ភ្នំពេញៈ ស្ពានជ្រោយចង្វារទី១ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីព្រឹកថ្ងៃពុធម្សិលមិញ បន្ទាប់ពីបានផ្អាកដើម្បីធ្វើការជួសជុលកែលម្អគុណភាព និងសោភណភាព អស់រយៈពេលជាង ១ ឆ្នាំដោយបានចំណាយថវិកាជួសជុលអស់ប្រមាណ ៣០ លានដុល្លារ។
ពិធីសម្ពោធដាក់ឲ្យដំណើរការឡើងវិញនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងឱកាសនោះលោក ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយកសាង និងអភិវឌ្ឍប្រទេស កម្ពុជា។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកដែលធ្វើចរាចរណ៍ឆ្លងកាត់ស្ពាន និងផ្លូវថ្នល់ទាំងអស់ថា៖ «ត្រូវចេះយោគយល់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពិសេសត្រូវចេះគោរពច្បាប់ ស្លាកសញ្ញា និងគំនូសចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីឲ្យការធ្វើដំណើររបស់យើង ប្រកបដោយសុវត្ថិភាពទាំងអស់គ្នា»។
ស្ពានជ្រោយចង្វារទី១ បានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀត នៃទន្លេសាបក្នុងរាជធានីភ្នំពេញដែលស្ពាននេះមានប្រវែង ៩៧១ ម៉ែត្រ និងទទឹង ១៣,៨ ម៉ែត្រ ត្រូវបានសាងសង់លើកដំបូង និងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់ជប៉ុន។ ស្ពាននេះ ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងឆ្នាំ ១៩៧២ ពេលកម្ពុជាជួបភ្លើងសង្គ្រាម។
ប៉ុន្តែនៅឆ្នាំ ១៩៩២ ខណៈប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការស្វះស្វែងរកការបង្រួបបង្រួមគ្នាពីគ្រប់ភាគីជម្លោះដើម្បីស្វែងរកសន្តិភាពនោះ ស្ពាននេះ ក៏ត្រូវបានជួសជុល និងតភ្ជាប់ជាថ្មីឡើងវិញ ដោយប្រទេស ជប៉ុន ហើយត្រូវបានប្តូរឈ្មោះពី «ស្ពានជ្រោយចង្វារ» មកជា «ស្ពានមិត្តភាពកម្ពុជា-ជប៉ុន» ដោយព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។
ដោយសារតែស្ពាននេះបានចាស់ទ្រុឌទ្រោម នៅចុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានសម្រេចផ្អាកដំណើរការឆ្លងកាត់ស្ពាននេះជាបណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុលឡើងវិញក្រោមជំនួយរបស់ជប៉ុន។
តាមគម្រោងស្ពាននេះ នឹងត្រូវបញ្ចប់ការជួសជុលនៅចុងឆ្នាំ ២០១៩ ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងរបស់ ក្រុមការងារជួសជុលទាំងភាគីជប៉ុន និងកម្ពុជា ដែលធ្វើការទាំងថ្ងៃទាំងយប់នោះ គឺបានបញ្ចប់មុនកាលកំណត់ និងត្រូវបានប្រកាសដាក់ឲ្យដំណើរការឡើងវិញនាថ្ងៃទី ៣ មេសា ឆ្នាំ ២០១៩ នេះ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការជួសជុលស្ពាននេះបានចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
លោកបញ្ជាក់ថា៖ «ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ជប៉ុន និងកម្ពុជា ស្ពាននេះបានជួសជុលថ្មី និងមានគុណភាពរឹងមាំល្អប្រសើរឡើងវិញ ដែលតាមការអះអាងរបស់មន្ត្រីជំនាញវិស្វកម្មជប៉ុន ស្ពាននេះអាចប្រើប្រាស់បានក្នុងរយៈពេល ៥០ ឆ្នាំទៅមុខទៀត»។
លោកបន្ថែមថា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ផ្លូវដល់ប្រជាពលរដ្ឋខ្មែរនៅលើស្ពានជ្រោយចង្វារ (ទី១) នេះក៏មានគំនូររូបភាពម៉ូតូ សម្រាប់ផ្លូវម៉ូតូ និងគំនូររូបភាពមនុស្សដើរលើគន្លងផ្លូវថ្មើរជើងជាសញ្ញាផងដែរ។
ទោះជាបែបណាក្ដីនៅប៉ុន្មានម៉ោងបន្ទាប់ពីប្រកាសដាក់ឲ្យដំណើរការឡើងវិញនូវស្ពាននេះ គេសង្កេតឃើញអ្នកបើកបរមួយចំនួន មិនបានគោរពទៅតាមគំនូសស្លាកសញ្ញាចរាចរណ៍នៅលើស្ពាននេះឡើយ៕