ភ្នំពេញៈ អតីត​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ពុធ​បាន​ទៅ​សារភាព​ចំពោះមុខ​នគរបាល​រាជធានី​ភ្នំពេញ​អំពី​ផែន​ការវិល​ត្រឡប់មក​វិញ​របស់​លោក សម រង្ស៊ី ដែល​រដ្ឋាភិបាល​ហៅថា​ «​រដ្ឋប្រហារ​» ខណៈ​មនុស្ស​ ៣ ​នាក់​បន្ថែមទៀត​ត្រូវ​បាន​ចាប់ខ្លួន​។

អ្នកស្រី សេង សុខន អតីត​ចៅសង្កាត់​ដេប៉ូ​ ២ ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​។ នេះ​បើ​យោង​តាម​ការចាក់ផ្សាយ​វីដេអូ​របស់​ទូរទស្សន៍​រដ្ឋ​ (​ទទក​)​។

អ្នកស្រី​បាន​ថ្លែងថា​កាលពី​មុន​អ្នកស្រី​មើលឃើញ​គោលនយោបាយ​របស់​លោក សម រង្ស៊ី ល្អ​។ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​​អ្នកស្រី​បាន​ទទួល​ផែនការ និង​ការណែនាំ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ប្រាប់​អ្នកស្រី​ឲ្យ​កៀរគរ​សមាជិក​ដទៃៗ​ទៀត​ជា​ញឹកញាប់​ដូចជា​ក្នុង​អំឡុង​ពិធី​​ហូប​នំ​បញ្ចុក​ខ្មែរ និង​ពិធីបុណ្យ​ដទៃៗ​ទៀត​។

អ្នកស្រី​បាន​បន្តថា​៖ «​ឥឡូវនេះ​បន្ទាប់ពី​លោក សម រង្ស៊ី មាន​កិច្ចប្រជុំ​នៅ​ប្រទេស​ម៉ាឡេស៊ី ខ្ញុំ​បាន​ទទួល​ផែនការ​ពី ម៉ម ផល្លា​ ឲ្យ​ញុះញង់​ប្រជាពលរដ្ឋ​ទៅ​ទទួល​លោក សម រង្ស៊ី នៅពេល​គាត់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។ បន្ទាប់មក ខ្ញុំ​បានឃើញ​អ្វី​ដែល​លោក សម រង្ស៊ី បាន​ធ្វើ​ដូចជា​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្រោកឈរ​ឲ្យ​យោធា​បែរ​កាំភ្លើង​ទៅ​រដ្ឋាភិបាល និង​ប្រមាថ​ព្រះមហាក្សត្រ​​ខ្ញុំ​យល់ថា​អំពើ​ទាំងអស់​នេះ​គឺជា​អំពើ​ក្បត់ជាតិ និង​ខុស​»​។

អ្នកស្រី សុខន បាន​ថ្លែង​​ថា​៖ «​ដោយ​យល់​អំពី​បញ្ហា​នោះ ខ្ញុំ​បាន​សម្រេច​ចិត្ត​មក​សារភាព​នៅ​ចំពោះមុខ​អាជ្ញាធរ​។ ខ្ញុំ​បាន​ថ្កោលទោស​រាល់​សកម្មភាព​ទាំងអស់​របស់​លោក សម រង្ស៊ី ដូចជា​ការញុះញង់​ឲ្យ​មាន​ការបែរ​កាំភ្លើង​ទៅ​រដ្ឋាភិបាល ក្រោកឈរ​ប្រឆាំង​រដ្ឋាភិបាល និង​ប្រមាថ​ព្រះមហាក្សត្រ​»​។ ជាង​នេះ​ផងដែរ អ្នកស្រី​បាន​អំពាវនាវ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃៗ​ទៀត​រត់​ចូល​រដ្ឋាភិបាល​។

អ្នកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​ពីបទ «​រួម​គំនិត​ក្បត់​» ​រួមជាមួយ​មនុស្ស​ ៤ ​នាក់​ដទៃ​ទៀត​រួមមាន ឈ្មោះ ទិត សុផាត ខេន សុខហ៊ាង គ្រុយ សុខេមរិន និង​ វឿង សំណាង​។ ទិត សុផាត ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ផ្សារដេប៉ូ​ ២ និង ខេន សុខហ៊ាង ជា​អតីត​ចៅសង្កាត់​ព្រែកប្រា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​។

