ក្រុមហ៊ុន ស៊ីភី ខេមបូឌា (CP) ​ក៏ដូចជា​ក្រុមហ៊ុន Charoen Pokphand Foods PCL ​នៅក្នុង​ប្រទេស​ថៃ​ផង​ដែរ​បាន​រក្សា​តម្លៃ​ស្នូល​ ៣ ​ក្នុង​រយៈពេល​យូរ​នូវ​ចំណុច​សំខាន់ៗ​នៃ​របៀប​ដែល​ខ្លួន​ធ្វើ​អាជីវកម្ម គឺ​ក្រុមហ៊ុន​ត្រូវ​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ត្រូវ​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ហើយ​ក្រុមហ៊ុន​នេះ​គួរតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ក្រុម​វិនិយោគិន​ក្រុមហ៊ុន និង​ភាគទុនិក​។

ប៉ុន្តែ​សហគ្រាស​ចិញ្ចឹម​សត្វ និង​កសិកម្ម​ធំ​ជាង​គេ​មួយ​នេះ​របស់​កម្ពុជា​បាន​ដំណើរការ​ទៅ​មុខ​កាន់តែ​ឆ្ងាយ​ក្នុង​ការអនុវត្ត​តាម​គោលការណ៍​ ៣ ​ផ្សេង​ទៀត ដើម្បី​ប្រតិបត្តិការ​សន្ដិសុខ​ស្បៀងអាហារ​ប្រកប​ដោយ​ស្ថិរភាព សមត្ថភាព​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង និង​តុល្យភាព​បរិស្ថាន​។

លោក Wittaya Kreangkriwit អនុប្រធាន​ទទួល​បន្ទុក​គម្រោង​ពិសេស និង​ផ្នែក​ទំនាក់ទំនង​រដ្ឋាភិបាល​នៅ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​ថ្លែង​ថា​គោលការណ៍​ទាំងនេះ​បាន​មើល​ឃើញ​ការចូលរួម​របស់​ក្រុមហ៊ុន និង​លើក​កម្ពស់​សកម្មភាព​មួយចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា​ការ​បរិច្ឆាគ​ឈាម ការ​ធ្វើ​អំណោយ​ស្បៀងអាហារ និង​ការឧបត្ថម្ភ​ដល់​យុវជន​។

នៅ​ឆ្នាំ​នេះ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​ចាប់ផ្ដើម​យុទ្ធនាការ​សង្គម​ថ្មី​មួយ​ទៀត ដើម្បី​ជួយ​បង្កើន​ភាព​យល់​ដឹង​សម្រាប់​ម្ចាស់​ឈាម​។

លោក Wittaya Kreangkriwit បាន​ថ្លែង​ថា៖ «​យើង​បាន​កំណត់​ទិសដៅ​ឈាម​ ១ ​លាន​មីលីលីត្រ​ក្នុង​មួយ​ឆ្នាំ​។ ជាមួយ​នឹង​កម្មវិធី​ថ្មី​នេះ​យើង​មាន​បំណង​ជួយ​ដល់​ប្រជាជន​ដែល​មាន​របួស​ដោយ​គ្រោះថ្នាក់ ឬ​ជំងឺឆ្លង​។ យើង​ចាប់ផ្ដើម​ជាមួយ​នឹង​បុគ្គលិក​ផ្ទាល់​របស់​យើង ព្រម​ទាំង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ចូលរួម​ផង​ដែរ​។ យើង​នឹង​សហការ​ជាមួយ​សមាគម​យោធា សមាគម​នគរបាល និង​សមាគម​យុវជន ដើម្បី​ផ្ដល់​ការជួយ​សម្រួល និង​កាលៈទេសៈ​សម្រាប់​ពួកគេ​ក្នុង​ការចូលរួម​»​។

ការផ្គត់ផ្គង់​ស្បៀងអាហារ​ប្រកប​ដោយ​ស្ថិរភាព​សម្រាប់​ប្រជាជន​កម្ពុជា គឺ​ស្ថិត​ក្នុង​អាជីវកម្ម​ស្នូល​របស់​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ប៉ុន្តែ​សម្រាប់​ការងារ​ស្នូល​នោះ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ​ធ្វើ​លើស​ពី​ការផ្គត់ផ្គង់​ផលិតផល​ដល់​អតិថិជន​ទៅ​ទៀត​។ ក្រៅពី​ការផ្គត់ផ្គង់​ផលិតផល​ពិតប្រាកដ​ដូចជា​ផលិតផល​ចំណី​សត្វ ផលិតផល​បង្កាត់​ពូជ​សត្វ និង​ផលិតផល​ស្បៀងអាហារ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា សហការ​ជាមួយ​កសិករ​តាម​មូលដ្ឋាន និង​ផ្ដល់​ជំនួយ​បច្ចេកទេស ដើម្បី​ជួយ​ដល់​ពួកគេ​បង្កើត​អាជីវកម្ម​របស់​ពួកគេ​ក្នុង​ការ​បង្កើន​ស្បៀងអាហារ​ប្រកប​ដោយ​ស្ថិរភាព សម្រាប់​សង្គម​កម្ពុជា​។

