ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។

លោក ឈាង ផាន់ណារ៉ា ស្នងការរង​ទទួល​ផែន​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ករណី​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​សង្កាត់​បឹងទំពុន​ ២ ​នេះ​គឺ​សមត្ថកិច្ច​លោក​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ឲ្យ​ពិតប្រាកដ​ទេ ខណៈ​នៅ​កំពុង​ស្រាវជ្រាវ​។

លោក​បាន​ប្រាប់​ថា​៖ «​ករណី​នេះ​​យើង​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​​ពិត​ហើយ​ដំបូង​នេះ​យើង​មិន​ទាន់​ដឹងថា​ការឆេះ​នេះ​បណ្តាល​មកពី​មូលហេតុ​អី​នោះ​ទេ​»​។

ពាក់ព័ន្ធ​នឹង​ការឆេះ​នេះ​ដែរ​លោក ឃុន ឡេង នាយប៉ុស្តិ៍​នគរបាល​សង្កាត់​បឹងទំពុន​ ២ ​បាន​ឲ្យ​ដឹង​ដែរ​ថា ម្ចាស់​ផ្ទះ​បង្កហេតុ​នោះ​ឈ្មោះ សម្បត្តិ ចាន់ថារិទ្ធ ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ​ដែល​មាន​ប្រពន្ធ​ឈ្មោះ ឡូ សុភី មាន​កូន​ ២ ​នាក់ ប៉ុន្តែ​មិន​រស់នៅ​ជុំ​​ជាមួយ​គ្នា​ទេ​។

លោក​បាន​ប្រាប់​ថា​៖ «​យើង​កំពុង​ហៅ​ម្ចាស់​ផ្ទះ​ដែល​បង្ក​អគ្គិភ័យ​មក​សាកសួរ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹងថា បណ្តាល​មកពី​អ្វី​ពិតប្រាកដ​ទេ ហើយ​គាត់​ជា​ម្ចាស់​ផ្ទះ​ក៏​មិន​ដឹង​ថា​មកពី​អ្វី​ដែរ​។ ​យើង​គ្រាន់តែ​ធ្វើ​កំណត់​ហេតុ​​ពី​ចម្លើយ​របស់​ម្ចាស់ផ្ទះ​បង្ក តែ​យើង​មិន​ទាន់​ដឹងថា​នឹង​ឃាត់​ខ្លួន​​គាត់​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​»​។

លោក​ប្រាប់​បន្ត​ថា​គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​ថា ផ្ទះ​ដែល​ឆេះ​មាន​ ២០ ​ខ្នង ហើយ​គ្រួសារ​រងគ្រោះ​មាន​ប្រមាណ​ ៣៥ ​គ្រួសារ​ដែល​ផ្ទះ​ភាគច្រើន​មាន​ទំហំ​ ៤ ​គុណ​នឹង​ ៧ ​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។ ​ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​ពុំ​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ទេ​។

លោក​ប្រាប់​បន្ថែម​ថា​នៅ​ពេល​លោក​កោះ​ហៅ​បុរស​ម្ចាស់​ផ្ទះ​មក​សាកសួរ គាត់​បាន​ប្រាប់​ថា​គាត់​មាន​កូន​ ២ ​នាក់ ប៉ុន្តែ​កូនៗ​មិន​នៅ​ជាមួយ​គាត់​ទេ​គឺ​នៅ​​ជាមួយ​ម្តាយ​គេ​។

លោក​ថា​បើ​តាម​ចម្លើយ​មុន​ពេល​កើតហេតុ គាត់​បាន​ចាកចេញ​ពី​ផ្ទះ​នៅពេល​ទៀបភ្លឺ​ថ្ងៃទី​ ២៤ ខែ​មិថុនា​ដើម្បី​យក​ម៉ូតូ​ទៅ​លក់ និង​បាន​បញ្ជាក់​ប្រាប់ថា​គាត់​គ្មាន​មុខរបរ​អ្វី​ពិតប្រាកដ​ទេ​។

ទិដ្ឋភាព​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ពលរដ្ឋ​កាលពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

