ភ្នំពេញៈ ស្រូវ​ចំនួន ៣៩ ៩៦៦ ហិកតា​ ស្ថិតក្នុង​ខេត្ត​ចំនួន ៧ កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្វះ​ទឹក ហើយ​ក្រសួង​ធនធាន​ទឹក​និង​អាជ្ញាធរ កំពុង​​ចាប់ផ្ដើម​​ប្រើ​ម៉ាស៊ីន​បូមទឹក​ដាក់ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ពលរដ្ឋ​​នៅ​តាម​តំបន់​ខ្លះ​ ដែល​ជិត​ប្រភព​ទឹក​​ ខណៈ​​ដែល​មន្ត្រី​​និយាយ​ថា គ្រោះ​រាំងស្ងួត​ក្នុង​តំបន់​ទាំង​នោះ​នឹង​អាច​បន្ត​រយៈពេល​ជាង ១ ខែ​ទៀត។

លោក កែវ វី អ្នក​​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​ គ្រប់​គ្រងគ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំ​​ពេ​ញ​ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថាដីស្រែ​ដែល​កំពុង​ជួបគ្រោះ​រាំង​​​​​ស្ងួត​ទាំងនេះគឺ​នៅ​ខេត្តបន្ទា​យ​​មានជ័យ​មាន ១៧ ៦៤៧ ហិកតា បាត់ដំបង ​​៧ ៧​២៣ ​ហិកតា កំពង់ធំ ៧ ៥៦៣ ហិកតា កំពង់​ចាម​ ៥ ៣៩៨ ហិកតា ឧ​ត្ត​រ​​មានជ័យ​ ៥១៥ ហិកតា ព្រៃវែង​ ៦២០ ហិកតា និង​ពោធិ៍សាត់​មាន​ចំនួន ៥០០ ហិកតា។

លោក​ថា៖ «នៅក្នុង​ហ្នឹង ស្រែ​ខ្លះ​យើង​កំពុង​អន្តរាគមន៍​បូម​​ទឹក​ទៅ​ជួយសង្គ្រោះហើយ​ស្រែ​​ខ្លះទៀត យើង​កំពុង​ពិនិត្យ​រក​ប្រភពទឹក ហើយ​តំបន់​មួយ​ចំនួ​ន​ទៀតយើង​អត់​មាន​ប្រភពទឹកគឺ​​ត្រូវ​រង់ចាំ​ទឹកភ្លៀង។ ស្ថាន​ភា​​ព​​នេះដោយសារ​ភាគច្រើន​នៅ​តំបន់​ភាគ​ពាយព្យនិង​តំប​ន់​ភាគ​ខាងជើង​ហ្នឹង ទឹកភ្លៀង​មាន​ធ្លាក់​ដែរ ប៉ុន្តែ​វា​មាន​តិចធ្វើឱ្យ​ទឹកសម្រាប់​ដំណាំ​ស្រូវ​ហ្នឹងវា​អត់​គ្រប់គ្រាន់»។

បើតាម​លោក វី ក្នុង​ចំណោម​ស្រូវ​រងគ្រោះ​រាំងស្ងួត​ទាំងនេះ គឺជា​ប្រភេទ​ស្រូវស្រាល ដែល​កសិករ​បាន​ដាំ​ដោយ​ការ​ពង្រោះ​​​ខ្លះនិង​ស្ទូង​ខ្លះ​តាំងពី​ដើមឆ្នាំ ហើយ​ក្រៅពី​​ស្រូវ ខេត្ត​ទាំងនេះ ក៏មាន​ដំណាំ​រួមផ្សំ​ដូចជា​ពោត​ និង​ដំឡូង ក៏​ត្រូវ​រង​ការខូចខាត​ដោយសារ​ខ្វះ​ទឹក​នេះដែរ ក្នុង​នោះ​​ក៏មាន​ដំណាំ​ពោត​ជាច្រើន​ពាន់​ហិកតា​ស្ថិតក្នុង​ខេត្ត​ប៉ៃលិ​​ន បាន​ក្រៀម​ស្វិត​ដើម​ងាប់​ជា​បន្ត​​បន្ទាប់។

