ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញបានប្រកាសសាលក្រមផ្ដន្ទាទោសសមាជិករណសិរ្សរំដោះជាតិខ្មែរ (KNLF) ម្នាក់ដោយសម្រេចដាក់ពន្ធនាគារកំណត់ ១៨ ខែ និងពិន័យប្រាក់ ៣ លានរៀលចូលថវិការដ្ឋទាក់ទងនឹងករណីធ្វើសន្និសីទសុំឱ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងឱ្យដោះលែងអ្នកទោសនយោបាយ។
សាលក្រមដែលមានជនជាប់ចោទឈ្មោះ ធុយ វី ត្រូវបានប្រកាសដោយចៅក្រមជំនុំជម្រះលោកស្រី ស៊ លីនណា បន្ទាប់ពីបានបើកសវនាការសួរដេញដោលកាលពីថ្ងៃ ១៧ ឧសភា សប្តាហ៍មុន។
ចៅក្រម ស៊ លីនណា បានអានសេចក្តីសម្រេចដោយថ្លែងថា៖ «កាលពីថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០១៧ ជនជាប់ចោទបានធ្វើសន្និសីទកាសែតដើម្បីទម្លាក់កំហុសលើរាជរដ្ឋាភិបាលដោយទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ការធ្វើសន្និសីទនេះគឺដើម្បីបញ្ឆេះកំហឹងមហាជនធ្វើឲ្យមានភាពវឹកវរដល់សង្គម»។
លោកស្រី ចៅក្រម បានបន្តថា៖ «ដូច្នេះតុលាការសម្រេចផ្តន្ទាទោសជនជាប់ចោទ ធុយ វី អាយុ ២៩ ឆ្នាំ ដាក់ពន្ធនាគារ ១៨ ខែ និងពិន័យប្រាក់ចំនួន ៣ លានរៀលចូលថវិការដ្ឋពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទអាចប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់»។
ក្រោយពេលប្រកាសសាលក្រម ធុយ វី បាននិយាយយ៉ាងខ្លីថា ការសម្រេចនេះអយុត្តិធម៌សម្រាប់លោកហើយថាខ្លួននឹងប្តឹងឧទ្ធរណ៍តទៅទៀត។
ធុយ វី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៧ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅពេលដែលខ្លួនបានសុំធ្វើសន្និសីទកាសែតនៅស្នាក់ការអង្គការមួយឈ្មោះថា «ឧត្តមស្នងការអន្តរសាសន៍» ដោយមានសេចក្តីប្រកាសព័ត៌មានសុំឲ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោះលែងអ្នកទោសនយោបាយ សកម្មជនដីធ្លីលើកលែងទោសដល់លោក សម សេរី ដែលជាមេដឹកនាំរណសិរ្ស KNLF សុំបង្កើតគណបក្សនយោបាយ និងសុំឲ្យអង្គការសហប្រជាជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។
លោក សម សេរី មេដឹកនាំ KNLF ដែលកំពុងស្ថិតនៅប្រទេសដាណឺម៉ាកបានប្រតិកម្មនឹងការផ្ដន្ទាទោសនេះ ដោយលោកថ្លែងថាលោកមានការសោកស្តាយហើយថាតុលាការមិនមានភាពឯករាជ្យ ប៉ុន្តែធ្វើការសម្រេចដោយផ្អែកលើជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «ខ្ញុំមិនទាន់ឃើញមានមាត្រាណាមួយដែលចែងថាធ្វើសន្និសីទសារព័ត៌មានខុសច្បាប់ ពីព្រោះថាមុននឹងធ្វើសន្និសីទសារព័ត៌មាន អង្គការអន្តរសាសន៍បានសុំអនុញ្ញាតច្បាប់ត្រឹមត្រូវ ហើយក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យធ្វើទៀត ដូច្នេះវាអយុត្តិធម៌ណាស់សម្រាប់សហការីរបស់ខ្ញុំ ធុយ វី ត្រូវជាប់ទោសគ្រាន់តែការសម្ដែងមតិដោយសន្តិវិធី»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកក្រុមរណសិរ្សនេះថាជាក្រុមភេរវជន។ យោងតាមលោក សម សេរី មានសមាជិករណសិរ្សចំនួន ១៨ រូបហើយត្រូវបានចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារ៕