នៅ​ខេត្ត​ព្រះ​វិហារ ៣ ​ករ​ណី ​រតន​គិរី​ ២​ ករណី​ មណ្ឌល​គិរី​ ២ ​ករ​ណី ​និង​ខេត្ត​ក្រចេះ​ ១ ករណី។​​

​លោក​ ​ហ៊ី​ ថ្លែង​​ថា ​ប្រតិ​ប​ត្តិ​ការ​នេះសមត្ថ​កិច្ច​បាន​ចាប់​យក​ឈើ​ល្មើស​ច្បាប់​ចំនួន​ចំនួន​ ៤៣ ដុំ ​ស្មើ​នឹង​ ១៥,​៦​៣​២​ ម៉ែ​ត្រ​គុប​ ដោយ​រក្សា​ទុក​នៅ​រដ្ឋ​បាល​ព្រៃ​ឈើ​តាម​តំបន់​រៀងៗ​ខ្លួន​ ព្រម​ទាំង​បាន​ដុត​បំផ្លាញ​ចោល​រថ​យន្ត​ប៉ា​កុង ​និង​រថ​យន្ត​កែ​ច្នៃ​ចំនួ​ន​ ១១ ​គ្រឿង​ និង​ម៉ូតូ​កែ​ច្នៃ​ចំនួន​ ១ ​គ្រឿង ​ខណៈ​រថ​យន្ត​ដែល​អាច​ប្រើ​បាន​ចំនួន​ ៤ ​គ្រឿង​ផ្សេង​ទៀត​ត្រូវ​បាន​ប្រ​គ​ល់​ជូន​រ​ដ្ឋ​បាល​ព្រៃ​ឈើ​រក្សាទុក។

​លោក​ ចាន់ ​សុខា ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍​សាត់​ បាន​ថ្លែង​ថា​ កាល​ពី​ថ្ងៃទី​ ១៨​ ខែ​កក្កដា​នេះ​ថា​​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ភ្នំ​ក្រវាញ​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​កាប់​ប្រមូល​ ដឹក​ជញ្ជូន​សន្និ​ធិ​ផ​ល​ អនុ​ផល​ព្រៃ​ឈើ ​(​គ្មាន​ច្បាប់​អនុញ្ញាត) ​នៅ​ឃុំ​សន្ទ្រែ ​ស្រុក​ភ្នំ​ក្រវាញ​ ដោយ​ឃាត់​រថ​យន្ត​កែ​ច្នៃ ១​ គ្រឿ​ង​ គោ​យន្ត​កន្រៃ្តចំនួន ៦​ គ្រឿង ​ដឹក​បង្គោល​របង ​ដឹក​អុស ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​​ ៦​ នាក់។​ ជន​សង្ស័យ​ និង​វត្ថុ​តាង​ប្រគល់​ឲ្យ​សង្កាត់​រដ្ឋបាល​ព្រៃលាច។​

​លោក​​ ​សុខា​ ថ្លែង​ថា​៖​ «ជ​ន​សង្ស័យ​ទាំង​ ៦ ​នាក់​ ជា​ពល​រដ្ឋ​ដែល​តែង​តែ​ដើរ​កាប់​ព្រៃ​ធ្វើ​ជា​អុស​ ឬ​បង្គោល​របង​ ប៉ុន្ដែ​​ពួក​គាត់​ធ្វើ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ ហើយ​យើង​ក៏​បាន​ចាប់​ខ្លួន​គាត់​ យក​ទៅ​សាក​សួរ​ជុំវិញ​រឿង​កាប់​ព្រៃ​ឈើ​ ហើយ​ក៏​ប្រ​គ​ល់​​ពួក​គាត់​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ​គាត់​ចាត់​ចែង​តាម​ច្បាប់ ​ហើយ​គេ​ដោះ​លែង​ ឬ​ពិន័យ​បែប​ណា ​គឺ​ខ្ញុំ​អត់​ដឹង​ទេ»។​

លោក​ ​ឡាយ ​វិសិដ្ឋ​ ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ពោធិ៍​សាត់ ​បាន​ថ្លែង​ថា ​សមត្ថ​កិច្ច​បាន​ដោះ​លែ​ង​​ពួក​គាត់​វិញ​ នៅ​ថ្ងៃ​ទី​ ១​៩ ខែ​កក្កដា​​នេះ​​រួច​ហើយ​ ដោយ​ពិន័យ​ជា​អន្ត​រ​កាលព្រ​ម​ទាំង​តម្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាព​កាប់​ព្រៃ​ឈើ​បន្ត​ទៀត​ ប៉ុន្ដែ​លោក​មិន​អាច​បញ្ជាក់​ពី​ទំហំ​ទឹក​ប្រាក់​ដែល​ដាក់​ពិ​ន័យ​នេះ​ទេ​។​