លោក​បន្តថា គ្រោះ​រាំ​ង​ស្ងួត​នេះនឹង​ធ្វើឱ្យ​​​​​ប៉ះ​​​​​​ពាល់​​ស្រូវ​ និង​ដំណាំ​រួមផ្សំ​នេះ​កាន់តែ​ច្រើ​ន​ថែមទៀត ព្រោះ​បើតាម​ក្រសួង​ធនធាន​ទឹកបាន​ព្យាករថា នៅក្នុង​ខែសីហា​ខាង​មុខនេះនឹ​ង​កើត​មាន​កូន​រដូវប្រាំង។

លោក​ថា៖ «កាលណា​មាន​កូ​ន​​រដូវប្រាំង​កើតឡើង វា​អាចមាន​ប៉ះ​ពាល់​​បន្ថែមទៀត អ៊ីចឹង​យើង​បានចាប់ផ្ដើម​បូមទឹក​សង្គ្រោះ​ចាប់ពី​ឥឡូវនេះ​ទៅ»។

ភ្នំពេញ​ប៉ុស្ដិ៍​ មិនអាច​ទាក់ទង​សុំការអធិប្បាយ​ពី​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធន​​ធានទឹក​និង​ឧតុនិយម​បានទេ​កពី​ថ្ងៃ​ម្សិលមិញ ដោយទូរស័ព្ទ​​ចូល តែ​លោក​ចុច​បិទ។

ទោះជា​យ៉ាងណា យោងតាម​សេចក្ដីជូនដំណឹង​មួយ​របស់​ក្រសួង​ធនធាន​ទឹក​កាលពី​ថ្ងៃ​ទី ១៦ ខែកក្កដា​​បញ្ជាក់ថា ចា​ប់​ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២២ ខែ​ កក្កដា​ ខេត្ត​នៅតាម​បណ្ដា​មាត់សមុទ្រ​ គឺមាន​ភ្លៀង​ធ្លាក់​ពី​មធ្យ​ម​ទៅ​ច្រើន ខេត្ត​និង​រាជ​ធានី​នៅ​តំបន់​ទំនាប​ខាង​ត្បូងភាគកណ្ដា​​ល និង​​ខាងកើត​ ដែលមាន​ព្រំប្រទល់​ជាប់​វៀតណាម មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ខណៈ​ខេត្ត​នៅ​ភាគ​ពាយព្យ និង​ខ្ព​ង់​រាបមាន​ភ្លៀវ​ធ្លាក់​​ពី​កម្រិត​តិច​ទៅ​បង្គួរ។

លោក សាយ សុផាត ប្រធា​ន​​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិនគឺមាន​ដំណាំ​ពោត​សរុប​ជាង ៧ ពាន់​ហិកតា ប៉ុន្តែ​តាំងពី​ខែឧសភា​មក គ្រោះ​​​​រាំងស្ងួត​ បាន​បំផ្លាញ​ដំណាំ​ពោ​ត​ទាំងនោះ​អស់​ប្រហែល ៦ ពាន់​ហិកតា ហើយ​ក៏មាន​ដំណាំ​ដំឡូង​មី​ជាង ១ ពាន់​ហិកតា​រង​ប៉ះពាល់​ដូចគ្នា​ដែរ។

លោក​បានបញ្ជាក់ថា៖ «ឥឡូវ​ហ្នឹងពល​រដ្ឋ​​ចាប់ផ្ដើម​ដាំពោត​វិញ​បណ្ដើរៗ​ហើយ ប៉ុន្តែ​ដោយសារ​សត្វ​ល្អិត​​ច្រើន និង​រង់ចាំ​ទឹក​ភ្លៀង​​ធ្លាក់ផងនោះ ពួកគាត់​មិនទាន់​ហ៊ាន​ដាំ​ដុះច្រើន​នៅ​ឡើយ​ទេ»៕