កណ្ដាលៈ សមត្ថ​កិច្ច​នៅ​មិនទាន់​រក​ឃើញ​ជន​សង្ស័យ​​ពាក់​ព័ន្ធ​នឹង​ឃាត​កម្ម​លើ​នារី​ម្នាក់​នៅ​អនុវិទ្យា​ល័យ​ព្រែក​​ទន្លាប់​ ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល​នៅ​ឡើយ​ទេ​ ក្រោយ​ពេល​ជន​នោះ ​បាន​លោត​ពី​លើ​ស្ពាន​​តឹបា​ស្សា (ស្ពាន​អ្នកលឿង) កាល​ពី​ថ្ងៃព្រ​ហស្បតិ៍​ ម្សិល​មិញ។

យោង​​តាម​ហ្វេស​ប៊ុក​ស្នង​ការ​ខេត្ត​កណ្ដាល ​លោក​ឧត្តម​សេនីយ៍​ទោ​ អ៊ាវ ចំរើន បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេសា​ វេលា​ម៉ោង​២រសៀល ស្ត្រី​ម្នាក់​មាន​ឈ្មោះ​ ទន់ ស្រីណយ អាយុ​២០​ឆ្នាំ មាន​​លំ​​​នៅ​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ជាអតីត​ប្រពន្ធ​ជន​សង្ស័យ​ឈ្មោះ​ រ៉ា ឆៃរ៉ាត់ ​អាយុ​២១ឆ្នាំ មាន​​លំ​នៅ​ភូមិ​អម្ពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ត្រូវ​បាន​បុរស​រូបនេះ​កាប់​​​បណ្ដាល​ឲ្យ​ស្លាប់​នៅ​​មុខ​ប​រិវេណ​អនុវិទ្យា​ល័យ​កំពង់​ចម្លង ភូមិ​កំពង់​ចម្លង ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក ខេត្ត​កណ្តាល។

លោក​ អ៊ាវ ​ចំរើន ​បញ្ជាក់​ថា៖ «ក្រោយ​ពេល​​ធ្វើ​សកម្ម​ភាព​កាប់​ជន​រង​គ្រោះ​រួច​ជន​សង្ស័យ​​បាន​ជិះ​ម៉ូតូ​ឡើង​ស្ពាន​តឺ​បា​ស្សា លុះ​ដល់​កណ្តាល​ស្ពាន​ក៏​ចត​ម៉ូតូ​ហើយ​លោត​ចុះ​ចូល​ទន្លេ​រហូត​ដល់​ពេល​នេះ​ជន​សង្ស័យ​មិន​ទាន់​ឃើញ​ឡើង​គោក​នៅ​ឡើយ​ ដោយ​ឡែក​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​កំពុង​​ព័ទ្ធ​ជុំវិញ​តំបន់​នោះ​ដើម្បី​ចាប់​ជន​ល្មើស​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់»។

លោក​ រឿន ណារ៉ា ស្នងការ​រងនគរ​បាល​​ខេត្ត​កណ្ដាល​ទទួល​បន្ទុក​ផ្នែក​យុត្តិធម៌​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​មុន​នេះ​បន្តិចថា រហូត​មក​ទល់​ពេល​នេះ​ជន​សង្ស័យឬ​សាក​សព​ជន​សង្ស័យ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ។

លោក​ថ្លែង​ថា ប្រ​សិនបើ​ជន​សង្ស័យ​ស្លាប់​នៅ​កន្លែង​លោត​នោះ​មែន សា​ក​សព​អាច​អណ្ដែត​ឡើង​៣៦​​ម៉ោ​ងក្រោយ​ពេល​ស្លាប់។

លោក​រៀប​រាប់​ពីការ​សម្លាប់​ថា៖ «វា​ស្ទាក់​ចាំ ហើយ​វា​កាប់​ចំនួន​៣​កាំបិត ពីមុខ​ផង​ពីក្រោយ​ផង ចំ​ក្បាល ត្រចៀក និង​ក។ វា​ប្រុង​កាប់​តាំង​ពី​ព្រឹក​ វា​សំកុក​ចាំ​ផ្លូវ មុន​បែក​គ្នា​២​ខែ​​​ វា​ជិះ​ម៉ូតូ​កាត់​ផ្លូវ​ហ្នឹង ផ្ទះ​នៅ​ជិត​ហ្នឹង»។

លោក រឿន ណារ៉ា បាន​បន្ត​ថា ជន​សង្ស័យ​និង​ជន​រងគ្រោះ​«ទើប​លែង​គ្នា​បាន​ប្រហែល​២​ខែ ហើយ​លែង​គ្នា​ត្រឹម​មេ​​ភូមិ។ យើង​មិន​ដឹង​ថា​ពេល​ការ គេ​បាន​​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ឬ​អត់​ទេ វា​អាច​គ្រាន់​តែ​មាន​ឪពុក​ម្តាយ​ដឹង​ឮ​ទាំង​សង​ខាង ដល់​លែង​គ្នា​វិញ​ត្រឹម​មេ​ភូមិ ​មិន​បាន​ទៅ​ដល់​ឃុំ​ទេ។ ប្រុស​មុខរបរ​កម្មករ​ជាង​ឡាន ចំណែក​ស្រី​គាត់​លេង​តុង​ទីន រាប់​លុយ​ក្នុង​ផ្សារ។ ពួក​គេ​បាន​គ្នា​២​ឆ្នាំ​ហើយ​មិន​បាន​ចុះ​អេតា​ស៊ី​វិល​ទេ​ព្រោះ​ក្មេង​ពេក»។

លោក​ថ្លែង​ថា​ តាម​ការ​ស្រាវ​ជ្រាវ មូលហេតុ​នៃ​ឃាត​កម្ម​នេះ​គឺ​ជន​សង្ស័យ​មាន​ការ​ប្រចណ្ឌ​​នឹង​អតីត​​ប្រពន្ធ​និង​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា។ ចុង​ក្រោយ​វា​ថា ជន​រង​គ្រោះ​ដើរ​លេង​ចូល​ឆ្នាំ​មាន​ប្រុស​ថ្មី​»។

ដោយ​ឡែក​នៅ​លើ​ហ្វេសប៊ុក​របស់​ជន​សង្ស័​យ​ដែល​មាន​អាខោន​​ឈ្មោះ​«Bong Räth Os Kae» ជន​សង្ស័យ​​បាន​សរសេរ​នៅ​ម៉ោង​ជាង២​រសៀល​​ក្រោយប្រព្រឹត្ត​ឃាតកម្មថា៖«ជាចុង​ក្រោយ​ទោះ​មិន​បាន​កើត​ក្នុង​ថ្ងៃតែ១​ក៏​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ បង​ស្រឡាញ់​អូន​អា​ណយ»​។

ចំណែក​នៅ​ថ្ងៃទី​១៨ ​ខែ​មេសា ជន​សង្ស័យ​បាន​សេ​រសេរ​ថា៖ «ថ្ងៃ​នេះ​ថ្ងៃ​ចុង​ក្រោយ​ហើយ​ BRO ដែរ​ យើង​ផឹក​ជា​មួយ​គ្នា​ប្រ​ហែល​ជា​អស់​ពេល​ផឹក​ជា​មួយ​ពួក BRO​ ទៀត​ហើយ»។​

រហូត​មក​ទល់​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​បន្ត​ស្រាវ​ជ្រាវនិង​រង់ចាំ​មើល​សព​ជន​សង្ស័យ​ផុស​ឡើង​នៅ​កន្លែង​ដែល​បាន​លោត​ចូល​ទឹក​នោះ​៕