លោក​ វិ​សិដ្ឋ​ ថ្លែង​ថា​ បន្ទាប់​ពី​ពិន័យ​ជា​អន្ត​រការ​នេះ ​សមត្ថ​កិច្ច​ជំនាញ​បាន​ប្រគល់​គោ​យន្ត​កន្រៃ្តទាំង​ ៦ ​គ្រឿង ​ឲ្យ​ពួក​​គាត់​វិញ​ ប៉ុន្ដែ​​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ ត្រូវ​បាន​ដុត​ចោល​នៅ​នឹង​កន្លែង​លើស​ពី​នេះ​ សមត្ថ​កិច្ច​ចម្រុះ​បាន​និង​កំពុង​បន្ត​ប្រតិ​បត្តិ​​ការ​បង្ក្រាប​តាម​គោល​ដៅ​នា​នា​ទៀត​ ដើ​ម្បី​បង្ក្រាប​សកម្ម​ភាព​កាប់​ឈើ​គ្រប់​រូបភាព​ទាំងអស់។

​លោក​ គុជ​ វេ​ង​ សកម្ម​ជន​ការពារ​ព្រៃ​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​បាន​ថ្លែង​ថា​ កា​រ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​​នៅ​ទូទាំង​ប្រទេស​នេះ ​គឺ​​សមត្ថកិច្ច​បន្ត​ធ្វើ​ជា​ប្រចាំ​ ដើម្បី​កុំ​ឲ្យ​បទ​ល្មើស​ព្រៃ​ឈើ​វា​ងើប​ឡើង​វិញ​។​

​ទោះ​យ៉ាង​ណា​ក៏ដោយ​ លោក​ វេង​ ​ថ្លែង​ថា​៖​ «​សមត្ថ​កិច្ច​មិន​គួរ​ដុត​បំផ្លាញ​រថ​យន្ត​ល្អៗ​ទាំង​នោះ​ចោល​ទេ ព្រោះ​រថ​យន្ត​ដែល​បម្រើ​ឲ្យ​បទ​ល្មើស​នេះ ​សុទ្ធ​តែ​​អាច​ប្រើ​ប្រាស់​បាន ​ដោយ​គ្រាន់​តែ​រឹប​អូស​យក​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​ ហើយ​ប្រគល់​វា​ឲ្យ​ទៅ​មន្ទីរ​បរិ​ស្ថាន​ អង្គ​ភាព​នគរ​បាល ​និង​អង្គ​ភាព​ជំនាញ​នា​នា​ទៀត។ ​កន្លង​មក​ ខ្ញុំ​ធ្លាប់​បាន​តស៊ូ​មតិ​ ត​វ៉ា​នានា​​ច្រើន​មក​ហើយ​ ប៉ុន្ដែ​គ្មាន​ប្រសិទ្ធ​ភាព​អ្វី​ទេ ​ហើយ​គេ​ថែ​ម​ទាំង​ប្ដឹង​ខ្ញុំ​ដាក់​គុក​ទៀត​ផង។​ ឥឡូ​វ​បាន​គេ​ចុះ​បង្ក្រាប​ ខ្ញុំ​គាំ​ទ្រ​ ហើយ​គួរ​តែ​ធ្វើ​​រហូត​ទៅ ហើយ​តាម​ចាប់​ជន​ល្មើស​មក​ដាក់​គុក​ផង»។​

​លោក​ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ មេ​បញ្ជា​កា​រ​កង​រាជ​ អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេ​ស​ និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ នៅ​ថ្ងៃទី​ ១៩ ខែ​កក្កដា​នេះ​ បា​ន​ប្រកាស​ជា​សាធា​រ​ណៈ​ដាក់​ជីវិត​របស់​ខ្លួន​ជា​មួយ​នឹង​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ​នៅ​ក្នុង​ប្រទេស​នា​ដំណាក់​កាល​ចុង​​ក្រោយ​​នេះ​ឲ្យ​បាន​ជោគ​ជ័យ​ និង​បាន​ដាក់​បទ​បញ្ជា​ដក​មន្ដ្រី​អាវុធហត្ថ​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​ជាមួយ​ក្រុម​ឈ្មួញ​ ជួញដូរ​ព្រៃឈើ៕​