ភ្នំពេញៈ អតីតសកម្មជនមាតាធម្មជាតិ ២ រូបគឺលោក ហ៊ុន វណ្ណៈ និង ឌឹម គុនឌី បានប្ដឹងសារទុក្ខទៅតុលាការកំពូល ដើម្បីទាមទារឲ្យតុលាការជាន់ខ្ពស់មួយនេះផ្តល់យុត្តិធម៌ដល់ពួកគេទាំង ២ វិញ បន្ទាប់ពីសាលាឧទ្ធរណ៍បានតម្កល់សាលក្រមដែលសម្រេចឲ្យពួកគេមានទោសដដែលនៅក្នុងសំណុំរឿងថតកប៉ាល់ដឹកខ្សាច់របស់ក្រុមហ៊ុនលីយ៉ុងផាត់កាលពី ២ ឆ្នាំមុន។
មេធាវីការពារក្តីឱ្យអតីតសកម្មជនមាតាធម្មជាតិលោក សំ ចំរើន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា បន្ទាប់ពីបានពិភាក្សាជាមួយកូនក្តី លោកបានដាក់ពាក្យបណ្តឹងនេះទៅតុលាការកំពូលកាលពីថ្ងៃស្រុក ដោយសំអាងនូវភ័ស្តុតាង និងការទាមទាររបស់កូនក្តីពីការមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍ ដែលមានភាពអយុត្តិធម៌។
លោក ចំរើន បាននិយាយការពារកូនក្តីរបស់លោកថា ពួកគេទាំង ២ គ្មានកំហុសដូចការចោទប្រកាន់របស់តុលាការសាលាដំបូងខេត្តកោះកុងនោះទេ។ លោកបញ្ជាក់ថា៖ «អ្វីៗនៅក្នុងឯកសារ និងសំណុំរឿងរបស់យើង មិនប្រែប្រួលអ្វីទេគឺនៅដដែល ព្រោះកូនក្តីយើងសុចរិត។ យើងនឹងរង់ចាំតាមដានមើល និងបំពេញតាមនីតិវិធីរបស់តុលាការដើម្បីជំរុញឲ្យបានលឿន»។
កាលពីដើមឆ្នាំ ២០១៨ សាលាដំបូងខេត្តកោះកុងបានសម្រេចផ្តន្ទាទោសលោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុនឌី ដែលអ្នកទាំង ២ គឺជាសមាជិកអង្គការមាតាធម្មជាតិឱ្យជាប់ពន្ធនាគារម្នាក់ៗ ១ ឆ្នាំតែឲ្យអនុវត្តទោស ៥ ខែក្នុងពន្ធនាគារហើយទោសនៅសល់ត្រូវព្យួរ ព្រមទាំងពិន័យជាប្រាក់ម្នាក់ៗ ១ លានរៀល។ ការចោទប្រកាន់នេះដោយសារសកម្មជនទាំង ២ នាក់បានថតរូបសាឡង់ធំៗ ២ គ្រឿងដោយសង្ស័យថាកំពុងដឹកខ្សាច់ចេញពីកម្ពុជាខុសច្បាប់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។
ពួកគេត្រូវបានប្តឹងដោយឈ្មោះ ចាន់ ណាគ្រី តំណាងក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រោយមកនៅចុងខែសីហា សាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់សាលក្រមតុលាការខេត្តកោះកុងទុកជាបានការដដែលពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង «ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល»។
លោក ហ៊ុន វណ្ណៈ អតីតសកម្មជនមាតាធម្មជាតិបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីម្សិលមិញថា បើទោះបីជាគ្មានក្តីរំពឹងខ្លាំងទៅលើតុលាការមួយនេះ ប៉ុន្តែសម្រាប់លោកនៅតែបន្តទាមទារឲ្យអស់ពីលទ្ធភាពទៅតាមនីតិវិធី ហើយបើតុលាការនេះពិតជាមានសុក្រឹតវិនិច្ឆ័យត្រឹមត្រូវពិតមែន ការចោទប្រកាន់មកលើពួកលោកនឹងត្រូវបានលុបចោល។
