ភ្នំពេញៈ កាក​សំណល់​សំរាម​ផ្ទះ​បាយ​នៅ​រាជធានី​ភ្នំពេញ​ កើនឡើង​ដល់​ជិត ៣ ពាន់​តោន​ក្នុង១ថ្ងៃនា​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ខណៈ​សាលា​រាជធានី​ភ្នំពេញ កំពុង​ស្វែង​រក​ក្រុម​ហ៊ុន​ដៃ​គូមក​កែ​ច្នៃ​ឱ្យ​​ទៅ​ជា​ថាម​ពល​អគ្គិ​សនីនិង​ជី​កំប៉ុស​។ នេះ​បើ​តាម​ លោក​ កែវ ចាន់​ណា​រិ​ទ្ធ ប្រ​ធាន​គណៈ​គ្រប់​គ្រង​ទីលាន​ចាក់​សំរាម​ដង្កោ ​រាជ​ធានី​ភ្នំពេញ​ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែកញ្ញានេះ​។

លោក​ ចាន់​ណា​រិ​ទ្ធ បាន​ថ្លែង​ថា សំរាម​បាន​កើន​ឡើង​ជា​មធ្យ​ម​ប្រ​មាណ​២៧០០​តោន​ក្នុង​១​ថ្ងៃ​នៅ​រាជ​ធានី​ភ្នំពេញ​ ជា​សំណល់​រឹង​ទី​ក្រុង​ប្រ​ភេទ​សំរាម​ផ្ទះ​បាយ​ដែល​មិន​គ្រោះ​ថ្នាក់​។

លោក​ថ្លែង​ថា៖​«បើ​យើង​មើល​លើ​របាយ​ការណ៍​រយៈ​ពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា ​សំរាម​មាន​ការ​កើន​ឡើង​ក្នុង​១​ឆ្នាំ​ប្រ​មាណ​ ៦​ម៉ឺន​តោន​និង​បាន​កើន​ឡើង​យ៉ាង​គំហុក​ខ្លាំង​ក្នុង​ឆ្នាំ​ ២០១៨​ នេះ»​។

លោក ​ចាន់​ណា​រិ​ទ្ធ បន្ដ​ថា​ កន្លង​មក​មាន​ក្រុម​ហ៊ុន​អន្ដរ​ជាតិ​ជា​ច្រើន​ចង់​មក​វិនិយោ​គ​លើ​ការ​កែ​ច្នៃ​សំរាម​នៅ​កម្ពុជា​នេះ​ខណៈ​សា​លា​រាជ​ធានី​ភ្នំ​ពេញ​ក៏​បាន​បើក​ទូ​លាយ​។

លោក​ថា៖​«ពីមុ​នមក​មាន​ក្រុម​ហ៊ុន ​ចិន​ ជប៉ុន ​កូរ៉េ ​និង​ក្រុម​ហ៊ុន​មក​ពី​អ៊ឺរ៉ុប ​មួយ​ចំនួន​ទៀ​ត មាន​បំណង​ចង់​​វិនិ​យោគ​លើ​ការ​កែ​ច្នៃ​សំរាម​នៅ​កម្ពុជា​យើង។​ សា​លា​ក្រុង ​ក៏​​បើក​ទូលាយ​ដល់​ក្រុម​ហ៊ុ​ន​ដែល​មាន​ចំណាប់​អារម្ម​ណ៍​ចង់​ចូល​រួម​វិនិយោគ​ចំពោះ​ការ​កែ​ច្នៃ​សំ​រាម​នេះ​ដែរ»​។

យ៉ាង​ណា​ក្ដី ​លោក​ ចាន់​ណា​រិ​ទ្ធ ​អះ​អា​ងថា ​សម្រាប់​បច្ចុប្បន្ន​ សំរាម​នៅ​មិន​ទាន់​មាន​ការ​បែង​ចែក​ដាច់​ពី​គ្នា​ច្បាស់​សាស់​ទេ គឺ​មាន​តែ​ការ​ញែក​បែប​មិន​ផ្លូវ​ការ​ប៉ុណ្ណោះ​។

