ព្រះសីហនុៈ ករណី​ស្លាប់​សមាជិក​​ ១ ​គ្រួសារ​ ៣ ​នាក់​នៅ​សង្កាត់​ ២ ក្រុង-ខេត្ត ព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​ ២០ ខែ សីហា​ សមត្ថកិច្ច​សង្ស័យ​ថា អាច​មាន​សមាជិក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នកស្លាប់​នោះ​ដាក់​ថ្នាំពុល​ក្នុង​ចំណីអាហារ ដើម្បី​ធ្វើ​អត្តឃាត ខណៈ​មន្ត្រី​ជំនាញ​កំពុង​ធ្វើកោសល្យវិច័យ​លើ​សំណាក​អាហារ និង​លាមក​របស់​ជនរងគ្រោះ ដោយសារ​ថា បើ​តាម​ការអះអាង​របស់​សាច់ញាតិ​គឺ​គ្រួសារ​នេះ​រស់នៅ​មិន​សូវ​ចុះសម្រុង​នឹង​គ្នា​ទេ​។

លោក​ឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ដែល​សង្ស័យ​ថា​ស្លាប់​ដោយសារ​ថ្នាំ​ពុល​នោះ​ឈ្មោះ​ខេង​ (​ឈ្មោះ​ស្រង់​បឋម​) ​អាយុ​ ៤៣ ​ឆ្នាំ​ជា​មេការ​ជាង​កាត់​កញ្ចក់​ត្រូវ​ជា​ប្តី​ឈ្មោះ ម៉ឹង សុផល អាយុ​ ៤១ ​ឆ្នាំ​មាន​របរ​ជា​ជាង​អ៊ុតសក់​ (​ប្រពន្ធ​) ​និង​ឈ្មោះ​ លី ស៊ីវឈីង ភេទ​ស្រី អាយុ​ ១២ ​ឆ្នាំ​ត្រូវ​ជា​កូន​។ តាម​សាច់ញាតិ​ប្រាប់​ថា​គ្រួសារ​មួយ​នេះ​តែងតែ​ឈ្លោះ​គ្នា និង​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ផង​។

លោក​បន្ត​ថា​ហេតុការណ៍​ដែល​មាន​មនុស្ស​ ១ ​គ្រួសារ​ ៣ ​នាក់​ស្លាប់​នេះ​សមត្ថកិច្ច​នគរបាល​របស់​លោក​ដែល​មាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​រួមទាំង​គ្រូពេទ្យ​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​ជា​បឋម​ឃើញ​ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ពុល​អាហារ​ហើយ​។ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​នោះ​គឺ​ខាង​គ្រូពេទ្យ​បាន​យក​សំណាក​មាន​ដូចជា​អាហារ​ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​ និង​លាមក​យក​ទៅ​ធ្វើ​កោសល្យវិច័យ​បន្តទៀត​។

លោក​ថ្លែង​ថា​៖ «​ករណី​នេះ​ជា​ករណី​អត្តឃាត ហើយ​យើង​កំពុងតែ​សហការ​ជាមួយ​គ្រូពេទ្យ តុលាការ ដើម្បី​យក​ភ័ស្តុតាង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ដូចជា​លាមក ឈាម ដើម្បី​ធ្វើ​កោសល្យ​វិច័យ​រក​ជាតិពុល​ណា​ដែល​ច្បាស់លាស់​ទៅពិនិត្យ​ព្រោះ​ជាតិពុល​នេះ​ដូចជា​ខ្លាំង​»​។

