ព្រះសីហនុៈ អតីត​ចៅសង្កាត់​លេខ​ ១ ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ឪពុកក្មេក​ត្រូវ​បាន​ជាប់ឃុំ បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត ដោយសារ​ជាប់ចោទ​ពី​បទ​រំលោភ​យក​ដីព្រៃ​ហាមឃាត់​របស់​រដ្ឋ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​។

លោក អ៊ុក ចេត្តនី អតីត​ចៅសង្កាត់​លេខ​ ១ នៃ​ខេត្ត​ព្រះសីហនុ​ និង​លោក សំ ស៊ុន ត្រូវ​ជា​ឪពុកក្មេក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​អ្នក​ទាំង​ ២ ​កាលពី​ថ្ងៃទី​ ១៩ ខែ​មិថុនា​ដោយ​ចោទប្រកាន់​ថា​បាន​រំលោភ​យក​ដីព្រៃ​ហាមឃាត់​របស់​រដ្ឋ​តាម​មាត្រា ៥៦ និង​ ៦២ ​នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

កម្លាំង​យោធា​ប្រចាំការ​នៅ​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​បុរស​ជា​ជនសង្ស័យ​ទាំង​ ២ ​កាលពី​រសៀល​ថ្ងៃទី​ ១៨ ខែ​មិថុនា ខណៈ​កំពុង​កាប់ឆ្ការ​ព្រៃដាំ​ដំណាំ​នៅ​លើ​ទីតាំង​ដី​មួយ​កន្លែង​ដែល​គ្រួសារ​អ្នក​ទាំង​ ២ ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ​ ១ ក្រុង-ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​ ២០០៧​។

លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ជនសង្ស័យ​ទាំង​ ២ ​ត្រូវ​តុលាការ​ចោទ​ពី​បទ​កាប់​គាស់​រុករាន ឆ្ការ​ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​តាម​មាត្រា ៥៦ ចំណុច ៤ និង​ ៦២ ចំណុច​ ១ នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

អ្នកស្រី សំ ភ័ក្ត្រ ដែល​ជា​ភរិយា​លោក អ៊ុក ចេត្តនី បាន​ឲ្យ​ដឹង​ថា​ការ​ចាប់​ខ្លួន​ស្វាមី និង​ឪពុក​គឺ​អយុត្តិធម៌​បំផុត ព្រោះ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​បាន​ទៅ​កាប់ឆ្ការ​ព្រៃ ដើម្បី​ដាំ​ដំណាំ​នៅ​លើ​ដី​នៅ​តំបន់​នោះ​ដូចគ្នា​ដែរ​តែ​មិន​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ប្រសិន​បើ​គេ​រកឃើញ​ថា​ពួកគាត់​ប្រព្រឹត្ត​ខុស អាជ្ញាធរ​គួរ​តែ​ចេញ​លិខិត​ព្រមាន ឬ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​បែប​នេះ​ទៀត ព្រោះ​ទីតាំង​ដី​នោះ​មិន​បាន​ដាក់​ស្លាក​សញ្ញា ឬ​ពន្យល់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ពី​ដី​របស់​រដ្ឋ​ដែរ ហើយ​ខ្ញុំ​ក៏​បាន​ទិញ​បន្ត​ពី​អ្នកភូមិ​ផ្សេង​ទៀត​ចាំបាច់​អ្វី​ដល់​យក​ទៅ​ដាក់គុក​តែ​ម្ដង​»​។

លោក សាមុត សុធារិទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា បុគ្គល​ណា​ដែល​បំពាន​អនុក្រឹត្យ​ស្ដីពី​ការ​ការពារ​ដីព្រៃ​តំបន់​នោះ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​។

លោក​ថ្លែង​ថា​៖ «​ដីព្រៃ​តំបន់​ហ្នឹង​គឺជា​តំបន់​ការពារ​របស់​រដ្ឋ ហើយ​មន្ត្រី​របស់​យើង​ដើរល្បាត​ជា​ប្រចាំ​។ អ៊ីចឹង​បើ​សិន​មាន​ការ​រំលោភបំពាន​បែប​នេះ​គឺ​យើង​អនុវត្ត​ច្បាប់​ហើយ​»​។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​លោកស្រី​កំពុង​តែ​តាម​ឃ្លាំមើល​សំណុំ​រឿង​ដែល​បាន​កើតឡើង​នេះ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​អត់​ទាន់​បាន​សិក្សា​ពី​ដី​នេះ​ទេ ប៉ុន្ដែ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ពួកគាត់​ហាក់​ដូចជា​លឿន​ពេក តុលាការ​គួរ​អនុញ្ញាត​ឲ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ ហើយ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ ព្រោះ​រឿង​នេះ​មើល​ទៅ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​»៕