ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួង​ផ្ដល់​ពានរង្វាន់​មួយ​កាលពី​ថ្ងៃ​សុក្រ​ដែល​មាន​ឈ្មោះ​ថា​ «​ពាន​រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី​»​។

យោង​តាម​ប័ណ្ណ​ពានរង្វាន់​ចុះ​ថ្ងៃទី​ ២២ ខែ​មិថុនា​ដោយ​លោក Kim Kwanghu ប្រធាន​ក្រុម​ប្រឹក្សាជាតិ​នៃ​ព្រះវិហារ​នៃ​ទីក្រុង Gwangju (Gwangju NCC) បាន​សរសេរ​ថា​៖ «​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​។ យើង​កោតសរសើរ​លោក ចំពោះ​ការបូជា​របស់​លោក​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ការលើក​កម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ដើម្បី​បញ្ជាក់​ប្រាប់​ពិភពលោក​ថា នេះ​ជា​ការពិត យើង​សូម​ប្រគល់​ឲ្យ​អ្នក​នូវ​ស្លាក​សញ្ញា​នេះ​ក្នុង​នាម​ក្រុមប្រឹក្សា​ជាតិ​នៃ​ព្រះវិហារ (NCC) នៅ​ទីក្រុង Gwangju ដែល​គេ​ស្គាល់​ថា ជា​ទីក្រុង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សន្តិភាព​»​។

ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​លោក កឹម សុខា តាមរយៈ​លោកស្រី មូរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ និង​លោក ញ៉យ ចំរើន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

លោកស្រី មូរ សុខហួរ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការទទួល​ស្គាល់​ស្នាដៃ​របស់​លោក​ កឹម សុខា ដោយ​សង្គម​ស៊ីវិល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​នេះ​មាន​សារៈសំខាន់​។ លោកស្រី​បញ្ជាក់​ថា​៖ «​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ជាពិសេស​នៅ​ទីក្រុង Gwangju ដែល​ជាទី​ចាប់​កំណើត​នៃ​ការបះបោរ​ប្រឆាំង​នឹង​របប​យោធា​គឺ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាជន​កម្ពុជា​ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​ក្រោម​ភាព​ផ្តាច់ការ​»​។

ក៏ប៉ុន្តែ​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​ស្គាល់​ការផ្តល់​ពាន​រង្វាន់​នេះ​ទេ​។

លោក កាតា អន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ពេល​ឮ​ថា​លោក កឹម សុខា ទទួល​បាន​ពានរង្វាន់​នេះ​។

ប៉ុន្តែ​លោក​ថា ​វា​គ្រាន់​តែ​ជា​រង្វាន់ ដែល​ផ្តល់​ដោយ​អង្គការ​មួយ ឬ​បណ្ដាញ​សង្គម​ស៊ីវិល​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា ស្ថានការណ៍​ប្រទេស​កម្ពុជា​យើង​រដូវកាល​បោះឆ្នោត​ជិត​មក​ដល់​ហើយ​។ ដូច្នេះ​ហើយ​បណ្ដាញ ឬ​បក្សសម្ព័ន្ធ​របស់​បក្ស​នីមួយៗ​របស់​ប្រទេស​នីមួយៗ គេ​តែង​ធ្វើ​សកម្មភាព​ជួយ​ក្រុម​របស់​គេ បក្ស​របស់​គេ​។ នេះ​ជា​រឿង​ធម្មតា​។ រដ្ឋាភិបាល​យើង យើង​មិន​ខ្វល់​ទេ រដ្ឋាភិបាល​គិត​តែ​ពី​កសាង​ប្រទេស គោរព​ច្បាប់​គោរព​សិទ្ធិមនុស្ស និង​អភិវឌ្ឍ​ប្រទេស​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថានការណ៍​បោះឆ្នោត​របស់​យើង​ប្រព្រឹត្ត​ទៅ​ដោយ​ធម្មតា ដើម្បី​បម្រើ​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ខ្ញុំ​យល់​ថា​ស្ថានការណ៍​ប្រទេស​កម្ពុជា​យើង​នឹង​កាន់តែ​ប្រសើរ​ទៅ​មុខ​ទៀត​បន្ទាប់ពី​ការបោះឆ្នោត​»​។

លោក កាតា អន បាន​ថ្លែង​បន្ត​ថា​លោក​អត់​ឲ្យ​តម្លៃ​ទៅ​លើ​អង្គការ​មួយ​ដែល​ផ្តល់​រង្វាន់​នេះ​ទេ ព្រោះ​អង្គការ​នេះ​មិនមែន​ជា​ផ្លូវការ និង​មិនមែន​ជា​តំណាង​ប្រទេស «​មិនមែន​ជា​ស្ថាប័ន​អន្តរជាតិ គ្រាន់​ជា​អង្គការ​មួយ​ដែល​យើង​មិន​ដែល​ឮ មិន​ដែល​ធ្វើ​សកម្មភាព​អី​សោះ ហើយ​សុខៗ​ចេញ​មុខ​ដូច​ខ្ញុំ​ថា អ៊ីចឹង គឺ​បក្សសម្ព័ន្ធ​ក្រុម​គ្នា​គេ គេ​ជូន​រង្វាន់​គ្នា​គេ​ទៅវិញ​ទៅមក​ជា​រឿង​ធម្មតា​»​។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី ៣ ខែ​កញ្ញា​ឆ្នាំ​ ២០១៧ ក្រោម​ការចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​»​។ ប៉ុន្តែ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​ចាត់​ទុក​ការចោទប្រកាន់​នេះ​ថា​ជា​រឿង​នយោបាយ​ហើយ​បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំង​មកលើ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការចាប់​ឃុំ​ខ្លួន​អតីត​មេបក្ស​ប្រឆាំង​ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ស្ទើរ​ពាក់​កណ្តាល​ប្រទេស​រូប​នេះ​៕