ភ្នំពេញៈ អង្គការ​សង្គ្រោះ​កុមារ​ (Save the Children) ប្រចាំ​ប្រទេស​​កម្ពុជា​ នៅ​​ថ្ងៃ​ទី​ ២​៤ ខែ ​ឧសភា ​ស្អែក​នេះ នឹង​ប្រារព្ធ​ខួប​ទី ១០០ ឆ្នាំ ​​របស់​​អង្គ​​​ការ​នេះ​​ជា​មួយ​នឹង​អ្វីដែល​អង្គការ​នេះបាន​រួម​ចំណែក​ជួ​យ​​​ជំរុញ​កុមារ​នៅ​កម្ពុជា​ឲ្យ​​សម្រេច​​បាន​នូវ​ក្តី​​ស្រមៃរបស់​ពួកគេ​​​ នៅ​ថ្ងៃ​អនាគត។

លោក​ស្រី Elizabeth Pear​ce នាយិកា​​នៃ​អង្គការ​សង្គ្រោះ​កុមា​រ​​​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​​មួយ​ដែល​ទទួល​បាន​ដោយ​ភ្នំ​ពេញ​ប៉ុស្តិ៍​​កាល​ពី​ថ្ងៃទី ​២១ ឧ​ស​​ភា ថា​៖ «​​យើង​ដឹង​ថា​ កុមារ​ទាំងអស់​មាន​គំនិត​​ខ្លះៗ​​ អំពី​ថា​ តើ​ពួក​គេ​ចង់​ក្លាយ​ជា​នរណា​​នា​ពេ​ល​អនាគត​ប៉ុន្តែ​ជា​អកុសល​មិន​​មែន​កុមារ​ទាំង​អស់​​សុទ្ធ​តែ​មា​ន​​​មធ្យោយ​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​របស់​ខ្លួន ​​ក្លាយ​ជា​ការ​ពិត​នោះ​ទេ​»។ «​យើង​ចង់​ឲ្យ​កុមារ​ទាំង​អស់​ មិន​​ថា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ទេ​ ឬ​​ពួក​គេ​មាន​ប្រវត្តិ​អ្វី​នោះ​ទេ​ ​ពួក​គេ​គួរ​តែ​អាច​សម្រេច​ក្តីស្រមៃ​របស់​ខ្លួន​​សម្រាប់​អនាគត»។

លោក​ស្រី​បន្ត​ថា​៖ «​យើង​​ជឿ​ថា​ ​ទិដ្ឋ​ភាព​សំខាន់​មួយ​​​​ ដើម្បី​សម្រេច​​ចក្ខុ​វិស័យ​នេះ​​ គឺ​​តាម​រយៈ​​គោល​នយោ​បាយ​​ជាតិ​​ស្តី​ពីការ​គាំពារ និង​ការ​អភិវឌ្ឍ​កុមារ​តូច (ECCD)»។

ក្នុង​ឆ្នាំ​ ២០១០​ រដ្ឋា​ភិបាល​​ បាន​អនុម័ត​​​គោល​នយោបាយ​​​ជាតិ​ស្តី​ពីការ​គាំពារ និងការ​​អភិវឌ្ឍ​កុមារ​តូច ECCD ​ជាមួយ​​នឹង​ចក្ខុ​វិស័យ​ដែល​ចែង​ថា កុមារ​ទាំង​អស់​តាំង​ពី​ពេល​ចា​ប់​​កំណើត​​ដល់​អាយុ​​ក្រោម ​​៦ ​ឆ្នាំ​​​ត្រូវ​ទទួល​បាន​ការ​ការ​ពារ​​និង​សេវា​អភិវឌ្ឍន៍​ ជា​ពិសេស​កុមារ​ ដែល​ងាយ​រង​គ្រោះ​ កុមារ​រងគ្រោះ និង​កុមារ​ក្រី​ក្រ​។ ក្នុង​ឆ្នាំ​ ២០១៤ ផែន​ការ​សកម្ម​ភាព​ជាតិ​​​របស់​ ECCD ២០១៤‑​២០១៨ ​​ត្រូវ​បាន​រៀបចំ​ឡើង។