លោក​ថា៖ «សព្វ​ថ្ងៃនេះ​ មាន​តែ​ការ​ញែក​សំរាម​ដោយ​មិន​ផ្លូវ​កា​រ​តាម​រយៈ​អ្នក​រើស​អេត​ចាយ​។…​ពួក​គាត់​រើស​យក​តែរ​បស់​មាន​តម្លៃ​អាច​យក​ទៅ​កែច្នៃ​​បាន​គាត់​​លក់​បន្ដ​ ឯ​ការញែក​សំរាម​ផ្លូវការ​នៅ​មិន​ទាន់​មាន​ទេ»​។

បើ​តាម​លោក ចាន់ណា​រិ​ទ្ធ លោក​អភិបា​ល​រាជ​ធានី​ភ្នំពេញ ​កំពុ​ងផ្ដល់​លទ្ធភាព​ដល់​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ចំនួន​ ដើម្បី​សិក្សា​ពី​សំរាម​នៅ​ភ្នំពេញ កែ​ច្នៃ​ទៅជា​​ថាម​ពល​អគ្គិ​សនី​និង​ជា​ប្រ​ភេទ​ជី​កំ​ប៉ុស​។

លោក​បាន​បញ្ជាក់​ថា៖ ​«សាលា​ក្រុង​បាន​ប្រជុំ​ពិភាក្សា ជា​មួយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ ហើយ​ក្រុម​ហ៊ុន​ទាំងអ​ស់​នោះ​កំពុង​សិក្សា​បឋម​ហើយ​របាយ​ការណ៍​ជាក់​លាក់​នឹង​មាន​នៅ​ពេល​ក្រោយ…​ »។

លោក​ ណារិ​ទ្ធ​ បន្ដ​ថា សំរាម​នៅ​ភ្នំពេញ​សព្វថ្ងៃ​ជាង​៦០​ភាគ​រយ​ជា​ប្រភេទ​សំរាម​សិរី​រា​ង្គ​ឬ​សំរាម​ផ្ទះ​បាយ​ដែលអាច​​កែ​ច្នៃ​ជា​ជី​កំប៉ុស​ ។ លោកថា៖ «អ៊ី​ចឹង​យើង​កំពុង​ពិនិត្យ​មើល​ថា តើ​មាន​លទ្ធភាព​យ៉ាង​ម៉េច​ ដើម្បី​កែច្នៃ​សំរាម​ទាំង​នោះ​ឲ្យ​ទៅជា​ជី​កំប៉ុស​វិញ»។

ដោយ​ឡែក​ ចំពោះ​សំណល់​ប្លាក​ស្ទិ​ក​វិញ សព្វថ្ងៃ​មាន​ជាង១៨ភាគរយនៃ​សំរាម​សរុបប្រមាណ៦០០តោន​ក្នុង១ថ្ងៃ​។ នេះ បើ​តា​ម​លោក ​ចាន់​ណា​រិ​ទ្ធ។

លោក​ថា៖«អ៊ីចឹ​ង​យើង​ក៏​កំពុង​ទាញ​លទ្ធ​ភាព​ដូច​គ្នា។ ​ដូច​យើង​ដឹង​ហើយ​ថា ​សំណល់​ប្លាស្ទិ​ក​នេះ គឺ​មិន​ងាយ​រលាយ​ទេ អ៊ីចឹ​ង​យើង​កំពុង​ទាក់​ទង​ក្រុម​ហ៊ុន​មួយ​ចំនួន​ដើម្បី​កែ​ច្នៃ​​តាម​ដែល​អាច​ប្រើ​ប្រាស់​បាន»​។

ទោះ​យ៉ាង​ណា ​បើ​តាម​លោក​ ចាន់ណា​រិ​ទ្ធ ​បញ្ហា​ប្រឈម​ចំពោះ​ការ​ប្រមូល​និង​កែ​ច្នៃសំ​រាម​នេះ ​មាន​ផល​ពិបាក​ខ្លះ​ ព្រោះ​ពលរដ្ឋ​មិន​ទាន់​យល់​ដឹង​ពី​ការ​បែង​ចែក​សំរាម ហើយ​សំរាម​ក៏កំពុង​កើន​ឡើង​យ៉ាង​កំ​ហុគ​ផង​ដែរ​។

