ភ្នំពេញៈ ក្រុម​សមាជិកសភា​សហរដ្ឋ-អាមេរិក​បាន​ធ្វើ​ច្បាប់​មួយ​កាលពី​សប្តាហ៍​មុន ដើម្បី​ដាក់​ទណ្ឌកម្ម​ក្នុង​ការបង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់ រដ្ឋាភិបាល​ដោយ​ថា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន សិទ្ធិ​មនុស្ស​ត្រូវ​បាន​រំលោភ និង​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ តាមរយៈ​ការរំលាយ​បក្ស​ប្រឆាំង​ដ៏ធំ និង​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ប៉ុន្តែ​បក្ស​កាន់​អំណាច​ថា នេះ​ជា​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​។

សេចក្ដី​ព្រាង​ច្បាប់​លេខ H.R. ៥៧៥៤ នេះ​បាន​ធ្វើ​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដើម្បី​រក​វិធី​ក្នុង​ការ​បង្កក​ទ្រព្យសម្បត្តិ​ហាមឃាត់​ការទិញ​លក់​អចលនទ្រព្យ​ការ​រឹតបន្តឹង​ទិដ្ឋាការ​ប្រឆាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មន្ត្រី​យោធា​ ឬ​កងកម្លាំង​សន្តិសុខ​ដែល​ធ្វើឲ្យ​ថមថយ​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

តំណាងរាស្ត្រ​អាមេរិក​អះអាង​ថា​ទណ្ឌកម្ម​នឹង​ត្រូវ​បាន​ព្យួរ​លុះត្រា​តែ​ប្រទេស​កម្ពុជា​កែប្រែ​ ៣ ​ចំណុច គឺ ១. បញ្ចប់​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើឲ្យ​ថមថយ​នូវ​លទ្ធិប្រជាធិបតេយ្យ ២. បញ្ចប់​ការរំលោភបំពាន​លើ​សិទ្ធិមនុស្ស ៣. អនុវត្ត​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ជាដើម​។

លោក​ Alan Lowenthal សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា​៖ «​មិត្ត​រួម​ការងារ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ព្រមាន​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​ម្តង​ហើយ​ម្តង​ទៀត​ថា​រដ្ឋាភិបាល​នេះ​ត្រូវ​តែ​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ថា​ធ្វើការ​បោះឆ្នោត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ក៏​ប៉ុន្តែ​ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លង​ទៅ​លោក​ ហ៊ុន សែន បាន​ព្រងើយ​នឹង​វា​ហើយ​ធ្វើ​ជា​ឃើញ​ថា​រដ្ឋាភិបាល​របស់​លោក​រៀបចំ​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ឆ្នាំ​នេះ​»​។

លោក​បាន​បន្ត​ថា​៖ «​របប​នេះ​បាន​គំរាម​កំហែង​វាយប្រហារ​ដាក់គុក និង​ហាមឃាត់​ទាំង​ស្រុង​នូវ​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​ធំ​ជាង​គេ​របស់​ប្រជាជាតិ​។ របប​នេះ​បាន​បំផ្លាញ​សារព័ត៌មាន​ដែល​សេរី និង​ឯករាជ្យ​នៅក្នុង​ប្រទេស បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​ជាតិ​ឲ្យ​អនុវត្ត​ទង្វើ​ស្មោកគ្រោក​របស់​ខ្លួន​។ ដល់​ពេល​ដែល​លោក​ ហ៊ុន សែន ត្រូវ​ទូទាត់​សង​វិញ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​តែ​ចេញ​ផ្កា​នៅ​ប្រទេស​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​លោក​ Ted Yoho សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​អះអាង​កាលពី​សប្តាហ៍​មុន​ថា​វិធានការ​ទាំងនេះ​នឹង​ជួយ​ប្រជាជន​កម្ពុជា​ស្វែងរក​ប្រជាធិបតេយ្យ​តាមរយៈ​ការធ្វើឲ្យ​បង់ខាត​ទៅ​លើ​អំណាច​ប្រមូលផ្តុំ​របស់​លោក​ ហ៊ុន សែន​។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការខិតខំ​ប្រឹង​របស់​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ក្នុង​ការធ្វើ​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​ធ្វើឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ការ​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើឲ្យ​ល្អក់កករ​ដល់​ចំណង​មេត្រីភាព និង​កិច្ចសហប្រតិបតិ្តការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​តែ​ប៉ុណ្ណោះ​»​។