​ទោះ​យ៉ាង​ណា​​លោក​ស្រី​​ថ្លែ​ង​ថា​ ​ជាក់​ស្តែងមិន​មែន​​កុមារ​ទាំងអស់​សុទ្ធ​តែ​​មាន​ឱកា​ស​​ស្មើ​គ្នា​​នោះ​ទេ​។ មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​ វា​រឹត​តែ​លំបាក​ខ្លាំង​​ សម្រាប់​កុមារ​គ្រួសារក្រី​ក្រ​​នៅ​តំបន់​ជន​បទ​​​ក្នុង​ការ​ទទួល​បា​ន​អត្ថ​ប្រយោជន៍​​នៃ​ ECCD​ ជាង​កុមារ​គ្រួសារ​វណ្ណៈ​កណ្តាល​ និង​វណ្ណៈ​ខ្ពស់​​នៅ​ក្នុង​ទីក្រុង​ធំ​ៗ ​ដែល​មាន​ធន​ធាន​ច្រើន​ជាង​និង​សេវា​ច្រើន​ជាង»។

លោក​ស្រី Elizabeth Pearce ​​ថ្លែង​ថា​៖ ​«​នៅ​អង្គការ​សង្គ្រោះ​កុមារ​ប្រចាំ​កម្ពុជា​ រួម​ជា​មួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​យើង​ផ្តោត​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ECCD ​របស់​យើង​​ នៅ​តាម​សហគមន៍​មួយ​ចំនួន​ក្នុង​ចំណោម​សហគមន៍​ក្រី​ក្រ​ និង​​ដាច់​ស្រយាល​​​បំផុត​​​ ដូច​ជា​នៅ​តាម​ភូមិ​នៅ​ក្នុង ​និង​នៅ​ជុំ​​វិញ​​បឹង​ទន្លេ​សាប​ ដើម្បី​ឲ្យ​កុមារ​ទាំង​អស់​អាច​​ទទួល​បាន​អត្ថ​​ប្រយោជន៍​​ពី ECCD»។

លោក ហ៊ុយ ឃី ​អ្នក​នាំ​ពាក្យ​និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​​​តស៊ូ​មតិ​​ និង​គោល​នយោ​បា​យ​​​រប​ស់​អង្គការ​សង្គ្រោះ​កុមារ​ បាន​ប្រា​ប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​ថា ​អង្គការ​រប​ស់​លោក​បាន​អំពា​វ​នាវ​ឲ្យ​ក្រសួង​នានា សង្គម​ស៊ីវិល វិស័យ​ឯក​ជន​ ​និង​សាធារណជន​ផ្តល់​អាទិភាព​ដល់​ ECCD។

លោក ឃី បន្ត​​ថា​៖ «​យើង​ជឿ​ថា នេះ​​ជា​ការ​វិនិយោគ​​មួយ​ក្នុង​ចំណោ​​ម​ការ​វិនិយោគ​ឆ្លាត​វៃ​បំផុត​​ ដែល​ប្រទេស​មួយ​អាច​ធ្វើ​​ដើម្បី​ដោះស្រាយ​បញ្ហា​​វិសម​ភាព​ បំបែក​​វដ្ត​នៃ​ភាព​ក្រីក្រ​​ ​និង​កែ​លម្អ​ជីវភាព​រស់​នៅ​​របស់​កុមារ​ និង​អនាគត​​របស់​ពួកគេ»។

លោក ឃី ​បន្ថែម​ថា កុមារ​តូច​ៗ​​ទទួលបានការ​ការ​ពារ​​និង​គុណ​ភាព​នៃ​ការ​អភិវឌ្ឍ។ ​នៅ​ក្នុង​ឆ្នាំ​សិក្សា​​ ២០១៨​‑២០​១​៩​ មាន​តែ ៣៩,៩​% ​​នៃ​កុមារ​អាយុ​ ៣‑៥​ ឆ្នាំ​​ និង​១៨,៥% ​នៃ​កុមារ​អាយុ​ ៣ ​ឆ្នាំ​ប៉ុណ្ណោះ​​ដែល​ទទួល​បាន​សេវា​អប់​រំ​។ កម្មវិធី​​​អប់​រំ​កុមារ​តូច​​​ ដែល​បំពេញ​បាន​តាម​ស្តង់​ដារ​​ គឺ​មាន​តែ​ ៣២,២៤% ​ប៉ុណ្ណោះ។