សកម្មភាព​សង្គម​មួយ​ចំនួន​របស់​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ដែល​រួមមាន​ការផ្ដល់​អាហារ​ក្ដៅ​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ (NGO) ​ដែល​ជ្រើសរើស​ជុំវិញ​ប្រទេស​នេះ​ដូចជា អង្គការ​ក្ដីសង្ឃឹម អង្គការ​គ្រួសារ​ថ្មី​ និង​អង្គការ​ក្មេង​កំព្រា​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

ជា​រៀងរាល់​ខែ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​ផ្ដល់​អាហារ​យ៉ាង​ហោច​ណាស់​ដល់​សិស្ស​ ៣៥០ ​នាក់ ហើយ​នៅក្នុង​តំបន់​ជាច្រើន​ផ្សេង​ទៀត​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ធ្វើ​ការងារ​ជាមួយ​សហគមន៍​មូលដ្ឋាន​តាមរយៈ​គម្រោង​ឧបត្ថម្ភ ដើម្បី​គាំទ្រ​មនុស្ស​ចាស់​។

លើស​ពី​នេះ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា មាន​គម្រោង​មួយ​សម្រាប់​ការដាំ​ដើមឈើ​រាប់ពាន់​ដើម​ជុំវិញ​កសិដ្ឋាន និង​សាលារៀន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល​។

គម្រោង​ផ្សេង​ទៀត​ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​ណែនាំ​ដោយ​ស្ងៀមស្ងាត់​ដល់​សាលារៀន​ជនបទ​ឲ្យ​កែលម្អ​បង្គន់​អនាម័យ​សម្រាប់​សិស្ស​។

ដោយសារ​តែ​ធនធាន​មាន​កម្រិត​កំណត់ សាលារៀន​ជាច្រើន​មាន​បង្គន់​អនាម័យ​មិន​ល្អ​ហើយ​សិស្ស​ប្រុស​ និង​សិស្សស្រី​ជាង​ ១០០ ​នាក់​ជួនកាល​ត្រូវ​តែ​ប្រើប្រាស់​បង្គន់​អនាម័យ​មួយ​រួមគ្នា​។ ក្រុមហ៊ុន ស៊ីភី ខេមបូឌា មាន​បំណង​ជួយ​សាលារៀន​តាម​ជនបទ ដើម្បី​កែលម្អ​បង្គន់​អនាម័យ និង​អនាម័យ​របស់​សិស្ស​។ ដូច្នេះ​ក្រុមហ៊ុន​ស៊ីភី ខេមបូឌា បាន​ផ្ដល់​បង្គន់​អនាម័យ​សម្រាប់​សិស្ស​ប្រុស និង​សិស្សស្រី​សម្រាប់​ការប្រើប្រាស់​ចាំបាច់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​នៅក្នុង​សាលារៀន​។

មិនមែន​មាន​តែ​គម្រោង​មួយ​ដែល​មាន​បំណង​សម្រាប់​យុវជន​ដែល​ក្រុមហ៊ុន​ស៊ីភី ខេមបូឌា ​បាន​ចូលរួម​ប៉ុណ្ណោះ​ទេ​។

ការប្រកួត​ប្រជែង​ទេពកោសល្យ​ថា្នក់​ជាតិ​ដ៏ពេញ​​និយម ដែល​គេ​ស្គាល់​ថា ជា​កម្មវិធី «​បវរកញ្ញា និង​បវរ​បុរស​» ​មើល​ឃើញ​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ឧបត្ថម្ភ​មួយ​ផ្នែក​ដែល​ជំរុញ​ឲ្យ​អ្នក​ចូលរួម​តាម​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​លើកកម្ពស់​តារា​នាពេល​អនាគត​របស់​យុវវ័យ​ខ្មែរ​ជំនាន់​ក្រោយ​។

លោក Wittaya បាន​ថ្លែង​ថា៖ «​យើង​សង្ឃឹម​ថា​យើង​អាច​រកឃើញ​បុគ្គល​មាន​ទេពកោសល្យ​មួយ​ចំនួន​ព្រមទាំង​លើក​ចិត្ត​ចិត្ត​ពួកគេ​ពី​របៀប​ក្នុង​ការ​ធ្វើ​ខ្លួនឯង​ឲ្យ​បាន​ល្អ​បំផុត​»​។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជឿជាក់​ថា​តាមរយៈ​នវានុវត្តន៍ និង​ប្រសិទ្ធភាព​ក្រុមហ៊ុន​ ស៊ីភី ខេមបូឌា អាច​លើក​កម្ពស់​គុណភាព និង​សុវត្ថិភាព​ស្បៀងអាហារ និង​បង្កើត​សង្គម​មួយ​មាន​សុខភាព​ល្អ និង​ពឹង​ផ្អែក​លើ​ខ្លួនឯង​ដោយ​មិន​គិត​ពី​ធនធាន​ធម្មជាតិ​មាន​កម្រិត​នោះ​ទេ​។ តាម​មធ្យោបាយ​នេះ ក្រុមហ៊ុន​នេះ​អាច​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ដ៏អាក្រក់ ព្រមទាំង​ការពង្រឹង​សង្គម និង​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព​៕