ភ្នំពេញៈ សមត្ថកិច្ច​ខេត្ត​កំពង់​ចាម ​កាល​ពីរសៀល​ថ្ងៃ​​ទី ​១៩​ ខែ​មេសា ​ម្សិល​មិញ​ បាន​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៧ ​ក្នុង​​ភូមិ ត្រពាំង​ធំ ឃុំ​ស្រងែ ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​ និង ​បាន​បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​ ក្រោយ​ពី​ស្ត្រី​រូប​នេះ​បាន​ជះ​ទឹក​អា​ស៊ីត​លើ​ប្តី​ ​កាល​ពី​យប់​ថ្ងៃទី​ ១៧ ខែ​មេសា នៅ​ផ្ទះ​​ខ្លួន​ក្នុង​ភូមិ​អូរ​ជ្រក ឃុំក្រួច ​ស្រុក​ព្រៃ​ឈរ និង​បាន​​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។

សមត្ថកិច្ច​ខេត្ត​កំពង់​ចាម​បាន​ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃទី​១៦​​ ខែ​មេសា ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ ​បុរស​ឈ្មោះ ​មិន នួន ​ អាយុ​ ៤១ ឆ្នាំ កំពុង​ដេក​លង់​លក់​នៅ​ផ្ទះ​គាត់ ។ ​ពេល​នោះ​ស្ត្រី​ជន​សង្ស័យ​ឈ្មោះ ពិន ជា អាយុ​ ៤៤ ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​​បាន​យក​ទឹក​អាស៊ីត​ទៅ​ស្រោច​លើ​គាត់​រួច​ក៏​គេច​ខ្លួន​បាត់។ ចំណែក​ជន​រងគ្រោះ​ត្រូវ​បាន​សាច់​ញាតិ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​បាន​ស្លាប់​នៅ​តាម​ផ្លូវ។

លោក តក់ សុខេង មេប៉ុស្តិ៍​នគរ​បាល​ឃុំក្រួច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​នេះ​ដោយ​សារ​ស្ត្រី​ជា​ជន​សង្ស័យ​ខឹង​ប្តី​មាន​ស្រី។

លោក​បាន​បញ្ជាក់​ថា៖ «ផ្ទះ​គាត់​រស់​នៅ​ឆ្ងាយ​ដាច់​ពី​អ្នក​ដទៃ។ ពេល​កើត​ហេតុ​ភ្លាម​បង​ប្អូន​ជនរ​ងគ្រោះ​បាន​យក​គាត់​ទៅ​មន្ទីរ​ពេទ្យ ដោយ​មិន​បាន​តេ​មក​ប៉ុស្តិ៍​យើង​ភ្លាម​ទេ។ ពេល​ទៅ​ដល់​ពេទ្យ​ទើប​​គាត់​តេ​មក​យើង ​ហើយវា​ជា​ឱកាស​សម្រាប់​ជន​ល្មើស​រត់​គេច​ខ្លួន។ បើ​យើង​មើល​ជាក់​ស្តែង​គឺ​គាត់​ជះ​លើ​មុខ ​តែ​​ជាក់​ស្តែង​​អាស្រ័យ​លើ​ចម្លើយ​របស់​ជន​សង្ស័យ​»​។

លោក សុ​ខេង បាន​បន្ត​ថា គ្រួ​សារ​នេះ​មាន​កូន​២​នាក់​ ប្រុស​ម្នាក់​ស្រី​ម្នាក់​។

លោក ម៉ន ម៉ៃ មេឃុំ​ក្រួច បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ជា​អ្នក​បើកបររថយន្ត​ឡើង​ចុះ​ភ្នំពេញ ហើយ​មាន​ប្រពន្ធ​ចុង​ម្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ។ លោក​ថា​ គ្រួសារ​នេះ​កាល​ពី​ឆ្នាំ​មុន ធ្លាប់​បាន​មក​ជួប​អាជ្ញាធរ​ឃុំ​ដើម្បី​សុំ​លែង​ដោយ​ប្រពន្ធ​ជា​អ្នក​សុំ​លែង តែ​ប្តី​មិន​ព្រម​។

លោក​​ថា៖«គាត់​មក​លែង​លះ​តែ​ក្រោយ​សម្រប​សម្រួល​ក៏​ត្រូវ​គ្នា​វិញ។ គាត់​មក​សុំ​លែង​ដោយ​សារ​រស់​នៅ​មិន​ត្រូវ​គ្នា​ជា​មួយ​ប្រពន្ធ​។ ប្រពន្ធ​វាយ​ទៅ​រត់​ទៅ​នៅ​បើក​ឡាន​ឲ្យ​គេ​​ហើយ​មាន​ប្រពន្ធ​មួយ​ទៀត។ តែ​ក្រោយ​មក​គាត់​មក​រស់​នៅ​ត្រូវ​គ្នា​វិញ​។ ផ្ទះ​គាត់​នៅ​ឆ្ងាយ​ពី​គេ​ប្រ​ហែល​៥០០​ម៉ែត្រ​ពី​ផ្លូវ»។

ឧត្តម​សេនីយ៍​ត្រី ​ហេង ​វុទ្ធី ​ស្នង​ការ​រង​ផែន​ព្រហ្ម​ទណ្ឌ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​បាន​សារ​ភាព​ហើយ​ថា​មាន​មូល​ហេតុ​២​យ៉ាង​ដែល​គាត់​សម្រេច​ជះ​ទឹក​អាស៊ីត​។

លោក​ថ្លែង​ថា៖ «គាត់​បញ្ជាក់​មូល​ហេតុ​២​​យ៉ាង​ ទី១គឺ​ប្តី​គាត់​មាន​ស្រី ហើយ​ទី២​គាត់​ខ្ចីលុយគេ​ហើយ​ឲ្យ​គាត់ (ប្រពន្ធ)​អ្នក​សង»​។ ប្តី​ក៏​ធ្លាប់​ជាប់​ពន្ធនា​គារ​ករណី​គ្រឿង​ញៀន។ ប្រពន្ធ​គឺ​ជា​កម្មការីរោង​ចក្រ​កាត់​ដែរ ​ហើយ​ប្តី​ជា​កម្មករ​សំ​ណង់»​។​

លោក វុទ្ធី​ បន្ត​ថា៖ «គាត់​ថា​គាត់​ទិញ​ទឹក​អាស៊ីត​ពី​ភ្នំពេញ​មួយ​ដប់​ទឹក​សុទ្ធ​តូច តែ​យើង​មិន​ដឹង​ប្រភេទ​អី​ទេ ហើយ​ចំណុះ​ប៉ុន្មាន​ទេ។ យើង​រក​មិន​ឃើញ​ដប​នោះ​ទេ។ គាត់​ថា​ប្តី​កំពុង​ដេក គាត់​ជះ​ពី​លើ​ចំ​មុខ​តែ​ម្តង»។

លោក​បាន​បញ្ជាក់​ថា ជន​សង្ស័យ​ត្រូវ​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលា​ការ​ហើយ ​តែ​តុលា​ការ​មិន​ទាន់​ចោទ​ប្រ​កាន់​ពី​បទ​អ្វី​នៅ​ឡើយ​ទេ​៕