ព្រះវិហារ: ស្ដ្រីម្នាក់ក្នុងចំណោមពលរដ្ឋ ៣៣៩ គ្រួសារ ដែល មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពបានស្នើឲ្យអាជ្ញាធរជួយរកប្ដី ដោយអះអាងថា មន្ត្រីយោធាបានចាប់ខ្លួនលាក់ទុកនិងធ្វើទារុណកម្ម ប៉ុន្ដែមន្ត្រីយោធាបដិសេធ ខណៈអភិបាលខេត្តថា ប្ដីស្ត្រីនោះបានរត់គេចពីអាជ្ញាធរទៅលាក់ខ្លួន។
អ្នកស្រី ភិន ម៉ៅ ដែលបាត់ប្ដីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា ប្ដីអ្នកស្រីឈ្មោះ ស៊ុំ ម៉ឺន អាយុ ៥៤ ឆ្នាំ ត្រូវបានលោក លុយ សម្បត្តិ (ហៅ រឹម ខេន) ជាមន្ត្រីយោធាកងពលលេខ ៦ នៃវរអន្តរាគមន៍លេខ ២៦១ បានចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំនេះក្នុងពេលគាត់ត្រឡប់ពីផ្សារ។
អ្នកស្រីបន្តថា រហូតមកទល់ពេលនេះក្រុមគ្រួសារមិនទាន់បានទទួលដំណឹងរស់ឬស្លាប់នៅឡើយ ដោយអ្នកស្រីស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ដោះលែងប្ដីអ្នកស្រី ឲ្យមានសេរីភាពនិងជួបជុំគ្រួសារវិញ។ ការចាប់និងឃុំខ្លួនប្ដីអ្នកស្រីទាំងអាថ៌កំបាំងនេះ ដោយសាររឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព។
អ្នកស្រី ភិន ម៉ៅ បានបញ្ជាក់ថា៖ «ខ្ញុំសូមស្នើឲ្យអាជ្ញាធរជួយរកប្ដីខ្ញុំមកវិញ ព្រោះគាត់បាត់ខ្លួនជាច្រើនថ្ងៃមកហើយ ខ្ញុំមិនដឹងថា មានអ្នកណានៅពីក្រោយខ្នង ហើយយកប្ដីខ្ញុំទៅលាក់ទុក។អ្នកចាប់ប្ដីខ្ញុំហ្នឹង គឺយោធាម្នាក់ឈ្មោះ លុយ សម្បត្តិ (ហៅរឹម ខេន) ដែលជាអ្នកយាមដីឲ្យក្រុមហ៊ុនមេត្រីភាព ហើយខ្ញុំបានទៅសួរគេ គេថាអត់ដឹង ហើយខ្ញុំទៅរកនៅពន្ធនាគារខេត្ត ទៅរកនៅស្នងការដ្ឋាននគរបាលក៏អត់ឃើញដែរ ខ្ញុំមិនដឹងទៅរកឯណាទៀតទេ»។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងកាលពីម្សិលមិញថា ករណីនេះ មិនមានការឃាត់ខ្លួនលាក់ទុកអ្វីទេ គឺគាត់រត់គេចដោយខ្លួនឯង ព្រោះខ្លាចសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងទំនាស់ដីធ្លី។
លោកបន្តថា កាលពីអំឡុងពេលទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ពលរដ្ឋខ្លះបានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដោយមានអ្នកខ្លះត្រឡប់មកផ្ទះវិញ ប៉ុន្ដែបុរសម្នាក់ឈ្មោះ ស៊ុំ ម៉ឺន នៅមិនទាន់ត្រឡប់វិញទេ។
លោកថា៖ «គាត់អត់មានទៅណាទេ គឺនៅក្បែរៗផ្ទះគាត់ហ្នឹងទេ គឺគាត់បានរត់រួចពីការឃាត់ខ្លួនរបស់សមត្ថកិច្ច ហើយមកទល់ពេលនេះ គ្មានវិធានការផ្លូវច្បាប់ចំពោះគាត់ទៀតទេ។ តាមព័ត៌មានពីអ្នកជិតខាងគាត់ហ្នឹង គឺគាត់នៅក្បែរៗហ្នឹងទេ ខ្ញុំបានឲ្យអភិបាលស្រុកទៅជួបប្រពន្ធគាត់ដែរ គាត់និយាយមកធម្មតាទេ ហើយប្រពន្ធគាត់ក៏ជួយលាក់ប្ដីដែរ ខ្លាចសមត្ថកិច្ចចាប់ខ្លួន យើងលែងមានវិធានការតាមចាប់គាត់ហើយ»។