លោក​ថា៖«ពលរដ្ឋ​យើង​មិន​ទាន់​យល់​ដឹង​ថា​តើ​ធ្វើ​ម៉េច​ក្នុងការ​កាត់​បន្ថយ​កាក​សំណល់​សំរាម​ ពួក​គាត់​គ្រាន់​តែ​ដឹង​ថា​ ធ្វើ​ម៉េច​យក​សំរាម​ចេញ​ពី​ផ្ទះ​ប៉ុណ្ណោះ»​។

ទាក់​ទង​នឹង​បញ្ហា​នេះ រដ្ឋ​លេ​ខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា ករណី​នេះ​ដោយ​សារ​តែ​កំណើន​ពល​រដ្ឋ ការ​ផ្លាស់​ប្តូរ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​ទំនៀម​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់និង​ការ​វេច​ខ្ចប់​ទំនិញ ខណៈការ​កែ​ច្នៃ​សំរាម​នៅ​មាន​កម្រិត​ទាប​ដែលជា​បញ្ហា​ប្រឈមចម្បង​មួយ​លើ​ការ​ងារ​គ្រប់​គ្រង​បរិ​ស្ថាន​នៅ​រាជ​ធានី​ភ្នំ​ពេញ និង​តាម​ទីប្រជុំ​ជនដែល​ទាម​ទារ​ឲ្យ​មាន​ការចូល​រួម​សហ​កា​គ្នាពោលគឺ​ការញែក​សំរាម​ឲ្យ​ដាច់ពីគ្នារវាង​សំណល់​សរីរាង្គ​ដូចជា សំណល់​ប្លា​ស្ទិ​ក និង​សំណល់​គ្រោះថ្នាក់ និងវេច​ខ្ចប់​ឲ្យ​បាន​ត្រឹម​ត្រូវ»។

លោក​បន្ដថា៖«ប្រសិន​បើ​ពលរដ្ឋ​ចូលរួម​អនុវត្ត​វិធី​សាស្ត្រ​ញែក​សំរាម​ទាំងនេះ​បានគ្រប់ៗ គ្នានោះ​អត្រា​សំរាម​ដែល​ត្រូវ​យកទៅ​ចាក់​ចោល​មាន​ចំនួន​តិច​បំផុត​ហើយ​សំណល់​ផ្សេងទៀត​អាច​ត្រូវបាន​ប្រើប្រាស់និង​កែច្នៃ​ឡើងវិញផ្តល់​ផល​ប្រ​យោជន៍ និង​ចំណូល ដល់​បង​ប្អូន​ពល​រដ្ឋ​វិញ»។

លោក ​សំ ​ផល្លា ​នាយក​គ្រប់​គ្រង​គំរោង​អង្គ​ការ​កែ​ច្នៃរំ​រាម​និង​ការ​សិក្សា​នៅ​កម្ពុជាបាន​ថ្លែង​ថា ​ក្នុង​១​ឆ្នាំ អង្គ​ការ​លោក ​បាន​កែ​ច្នែ​សំរាម​សរី​រា​ង្គ​នៅ​ខេត្ដ​បាត់​ដំបង​ទៅ​ជា​ជី​កំប៉ុស​បាន​ចាប់​ពី​ ៤០ ​ទៅ​ ៥០​ តោន។

លោក​ថា៖​ «យើង​អាច​កែច្នៃ​បាន​ច្រើន​ជាង​នេះ ​ងាយ​ស្រួល​បែង​ចែក ហើយ​ពេល​ច្នៃ​រួច មាន​កសិករ​និង​ម្ចាស់​ចម្ការ​គេ​មក​ទិញ​ដល់​កន្លែង។ ជី​កំប៉ុស​ច្នៃ​ពី​សំរាម​នេះ ក្នុង១តោន ខ្ញុំ​លក់​បាន​១២០ដុល្លារ​អា​មេរិក​»។

ទាក់​ទង់​នឹង​កំណើន​សំរាម​លើស​លប់​នេះ លោក ​ផល្លា បាន​លើក​ឡើង​ថា៖«ដំណោះ​ស្រាយ​ប្រសើ​របំផុ​តគឺ​ការកែច្នៃ​សំរាម​នេះ​ហើយ»​៕