ភ្នំពេញៈ សម្តេច ​នរោត្តម​ សិរីវុឌ្ឍ ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​កម្ពុជា ​និងជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី ​គឺជា​ឥស្សរជន​ម្នាក់​ក្នុង​ចំណោម ​ជនបរទេស​ចំនួន ​១៤២ រូប ដែលទទួល​បាន​គ្រឿងឥស្សរិយយស​សម្រាប់​និទាឃរដូវ​ឆ្នាំ ២០១៩ ​ពីរដ្ឋាភិបាល​ជប៉ុន ​កាលពី​ថ្ងៃទី ២១ ​ខែ ឧសភា ​ដែលប្រទេស​ប្រជាធិបតេយ្យ​មួយនេះ ​បានរៀបចំ​ប្រកាស​ថ្វាយ ​និង​ផ្តល់​ឲ្យ​សម្រាប់​ជនបរទេស។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ កាលពី​ថ្ងៃទី ២១ ​ខែ ឧសភា ​បាន​ឱ្យ​ដឹង​ថា ​ការថ្វាយគ្រឿង​ឥស្សរិយយស​នេះ​ដល់​សម្តេច​ នរោត្តម​ សិរីវុឌ្ឍ ​គឺជា​ការទទួលស្គាល់​ការ​រួម​ចំណែក​របស់​សម្តេច ​ដែល​បាន​ពង្រឹង​ទំនាក់​ទំនង ​និង​មិត្តភាព​រវាង​ជប៉ុន ​និង​កម្ពុជា។

​សេចក្តី​ប្រកាស​ព័ត៌មានដដែល ​បញ្ជាក់ថា​៖ «ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ ​នាពេល​ដែល​សម្តេច​ នរោត្តម ​សិរីវុឌ្ឍ ​ត្រូវបាន​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី ​សម្តេច​បាន​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​មិន​ត្រឹមតែ​ក្នុង​ឋានៈ​ជាឧបនាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ ​តែ​ក្នុង​ឋានៈ​ជាឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ ​ក៏ដូចជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិ​ភាព​ផង​ដែរ។ ប្រទេស​យើង​ទាំង ២ បាន​ឈានដល់​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​នាពេល​បច្ចុប្បន្ន ​អាស្រ័យ​ដោយការ​លះបង់​ឥត​ឈប់ឈរ​របស់​សម្តេច​ចំពោះ​ទំនាក់​ទំនង​របស់​យើង»។

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​លោក​គាំទ្រ​ដែល​សម្តេច ​នរោត្តម ​សិរីវុឌ្ឍ​ ទទួល​បាន​កិត្តិយស ​និង​ការ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​ជប៉ុន ​ដែល​ជាទំនាក់​ទំនង​ល្អ​មួយ​បំពេញ​បន្ថែម​ទៀត ​រឹតតែ​ពង្រឹង​កិច្ចការ​បរទេស ​និង​ទំនាក់​ទំនង​បរទេស​រវាង​ប្រទេស​ទាំង ២។

លោក​ ផៃ ស៊ីផាន ​បញ្ជាក់ថា​៖ «ព្រះអង្គ​លោក​ធ្លាប់ជា​រដ្ឋមន្ត្រី​ក្រសួង​ការបទេស​ទី១។ ទី២ ​ព្រះអង្គ​បានបង្កើត​វិទ្យាស្ថាន ​[ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព​]។ លោក​បានបង្កើន ​និង​បាន​ចូលរួម​ច្រើន​ជាមួយ​នឹងការ​កសាង ​បន្សល់​នូវ​ស្នាដៃ​ច្រើន​ដែល​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​និង​កិច្ច​ការពារ​ប្រទេស​ជាតិ​នេះ​ឯង»។

កាល​ពីឆ្នាំ ២០១៨ ​លោក​កែវ ពុទ្ធរស្មី ​អតីត​ឧបនាយក​រដ្ឋមន្ត្រី ​និងបច្ចុប្បន្នជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​កម្ពុជា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ​ក៏បាន​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​និទាឃ​រដូវ​ឆ្នាំ ២០១៨ នេះ​ដែរ ​ពីរដ្ឋាភិបាល​ជប៉ុន ​ក្នុង​ចំណោម​ជនបរទេស​ចំនួន​ ១៤០ រូប​ ដែល​ជាការទទួលស្គាល់​រូប លោក​ក្នុង​ការរួម​ចំណែក​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ​និង​ទំនាក់​ទំនង​ជាមិត្តភាព​រវាង​ប្រទេស​ជប៉ុន​-កម្ពុជា៕