លោក លុយ សម្បត្តិ (ហៅ រឹម ខេន) មន្ត្រីយោធាកងពលលេខ ៦ នៃវរអន្តរាគមន៍លេខ ២៦១ បានថ្លែងថា ការចោទប្រកាន់នេះ មិនពិតទេ «ខ្ញុំអត់ដឹងរឿងហ្នឹងទេ បងសួរទៅអាជ្ញាធរគេពាក់ព័ន្ធផ្សេងទៅ ព្រោះវាមិនមែនជាដែនសមត្ថកិច្ចរបស់ខ្ញុំទេគឺវាខុសពីជំនាញខ្ញុំ»។
លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តព្រះវិហារយល់ថា បើមានការចាប់ខ្លួនលាក់ទុកទាំងអាថ៌កំបាំងមែន គឺវាជាការទទួលខុសត្រូវរបស់អ្នកចាប់។
លោកបញ្ជាក់ថា៖ «អ្នកទទួលខុសត្រូវលើរឿងនេះ មិនមែនតែអ្នកចាប់ប៉ុណ្ណោះទេ ប៉ុន្ដែអ្នកដែលទទួលបន្តហ្នឹងក៏ត្រូវមានទោសដែរ។ ឧទាហរណ៍ថា ជនសង្ស័យចាប់ខ្លួនជនរងគ្រោះឲ្យមន្ត្រីបរិស្ថាន គឺមន្ត្រីបរិស្ថានក៏ជាអ្នកទទួលខុសត្រូវតាមច្បាប់ដែរ ព្រោះនាពេលនេះ អាជ្ញាធរមិនអាចរុញដាក់គ្នាបានទេ ត្រូវដោះស្រាយទាំងអស់គ្នា»។
តាមលិខិតសុំជួយអន្តរាគមន៍ ចុះថ្ងៃទី ១៨ មីនា ដែលបានផ្ញើជូនលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារនិងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ របស់អ្នកស្រី ភិន ម៉ៅ បង្ហាញថា៖ «នាងខ្ញុំសូមជម្រាបជូនឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម អ៊ុន ចាន់ដា ឲ្យបានជ្រាបថាកាលពីថ្ងៃ ២០ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៥:៣០ នាទីល្ងាច ប្ដីនាងខ្ញុំត្រូវបានលោក លុយ សម្បត្តិ (ហៅរឹម ខេន) ចាប់ខ្លួន ខណៈប្ដីនាងខ្ញុំកំពុងបើកគោយន្តដឹកអីវ៉ាន់ចាប់ហួយពីផ្សារម្ដុំស្ពានទី ២ ស្ថិតនៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយចាប់ពីពេលចាប់ខ្លួនមក ប្ដីខ្ញុំបានបាត់ខ្លួនរហូតដោយមិនដឹងមូលហេតុ។ មួយវិញទៀតមកទល់ពេលនេះមិនដឹងថា គាត់ស្លាប់ឬរស់ព្រោះបាត់ដំណឹងឈឹង»។
កាលពីចុងខែមករា ពលរដ្ឋប្រមាណ ២០០ នាក់ មកដល់រាជធានីភ្នំពេញដើម្បីសុំអន្តរាគមន៍ បន្ទាប់ពីមានការចាប់ខ្លួនពួកគាត់ ១៣ នាក់ជាបន្តបន្ទាប់ដែលពលរដ្ឋបានអះអាងថាពួកគេជាង ៣០០ គ្រួសារមានជម្លោះដីជាមួយក្រុមហ៊ុនមេត្រីភាពនៅទីតាំងជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារហើយក៏ត្រូវបានទាហានម្នាក់ ឈ្មោះ លុយ សម្បត្តិ ជាអ្នកការពារដីក្រុមហ៊ុននេះបានចាប់ពួកគេតែក្រោយមកបែរជាមានការចោទប្រកាន់ពួកគាត់ពីតុលាការទៅវិញ៕