ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញពីម្សិលមិញបានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសលើសកម្មជនអតីតបក្សសង្គ្រោះជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុលោក ម៉ៃ ហុងស្រៀង ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះ ពីបទញុះញង់ ខណៈសាលាឧទ្ធរណ៍ក៏បានច្រានចោលការប្តឹងទាស់ដីកាឃុំខ្លួនរបស់អតីតសកម្មជន ៣ រូបទៀតរបស់គណបក្សនេះ។
លោក កែត ឃី មេធាវីការពារក្តីលោក ម៉ៃ ហុងស្រៀង ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ក្រោយបើកសវនាការសួរដេញដោលកាលពីថ្ងៃទី ២៦ ខែកញ្ញា កន្លងទៅនៅថ្ងៃម្សិលមិញ តុលាការសម្រេចប្រកាស សាលក្រមដោយផ្តន្ទាទោសកូនក្តីរបស់លោក ១ ឆ្នាំកន្លះពីបទញុះញង់ឲ្យមានអំពើឧក្រិដ្ឋជាអាទិ៍។ ប៉ុន្តែចំណែក ១ បទល្មើសទៀតគឺញុះញង់ធ្វើឲ្យមានការរើសអើង ត្រូវបានទម្លាក់ចោល។
លោកបញ្ជាក់ថា៖ «យើងនឹងសម្រេចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ ព្រោះរងភាពអយុត្តិធម៌ចំពោះគាត់ណាស់ ដែលគាត់មិនបានញុះញង់ឲ្យមានបទល្មើសនោះទេ ហើយក៏មិនមានបទល្មើសណាមួយកើតឡើងនោះដែរ តាមរយៈការផូស្តនៅក្នុងហ្វេសប៊ុករបស់គាត់។ តែបែរជាយកមនុស្សដែលគ្មានទោស ហើយមិនបានធ្វើឲ្យមានព្យសនកម្មកើតឡើងសោះ យកគាត់ទៅដាក់គុក»។
កាលពីចុងខែកក្កដាលោក ម៉ៃ ហុងស្រៀង ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួននៅតាមបណ្ដោយផ្លូវលេខ ២០០៤ ខណ្ឌពោធិ៍សែនជ័យ រាជធានី-ភ្នំពេញ ក្រោយពេលលោកភៀសខ្លួនពីការឡោមព័ទ្ធនៅខេត្តព្រះសីហនុ។
អ្នកស្រី គា ស៊ីសុគន្ធ ភរិយារបស់លោក ម៉ៃ ហុងស្រៀង និយាយចំពោះការផ្តន្ទាទោសមកលើប្តីខ្លួន និងសុំឲ្យមានការដោះលែងប្តីមកវិញថា៖ «ខ្ញុំមានតែការសោកស្តាយ និងគិតថាជាទង្វើមួយអយុត្តិធម៌ចំពោះគាត់ ព្រោះប្តីខ្ញុំមិនបានធ្វើអីខុសឆ្គងដោយគ្រាន់តែការបញ្ចេញមតិសោះក៏ដល់ថ្នាក់ចាប់ដាក់គុកដាក់អី»។
ជាមួយគ្នានេះដែរពីម្សិលមិញ សភាស៊ើបសួរសាលាឧទ្ធរណ៍ក៏បានច្រានចោលភ្លាមៗនូវបណ្តឹងទាស់នឹងដីកាឃុំខ្លួនសកម្មជននៃអតីតបក្សសង្គ្រោះជាតិ ៣ នាក់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសតាមដីកាចោទរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលដែលប្តឹងដោយមេធាវីការពារសិទ្ធិឲ្យជនទាំង ៣ បន្ទាប់ពីជំនុំជម្រះប្រមាណ ១ ម៉ោង។
សវនាការជំនុំជម្រះនេះបានធ្វើឡើងនៅក្នុងសាលបន្ទប់សាលាឧទ្ធរណ៍ដោយអសាធារណៈទៅលើឈ្មោះ លី លីន ភេទប្រុស អាយុ ៤១ ឆ្នាំរស់នៅស្រុកកៀនស្វាយឈ្មោះ លី ម៉េងឃាង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ និងឈ្មោះ ឈុន ថៃ ហៅ ឈុនថៃយុទ្ធ ភេទប្រុស អាយុ ៥៦ ឆ្នាំ (អតីតជំទប់ទី ១ ឃុំព្រែកថ្មី) នៅស្រុកកោះធំ ខេត្តកណ្តាលដែលពួកគេទាំងនោះជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការសម្រេចច្រានចោលរបស់តុលាការគឺយោងលើមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌស្តីពីការឃុំខ្លួនដែលត្រូវរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី។ លោកបានអះអាងថាការសម្រេចនេះក៏យោងថា នីតិវិធីរបស់កម្លាំងសមត្ថកិច្ចធ្វើឡើងត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «មេធាវីគាត់ប្តឹងមកត្រឹមត្រូវតាមទម្រង់ច្បាប់ហើយ ប៉ុន្តែការសម្រេចរបស់តុលាការគឺស្របទៅតាមគោលការណ៍ច្បាប់។ ចំពោះការលើកឡើងថា ការចាប់ខ្លួនពួកគាត់មិនមានដីការមានអីហ្នឹង វាមិនដែលគេមិនមានដីកា ទៅចាប់ខ្លួនគាត់ ហើយអ្នកអត់ប្រព្រឹត្តបទល្មើសគេទៅចាប់ទេ។ អ៊ីចឹងអ្នកនោះប្រព្រឹត្តបទល្មើសហើយ បានគេចាប់ដែលតុលាការគេចោទប្រកាន់ហ្នឹង គេមានលក្ខណៈគ្រប់គ្រាន់របស់គេហើយ»។
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ សមត្ថកិច្ចនគរបាលខេត្តកណ្តាលបានចាប់ខ្លួនសមាជិកអតីត CNRP ចំនួន ៣ នាក់ខាងលើនៅទីតាំងផ្សេងគ្នា ដោយគ្មានដីកាបង្គាប់ឲ្យចាប់ខ្លួនពីអយ្យការនៃសាលាដំបូងខេត្តកណ្តាលទេ ខណៈនគរបាលខេត្តនេះបានអះអាងថា មុនសមត្ថកិច្ចធ្វើការចាប់ខ្លួនសកម្មជនអតីតបក្សប្រឆាំងទាំង ៣ រូបនេះនគរបាលបានជូនដំណឹងទៅព្រះរាជអាជ្ញារួចហើយ។
ការអះអាងផ្ទុយគ្នានេះជាមូលហេតុបណ្តាលឲ្យលោក ជូង ជូងី សម្រេចដាក់ពាក្យបណ្តឹងទាស់នឹងដីកាចាប់ខ្លួនដែលមានលក្ខណៈខុសនីតិវិធីដោយលោកចាត់ទុកថា ផ្ទុយនឹងតាមមាត្រា ៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលសមត្ថកិច្ចអាចចាប់ខ្លួនជនសង្ស័យណាម្នាក់ត្រូវតែមានលិខិតជាលាយលក្ខណ៍អក្សរ។
លោក ជូង ជូងី មេធាវីការពារជនត្រូវចោទទាំង ៣ បាននិយាយក្រោយដើរចេញពីបន្ទប់សវនាការថា ការសម្រេចនេះត្រូវបានប្រកាសសាលដីកាភ្លាមៗ បន្ទាប់ពីតុលាការសាលាឧទ្ធរណ៍ដែលក្នុងអង្គសវនាការមានសមាសភាពចៅក្រម ៣ រូប និងមានលោក ចៅក្រម ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
លោកមេធាវី អះអាងថា៖ «ការប្រកាសសាលដីកាតម្កល់នឹងបណ្តឹងជំទាស់ដីការឃុំខ្លួននេះគឺស្មើនឹងតុលាការសាលាឧទ្ធរណ៍ការពារចំណាត់ការរបស់នគរបាលបំពានច្បាប់ និងបំពាននីតិវិធីរបស់នគរបាលយុត្តិធម៌។ បញ្ហានេះយើងនឹងធ្វើពាក្យប្តឹងទៅតុលាការកំពូលបន្តទៀត ព្រោះយើងយល់ថាតាំងពីចំណាត់ការរបស់នគរបាលយុត្តិធម៌មកដល់តំណាងអយ្យការ និងទៅដល់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលសុទ្ធតែបំពានច្បាប់ទាំងអស់»។
បន្ថែមពីនេះលោក ជូង ជូងី ក៏បានឆ្លើយការពារកូនក្តីរបស់លោកថា ពួកគេមិនបានញុះញង់ដូចការចោទប្រកាន់នោះទេ ហើយសកម្មភាពរបស់ពួកគេក៏មិនមែនជាបទល្មើសជាក់ស្តែងដែរ។
លោកបញ្ជាក់ថា៖ «ដូច្នេះអ្វីដែលខ្ញុំសោកស្តាយត្រង់ថា នគរបាលបំពានច្បាប់អ៊ីចឹងហើយតំណាងអយ្យការអត់មានពិនិត្យពីភាពត្រឹមត្រូវតាមច្បាប់ ហើយបែរជាធ្វើការចោទប្រកាន់គាំទ្រការឃាត់ខ្លួនទាំងបំពានច្បាប់របស់នគរបាលយុត្តិធម៌ និងថែមទាំងចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស»៕