លោក​ស្នងការ​បញ្ជាក់​ថា​៖ «​ព្រោះ​សាកសព ស្លាប់​ឪពុក និង​កូន​មុន ហើយ​ម្តាយ​បាន​ធ្វើ​អត្តឃាត​តាម​ក្រោយ​។ អ៊ីចឹង​យើង​សន្និដ្ឋាន​ថា ស្ត្រី​ជា​ប្រពន្ធ​អាចដាក់​ឲ្យ​ប្តី​ និង​កូន​ពុល​មុន​។ តែ​យ៉ាងណា​យើង​មិន​ទាន់​រក​មូលហេតុ​ច្បាស់​នៅឡើយ​ទេ​»​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​លោក​ សេង ហ៊ត នាយ​នគរបាល​ប៉ុស្តិ៍ សង្កាត់​ ២ ក្រុងព្រះសីហនុ​បាន​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ចំពោះ​ហេតុការណ៍​មនុស្ស​ស្លាប់​ដោយ​សង្ស័យ​ថា​ពុល​អាហារ​នេះ​គឺ​មិន​ដឹង​ជា​កើត​នៅ​ម៉ោង​ប៉ុន្មាន​ឲ្យ​ច្បាស់លាស់​ទេ​។ ប៉ុន្តែ​បើ​តាម​បុរស​ម្នាក់​ដែល​អះអាង​ថា​ត្រូវ​ជា​ប្អូនប្រុស​របស់​បុរសរងគ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ណាត់គ្នា​ជាមួយ​បងប្រុស​ (​ជនរងគ្រោះ​) ​ទៅ​ហូបបាយ​ហាង​ជាមួយ​គ្នា​នៅ​ខាងក្រៅ​។ ប៉ុន្តែ​ពេល​ទូរស័ព្ទ​មក​បង​ចូល​ហើយ តែ​គ្មាន​អ្នក​លើក​ហើយ​គាត់​ក៏​ព្យាយាម​ចុច​ទូរស័ព្ទ​ទៅ​ទូរស័ព្ទ​បងថ្លៃ ចូល​តែ​គ្មាន​អ្នក​លើក​ទៀត​។

លោក​បន្ត​ថា​ដោយសារតែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​បែប​នេះ​ហើយ​ទើប​ប្អូនប្រុស​របស់​ជនរងគ្រោះ​មានការ​សង្ស័យ​ក៏​ធ្វើ​ដំណើរ​មក​ផ្ទះ​បង​របស់ខ្លួន​នៅវេលា​ម៉ោង​ប្រហែល​ ៨ ​យប់​ថ្ងៃទី ២០ សីហា ក៏​ឃើញ​ទ្វារផ្ទះ​បិទ​ និង​ចាក់សោ​ពី​ខាងក្នុង​។ ពេលនោះ​គាត់​បាន​ស្រែកហៅ​អ្នក​នៅក្នុង​ផ្ទះ​តែ​គ្មាន​អ្នកឆ្លើយ​ទើប​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ក៏​ប្រាប់​អ្នក​ជិត​ខាង​ឲ្យ​ជួយ​គាស់​ទ្វារ​បង្អួច​វាយ​កញ្ចក់​ទម្លុះ​ចូល​ផ្ទះ​តែម្តង​។

ពេលនោះ​គាត់​ (​ប្អូន​ជនរងគ្រោះ​) ​ឃើញ​ក្មួយ​ស្រី​របស់​ខ្លួន​ដេកស្លាប់​នៅលើ​ឥដ្ឋការ៉ូ​ក្នុង​ផ្ទះ​ហើយ​នាំគ្នា​ដើររក​បន្តទៀត​ក៏​ឃើញ​បុរស​ជា​ឪពុក​អង្គុយ​ស្លាប់​នៅក្នុង​បន្ទប់ទឹក​។ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ និង​ជា​ម្តាយ​ដេក​ស្តូកស្តឹង​នៅមាន​ដកដង្ហើម​តិចៗ​ហើយ​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​មិនទាន់​ទាំង​បាន​រៀបចំ​ចាត់ចែង​សង្គ្រោះបន្ទាន់​ផង​ស្ត្រី​រងគ្រោះ​ក៏​ដាច់​ខ្យល់​ស្លាប់​បាត់ទៅ​៕