គិត​ត្រឹម​ថ្ងៃ​ពុធ អ្នកនាំពាក្យ​នគរបាលជាតិ​បាន​ថ្លែងថា មនុស្ស​​សរុប​ ២៤ ​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ «​រួម​គំនិត​ក្បត់​» ​ចាប់​តាំងពី​រដ្ឋាភិបាល​បាន​ចាត់ទុក​ការប្រកាស​របស់​លោក សម រង្ស៊ី ថា​មាន​ការផ្តល់​ថវិកា​សម្រាប់​យោធា​ដែល​រត់​ចេញពី​រដ្ឋាភិបាល​ជា​ផ្នែក​នៃ​ «​រដ្ឋប្រហារ​»​។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹងថា មនុស្ស​ប្រមាណ​ ៣០ ​នាក់​ត្រូវបាន​ចោទប្រកាន់​ដោយ​សាលាដំបូង​រាជធានី​ខេត្ត​ទូទាំងប្រទេស​។ ​តុលាការ​តែងតែ​រំឭក​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​ «​រដ្ឋប្រហារ​» ​ឲ្យ​សារភាព​ដើម្បី​ទទួល​បាន​ការលើកលែង​ទោស​។

អ្នកស្រី សុខន មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន ប៉ុន្តែ​កូនប្រុស​របស់​អ្នកស្រី លោក ជា សារឿន បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ម្តាយ​របស់​លោក​កំពុង​បំភ្លឺ​ជាមួយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំពោះ​បទចោទប្រកាន់​នោះ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បាន​ថ្លែងថា អ្នកស្រី សុខន បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ​ចំពោះ​ការសារភាព​ដែល​អាច​ជួយ​អ្នកស្រី​រួចផុត​ពី​បទ​ចោទប្រកាន់​។

លោក​បាន​ថ្លែងថា​៖ «​ការសារភាព​បង្ហាញថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​បានមក​ទាន់ពេលវេលា​។ ពួកគេ​មួយ​ចំនួន​ជឿ​តាម​អ្វី​ដែល​លោក សម រង្ស៊ី និយាយ ប៉ុន្តែ​នៅ​ទីបំផុត​មិន​បាន​អ្វី ប៉ុន្តែ​ត្រូវ​ចាប់ខ្លួន​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា ការសារភាព​របស់​មនុស្ស​ម្នាក់​មិនមែន​បង្ហាញ​ពី​និន្នាការ​។

លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​វា​លឿន​ពេក មិនទាន់​អាច​និយាយ​ថា តើ​នុយ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​នឹង​ជោគជ័យ​ជាង​នុយ​កាលពី​ពេលមុន​ឬ​អត់​នោះទេ​។ ​ការផ្តល់​តំណែង​ដដែល​ដល់​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ពេលមុន​បាន​បរាជ័យ​ក្នុង​ការទទួល​បាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​ឲ្យ​ស៊ីនុយ​នេះ រត់​ទៅ​ចូល​ខាង​រដ្ឋាភិបាល​»​។

លោក​បាន​បន្តថា ការផ្តល់​សម្បទាន​នយោបាយ​របស់​រដ្ឋាភិបាល​មិន​ទទួល​បាន​ជោគជ័យ​ច្រើនជាង​នេះ​ទេ​នៅពេល​ដែល​មនុស្ស​តែមួយ​ចំនួន​តូច​ក្នុងចំណោម​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ១១៨ ​នាក់​បានដាក់​ពាក្យ​សុំ​សម្បទាន​។

ទន្ទឹម​នេះ​ដែរ​លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​នគរបាល​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា មាន​មនុស្ស​ ៣ ​នាក់​បន្ថែមទៀត​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​រួមគំនិត​ក្បត់​ និង​ញុះញង់​។ មនុស្ស​ ២ ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​គឺ​នៅ​ខេត្ត​កំពង់ចាម រួមមាន ឈ្មោះ លី គឹមហ៊ាង អាយុ​​ ៤៧ ​ឆ្នាំ អន សាវេន អាយុ​ ៦៤ ​ឆ្នាំ និង​ទី​ ៣ ​ឈ្មោះ ឈិន ម៉ារ៉ាឌី អាយុ​ ៤០ ​ឆ្នាំ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក​បាន​បន្តថា បើ​រួមទាំង​​ការចាប់ខ្លួន​ ៣ ​នាក់​ចុងក្រោយ​ចំនួន​នៃ​ការចាប់ខ្លួន​សរុប​នា​ប៉ុន្មាន​សប្តាហ៍​នេះ​បាន​កើនឡើង​ដល់​ ២៧ ​នាក់​៕ PS