លោក ឃី ​ថ្លែង​ថា​៖ «​​កុមារ​​ពិការ​ទ្វេ​ដង​គឺ​ទំនង​ជា​មិន​បាន​ចូល​រៀន​ធៀប​នឹង​កុមារ​មិន​ពិកា​រ​ក្នុង​ប្រទេស​កម្ពុជា​»។ «​​មាន​តែ​ ៤ %​ ប៉ុណ្ណោះ​នៃ​កុមារ​ពិការ​វ័យ​ជំទង់​​បាន​បញ្ចប់​ថ្នាក់​អនុ​​វិទ្យា​ល័យ​​​ បើ​ធៀប​នឹង​កុមារ​​មិន​ពិការ​វ័យ​ដូច​គ្នា​។ វេទិកា​សេដ្ឋ​កិច្ច​ពិភពលោក ​បាន​ដាក់​ពិន្ទុ​​គុណ​ភាព​​នៃ​ការ​អប់​រំ​​បឋម​សិក្សា​​របស់​កម្ពុជា​​ចំនួន​ ២,៩ ​​នៃ​ពិន្ទុ​សរុប ​៧ ​(​​ប្រទេស​ទី​ ១១​៤ ​ក្នុង​ចំណោម ​​១៤០ ​ប្រទេស)។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់ភ្នំ​ពេញ​ប៉ុស្តិ៍ថា ការងារ​អប់រំ​កុមារ​តូច ស្ថិត​នៅ​ក្នុង​ការងារ​អាទិភាព​មួយ របស់​ក្រសួង​អប់រំ ហើយ​គឺជា​អនុវិស័​យ​​មួយ​ ក្នុង​ចំណោម​អនុវិស័យ​ទាំង ៧ ​របស់​ក្រសួង​អប់រំ​ នៅ​ក្នុង​កំណែ​ទម្រង់​រួម។

លោកថា​៖ «ហើយ​នៅ​ក្នុង​នោះ គឺផ្តោត​លើកា​រងារ​ផ្សេងៗ​ពីគ្នា​។ ប៉ុន្តែ ជាក់ស្តែងដែល​ជា​អាទិ​ភាព​នោះគឺ យើង​ផ្តោត​ទៅ​លើ​អាហារូបត្ថម្ភ​របស់​កុមារ​តូច ក៏ដូច​ជាការ​ងារ​បច្ចេ​កទេស​របស់​ក្រសួង​ទាក់​ទង​​ទៅនឹង​ការងារ​រៀន​ និង​បង្រៀន​របស់​កុមារ​តូច​ផងដែរ»។

លោក សុវាចា បញ្ជាក់​ថា ក្រសួង​​អប់រំ​កំពុង​ធ្វើបច្ចុប្បន្ន​​ភាព​ គោល​នយោបាយ​ជាតិ​ ស្តីពីការ​គាំពារ និង​ការ​អភិវឌ្ឍ​កុមារ​តូច ហើយ​ឯកសារ​នេះ ​ជិត​នឹង​បញ្ចប់​ហើយ ដោយ​រង់ចាំ​ការ​ពិនិត្យ និង​សម្រេច​ចុងក្រោយ។​ «២០១​៤​​​​-​២០១៨ គឺការ​ងា​រហ្នឹង យើង​ទទួល​បាន​ទៅតាម​ការ​គ្រោង​ទុក។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះក្តី ក៏ក្រុម​ការងារ​បច្ចេក​ទេសកំពុ​ង​តែ​បន្ត ខិតខំ​ធ្វើឱ្យ​រឹតតែ​ល្អជាង​នេះ។ យើង​សិក្សា​ទៅ​លើ​បញ្ហា​ប្រឈម ក៏ដូច​ជា​បទ​ពិសោធ​កន្លង​មក​ហ្នឹងពង្រឹង​បន្ថែម​ទៅ​លើ​ការងារ​សហប្រតិ​បត្តិការជា​មួយ​នឹង​គ្រប់ភាគី​ពាក់​ព័ន្ធ ជា​ពិសេស​គឺ​យើង​ធ្វើការ​ជា​មួយ​​នឹង​ដៃគូ​អភិវឌ្ឍន៍ ដែលរួម​មាន​អង្គការ​សហប្រជាជាតិ​ពាក់​​ព័ន្ធ​​ទៅនឹង​រឿង​កុមារ​តូច ក៏ដូច​ជាអង្គការ​សង្គម​ស៊ីវិល ហើយ​និង​មាតាបិតា​ផ្ទាល់​ដែល​នៅ​តាម​សហគមន៍​ដែរ»៕