ទោះ​យ៉ាង​ណា​លោក អ៊ុល សុផាត អាយុ​ ៦១ ​ឆ្នាំ​ដែល​ជា​អ្នក​ជិតខាង​រងគ្រោះ​ម្នាក់​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា នៅ​ផ្ទះ​បង្ក​នោះ​ម្ចាស់​ផ្ទះ​មិន​សូវ​នៅ​ទេ តែ​នៅ​យប់​មុន​កើតហេតុ​គឺ​​ពី​ក្បាល​ព្រលប់ ម្ចាស់​ផ្ទះ​បង្ក​បាន​មក​សុំ​តភ្លើង​អគ្គិសនី​ពី​ផ្ទះ​អ្នក​ជិតខាង​ដើម្បី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​។ លុះដល់​ម៉ោង​ប្រមាណ​ ៥ ​ទៀបភ្លឺ​ស្រាប់​គេ​ឃើញ​ភ្លើង​ឆាបឆេះ​ចេញ​ពី​ផ្ទះ​នោះ ហើយ​ម្ចាស់​ផ្ទះ​ក៏​ចេញ​មក​ឈរ​មើល​ភ្លើង​ឆេះ​ដែរ ព្រោះ​ពេល​នោះ​គាត់​ក៏​ស្លន់​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ដែរ​ទេ​។

លោក សុផាត បន្ត​ថា​៖ «​ខ្ញុំ​ជា​អ្នក​រងគ្រោះ​ម្នាក់​គឺ​ខ្ញុំ​ចង់​ឲ្យ​គាត់​ឆ្លើយ​សារភាព​សុំទោស គ្មាន​នរណា​គេ​យក​ទោស​ពៃរ៍​អី​គាត់​ទេ​សុទ្ធ​តែ​ខ្មែរ​ដូច​គ្នា​។ ​បើ​គ្នា​មាន​បំណង​ចង់​ឲ្យ​ឆេះ​ផ្ទះ​នោះ​គឺ​គាត់​រត់ចោល​ហើយ ហើយ​ពេល​ឆេះ​គាត់​នៅក្នុង​ផ្ទះ​នោះ តែ​គាត់​ក៏​ស្លន់​ដែរ​នៅ​ពេល​នោះ​»​។

ប៉ុន្តែ​សម្រាប់​លោក ណុប រស្មី អាយុ ២៩ ​ឆ្នាំ​ដែល​ផ្ទះ​លោក​ត្រូវ​ភ្លើង​ឆេះ​ដែរ​នោះ​បាន​និយាយ​ថា ការឆេះ​នោះ​ជា​ការ​ឆ្លង​ចរន្តអគ្គិសនី ប៉ុន្តែ​បើ​តាម​លោក​ដឹង​គឺ​ផ្ទះ​បង្ក​ហេតុ​នោះ​មិន​ប្រើ​ភ្លើង​អគ្គិសនី​ទេ​។

ដោយ​បាន​អះអាង​ថា​ជា​តំណាង​ឲ្យ​ជនរងគ្រោះ​ផ្សេង​ទៀត​លោក រស្មី បាន​បញ្ជាក់​ថា ពួកគាត់​កើត​ទុក្ខ​មិន​សុខចិត្ត​ទេ​ប្រសិន​​បើ​សមត្ថកិច្ច​មិន​ឃាត់​ខ្លួន​ជន​ម្ចាស់ផ្ទះ​បង្ក​អគ្គិភ័យ​ទេ​នោះ​។

លោក​ ណុប រស្មី បាន​បន្ដ​ថា​៖ «​យើង​ផឹកស៊ី​ហើយ​មក​បង្ក​មហន្តរាយ​ដល់​គេឯង ព្រោះ​ម្ចាស់​ផ្ទះ​ផឹកស៊ី​ដល់​ម៉ោង​ជាង​ ១២ ​យប់ ។ នេះ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស វា​ឆេះ​ត្រឹម​តែ​ទ្រព្យសម្បត្តិ​។ ពួកខ្ញុំ​ជា​ជនរងគ្រោះ មិន​សុខចិត្ត​ឲ្យ​ជន​នោះ​រួច​ខ្លួន​ទេ​»៕