លោក​បន្ត​ថា​៖ «​សួរថា​សម្ពាធ​ហ្នឹង​មាន​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ទេ​មកលើ​ប្រជាពលរដ្ឋ​កម្ពុជា​ទេ​? ចម្លើយ​របស់​ខ្ញុំ​គឺថា​អត់​មាន​ទេ​។ អត់​មាន​ឥទ្ធិពល និង​ប្រសិទ្ធភាព​ទេ​ពីព្រោះ​យើង​ឃើញ​ច្បាប់​មួយ​ចំនួន​ដែល​ជា​ឆន្ទៈ​នយោបាយ​របស់​ក្រុម​តំណាងរាស្ត្រ​ទាំងនោះ​មិនមែន​ជា​ការសម្ដែង​នូវ​សិទ្ធិ​ផលប្រយោជន៍​សហរដ្ឋ​អាមេរិក​ទេ គ្រាន់តែ​បង្កើត​ខ្មាំង​ជាមួយ​ប្រទេស​ដទៃ​»​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​សរសេរ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេលេក្រាម​របស់​លោក​ថា ការ​ធ្វើ​ច្បាប់​នេះ​វា​គ្រាន់​តែ​ជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​នូវ​ការ​កាន់ជើង​អាយ៉ង​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ និង​ជា​ទង្វើ​រំលោភ​អធិបតេយ្យ​កម្ពុជា​ដែល​មិន​អាច​លាក់បាំង​បាន​ឡើយ​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​ការអនុម័ត​ច្បាប់​ដែល​ចង់​ដាក់​បន្ទុក​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​នឹង​មិន​អាច​ចេញ​ជា​លទ្ធផល​ឡើយ​។ ពួក​មេខ្លោង​ និង​ពួក​អាយ៉ង​ដែល​ធ្វើ​បដិវត្តន៍​ពណ៌​ហើយ​ត្រូវ​បរាជ័យ​នៅ​កម្ពុជា​ទេ​ដែល​ជា​អ្នក​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ហើយ​អាយ៉ង​ដែល​ជា​អ្នក​អនុវត្ត​ផែនការ​នេះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​កម្ពុជា​»​។

ប៉ុន្តែ​លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​ច្បាប់​ថ្មី​នេះ​វា​មិន​ប៉ះពាល់​ដល់​ជនក្រីក្រ​ និង​ប្រជាពលរដ្ឋ​ជាទូទៅ​នោះ​ឡើយ​។

លោក​បាន​ថ្លែង​ថា​៖ ​«​ខ្ញុំ​សូម​ស្វាគមន៍​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ក្នុង​ការ​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ សេចក្តី​សម្រេច​ស្តីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ជា​ការ​ដាក់​សម្ពាធ​ដ៏មាន​ប្រសិទ្ធភាព​មួយ​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​។ ខ្ញុំ​នៅ​តែ​ចង់​បាន​ការពិភាក្សា​គ្នា​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​»​។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​ថ្លែង​ថា​ពួកគេ​នឹង​អាម៉ាស់ មិន​ត្រូវ​បាន​អើពើ និង​ហាមប្រាម​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​អាមេរិក និង​ត្រូវ​បាន​ដាក់​កំហិត​ចំពោះ​ការធ្វើ​ដំណើរ​របស់​ពួកគេ​នៅក្នុង​ប្រទេស​អាមេរិក​នៅ​ពេល​ពួកគេ​ចូលរួម​កម្មវិធី​អន្តរជាតិ​ដូចជា​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ ធនាគារ​ពិភពលោក និង​កិច្ចប្រជុំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទី​នោះ​ជាដើម​៕

មិន​អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ណា​មួយ​តាមរយៈ​អាមេរិក​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​ធនាគារ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ជាមួយ​អាមេរិក​។ PS