ភ្នំពេញៈ ​លោក​ កែវ រតនា អតីត​ប្រធានការិយាល័យ​វិទ្យុ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​សាក្សី​ចុងក្រោយ​ក្នុង​ចំណោម​សាក្សី ៨ រូប​ដែល​ចៅក្រម​ស៊ើបសួរ​លោក គី ឫទ្ធី បាន​កោះហៅ​បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង ​«​ក្បត់ជាតិ​» ​ដ៏ចម្រូងចម្រាស​របស់​លោក កឹម សុខា ដែល​មជ្ឈដ្ឋាន​ជាច្រើន​ចាត់​ទុក​ថា​គឺជា​រឿង​នយោបាយ​។

លោក​ រតនា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​ចៅក្រម​បាន​សាកសួរ​លោក​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា និង​ការងា​របស់​លោក​ផ្ទាល់ ពេល​បម្រើ​ការងារ​នៅ​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ចូល​បំភ្លឺ​ហើយ​រយៈពេល​ជាង​មួយ​ម៉ោង​។ រឿង​ទាំងអស់​ហ្នឹង​គេ​កោះហៅ​ខ្ញុំ​ទាក់ទង​នឹង​រឿង​សន្ទិដ្ឋិភាព​ឯកឧត្តម កឹម សុខា គឺ​ទាក់ទង​រឿង​ទាំងអស់​នេះ​។ សំណួរ​ភាគច្រើន​ទាក់ទង​នឹង​ឯកឧត្តម កឹម សុខា ខ្លះ​ទៅ​ហើយ​ក៏​មាន​សំណួរ​ទាក់ទង​ការងារ​របស់​ខ្ញុំ​ខ្លះ​ទៅ និង​បញ្ហា​ផ្សេងៗ​ទៀត​»​។ «​ក្នុង​នាម​សាក្សី​បើ​សិន​មាន​លិខិត​ណាមួយ​ដែល​នៅ​តែ​សង្ស័យ​ ឬ​នៅ​មិនទាន់​ទទួល​បាន​ចម្លើយ​ខ្ញុំ​នឹង​បន្ត​បំភ្លឺ តែ​ខ្ញុំ​សង្ឃឹម​ថា​អ្វី​ដែល​ខ្ញុំ​បាន​ផ្តល់​ល្អ​ប្រសើរ​ទៅ​ចុះ​ក្នុង​នាម​ជា​អ្នកព័ត៌មាន យើង​មិន​មាន​អ្វី​ផ្សេង​ក្រៅពី​ព័ត៌មាន​ទេ​»​។

លោក​ សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃទី​ ៣ ខែ​កញ្ញា​ឆ្នាំ​មុន​ហើយ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​» ដែល​ការចោទប្រកាន់​នេះ​គឺ​ពាក់ព័ន្ធ​នឹង​វីដេអូឃ្លីប​មួយ​ដែល​លោក​បាន​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ពី​ឆ្នាំ​ ២០១៣​។

បើ​តាម​លោកស្រី​ ម៉េង សុភារី មេធាវី​លោក​ សុខា ក្រុម​មេធាវី​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​ពាក់ព័ន្ធ​នឹង​ការសុំ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​មក​ទល់​ពេល​នេះ​តុលាការ​កំពូល​មិន​ទាន់​សម្រេច​លើ​ថ្ងៃ​សវនាការ​នៅ​ឡើយ​៕