ព្រះសីហនុៈ អាជ្ញាធរមូលដ្ឋាននៃខេត្តព្រះសីហនុ និងម្ចាស់កំពង់ផែចតទូកនិងជួសជុលទូកបានព្រមព្រៀងគ្នាសាងសង់កំពង់ផែខ្នាតធំមួយនៅក្នុងភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវដែលជាទីតាំងសំខាន់សម្រាប់ចតទូកនេសាទរបស់ប្រជាពលរដ្ឋ។
លោក ឱ សារឿន អ្នកនាំពាក្យខេត្ដព្រះសីហនុ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្នុងខេត្ដព្រះសីហនុទាំងមូលនៅមិនទាន់មានកំពង់ផែចតទូក ឬអ៊ូទូក (កន្លែងជួសជុលទូក) ខ្នាតធំនៅឡើយទេ ដូច្នេះករណីអភិវឌ្ឍកំពង់ផែអ៊ូទូកនេះ គឺជាតម្រូវការជាក់ស្ដែងរបស់ខេត្ដ។
លោក សារឿន បានថ្លែងថា៖ «យើងមិនមានជំទាស់អីទេរឿងនេះព្រោះវាខ្វះមែនប៉ុន្ដែអ្វីដែលយើងមើលឃើញថា មានបញ្ហានោះ គឺក្រុមហ៊ុនគាត់មានការយឺតយ៉ាវធ្វើច្បាប់ទម្លាប់ឲ្យបានពេញលេញ។ អាជ្ញាធរខេត្ដគឺគាំទ្រ ក្នុងរឿងត្រង់ថា គាត់មានគំនិត និងបោះទុនសម្រាប់ការវិនិយោគ ក៏ដូចជាការពង្រីក កំពង់ផែអ៊ូទូក ឲ្យវាមានភាពទំនើប ដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋ»។
លោក សារឿន ចំពោះករណីចាក់ដីលុបចូលសមុទ្រដែលជាបញ្ហាមានការព្រួយបារម្ភនោះត្រង់ចំណុច ដើម្បីអាចចាក់ដែករ៉ៃ (ចាក់គ្រឹះ) ចូលទៅក្នុងទឹកកើត ក្រុមហ៊ុនត្រូវការចាក់ដីព័ទ្ធ ដើម្បីបូមទឹកចេញ ទើបអាចចាក់គ្រឹះបេតុង និងដែករ៉ៃទៅក្នុងទឹកកើត បន្ទាប់ពីការសាងសង់រួចរាល់ហើយ ក្រុមហ៊ុនគាត់ត្រូវតែកាយដីដែលគាត់ចាក់ទប់ទឹកនោះចេញវិញទៅវាចប់ហើយ។
លោក សារឿន ថ្លែងថា៖ «(យើង) សង្ឃឹមថា ក្រុមហ៊ុនក៏ធ្វើទៅតាមការសន្យារបស់គាត់ឲ្យបានត្រឹមត្រូវដែរ ខេត្ដគាំទ្រលើការអភិវឌ្ឍរបស់គាត់ ដើម្បីឲ្យមានសេវាកម្មល្អបម្រើជូនប្រជាពលរដ្ឋនៅក្នុងខេត្ដយើង»។
លោក យន្ដ មីន បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នាពេលកន្លងមកថា មន្ត្រីបានចុះដល់កន្លែងអភិវឌ្ឍកំពង់ផែអ៊ូទូកនោះហើយ។
លោក មីន ថ្លែងថា៖ «កន្លែងអ៊ូទូកហ្នឹងជាគោលការណ៍ គឺខេត្ដយើងគាំទ្រគេអភិវឌ្ឍព្រោះអីមានទូកយើងរាប់ពាន់គ្រឿងដែលត្រូវការអ៊ូទូក ប៉ុន្តែរឿងបញ្ហាបច្ចេកទេសថា ត្រូវធ្វើយ៉ាងម៉េចនោះគឺកំពុងរៀបចំប្លង់មកសុំច្បាប់»។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវដែលបានចូលរួមចុះត្រួតពិនិត្យដែរនោះបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនបានមកសុំដល់ស្រុករួចហើយថា ក្រុមហ៊ុនចាក់ដីដើម្បីបិទទឹកក្នុងការជួសជុលចាក់គ្រឹះ។
លោកថា៖ «ខ្ញុំឲ្យក្រុមការងារចុះទៅពិនិត្យ គឺក្រុមហ៊ុនចាក់ដីបិទទឹក ដើម្បីចាក់គ្រឹះដូររ៉ៃ ដូររ៉ៃហើយកាយដីនោះចេញវិញហើយ»។
ទោះជាយ៉ាងណាក៏ដោយលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលបានតាមដានករណីរំលោភដីឆ្នេរ និងដីនៅតំបន់ខេត្តជាប់សមុទ្រនោះ កាលពីម្សិលមិញ បានសម្ដែងការបារម្ភចំពោះការចាក់ដីចូលសមុទ្រនេះ។
លោក សុខុម ថ្លែងថា៖ «ការចាក់ដីចូលសមុទ្រនៅតែបន្តចាក់យ៉ាងគឃ្លើន ការចាក់នេះកាន់តែចាក់ចូលជ្រៅទៅៗហើយ។ គម្រោងគេថា អភិវឌ្ឍអ៊ូទូក តែមិនឃើញមានគម្រោងអភិវឌ្ឍន៍ មានផែនទីកំណត់ថា ទំហំនៃការអភិវឌ្ឍនោះប៉ុនណាទេ គ្មានគោលដៅច្បាស់លាស់ចេះតែចាក់លុបទៅ»។
លោក សុខុម អះអាងថាសមុទ្រជាទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ គ្មានបុគ្គលណាមានសិទ្ធិអនុញ្ញាតឲ្យគេចាក់ដីលុបបានទេ មានតែប្រមុខរាជរដ្ឋាភិបាលទេដែលមានសិទ្ធិ។
លោក ប៉ូច ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ នៃតំបន់អ៊ូទូកនោះ បានឲ្យដឹងថា បច្ចុប្បន្ននេះ ម្ចាស់អ៊ូទូកកំពុងបន្ដសកម្មភាពចាក់ដីលុបសមុទ្រជាបន្ដបន្ទាប់នៅចំណុចអ៊ូទូកនោះ។
កាលពីមុនអ៊ូទូកនេះ វាមិនទាន់មានចូលដល់ក្នុងសមុទ្រទេ ប៉ុន្ដែពេលនេះឃើញចាក់ដីចូលក្នុងសមុទ្រជ្រៅ ប្រវែងប្រហែលជា ៧០ ម៉ែត្រហើយនឹងបន្ដចាក់ចូលសមុទ្រឆ្ងាយទៅៗធ្វើឲ្យមានការបារម្ភថ្ងៃក្រោយ៕