លោកបញ្ជាក់ថា៖ «ការទាមទាររបស់យើងនៅតែចង់ឲ្យតុលាការកំពូល ជួយរកយុត្តិធម៌ឲ្យពួកយើង យើងអត់ទទួលយកបានទេ ការសម្រេចរបស់តុលាការដំបូង។ យើងអត់មានជម្រើសអ្វីក្រៅពីធ្វើឲ្យអស់លទ្ធភាព។ (ខ្ញុំ) សុំឲ្យតុលាការ ជួយពន្លឿននីតិវិធី និងដោះស្រាយឲ្យបានឆាប់»។
សម្រាប់លោក ហ៊ុន វណ្ណៈ ការដែលតុលាការនៅតែសម្រេចឲ្យពួកលោកមានទោសដូច្នេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃជាពិសេសប៉ះពាល់ដល់ការបំពេញការងារ ខណៈដែលការចោទប្រកាន់ គ្មានការពិត ហើយបទល្មើសចោទមិនសមហេតុផល។
លោកបញ្ជាក់បន្តថា៖ «សកម្មភាពការពារធនធានធម្មជាតិរបស់យើងឥឡូវថយហើយ មិនបានធ្វើសកម្មភាពដូចមុនទេ ដោយសារតែយើងមានទោសហ្នឹងផង និងមានសម្ពាធផង។ ប៉ុន្តែយើងមិនចោលសកម្មភាពសង្គមទេយើងនៅតែបន្តធ្វើខ្លះ។ ខ្ញុំបានងាកមកជួយធ្វើការគ្រួសារខ្ញុំ ដើម្បីចិញ្ចឹមជីវិត»។
លោក ចាន់ ណាគ្រី តំណាងក្រុមហ៊ុន លី យ៉ុងផាត់ ប្រចាំខេត្តកោះកុង អះអាងថាការតតាំងរឿងក្តីនេះ ក្រុមហ៊ុនបានផ្តល់សិទ្ធិទៅឲ្យមេធាវី ដូច្នេះដំណើរការប្តឹងផ្តល់យ៉ាងណាទៀតនោះគឺអាស្រ័យទៅលើមេធាវីជាអ្នកចាត់ចែង។ សម្រាប់លោករឿងក្តីនេះ បើសិនជាបុគ្គលទាំង ២ រូបនេះព្រមទទួលកំហុស និងចូលខ្លួនមកសុំទោសលោក លី យ៉ុងផាត់ នោះក៏មិនមានរឿងអូសដំណើរបែបនេះដែរ ប៉ុន្តែពួកគេហាក់មានះនឹងប្រព្រឹត្តយ៉ាងគឃ្លើន។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទទួលស្គាល់ពីរដ្ឋាភិបាល តែបែរជាបុគ្គលនោះដើរចុច GPS ដើរថតស្រេចតែចិត្ត ហើយឡាយតាមហ្វេសប៊ុកបែបនេះ ដោយគ្មានការអនុញ្ញាតសោះ។ យ៉ាងណា តាមពិតទៅបើសិនជាបុគ្គល ២ នាក់ហ្នឹង គាត់សារភាពថាគាត់បានប្រព្រឹត្តខុសចំពោះក្រុមហ៊ុន រំលោភទៅលើក្រុមហ៊ុន ហើយគាត់សុំទោសទៅប្រហែលជាលោកឧកញ៉ា គាត់មានការយោគយល់ ព្រោះគាត់មិនអាក្រក់នោះទេ។ តែតាមមើលបុគ្គល ២ នាក់ហ្នឹង គាត់ដូចជាមិន (ទទួលស្គាល់) សោះ»។
លោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូលបានថ្លែងពីម្សិលមិញថា តុលាការកំពូលនៅមិនទាន់ទទួលបានសំណុំរឿងនេះនៅឡើយទេ ហើយការស្នើឲ្យតុលាការជួយផ្តល់យុត្តិធម៌ឬយ៉ាងណានោះ គឺអាស្រ័យទៅលើការសម្រេចរបស់តុលាការ ក្រោយពីពិចារណាតាមផ្លូវច្បាប់។ «យើងមាននីតិវិធីរបស់យើងតាមរយៈការប្តឹងមកយើងគឺធ្វើនៅតុលាការឧទ្ធរណ៍ដែលគេអ្នករៀបចំសំណុំរឿងហ្នឹងបញ្ចូនមកនៅក្នុងចន្លោះពេលហ្នឹងយើងអត់កំណត់ទេ។ អ្វីផ្សេងទៀត ខ្ញុំអត់ទាន់ហ៊ាននិយាយទេ តុលាការនឹងផ្តល់យុត្តិធម៌ផ្អែកលើច្បាប់»៕