ភ្នំពេញៈ អតីត​សមាជិក​ព្រឹទ្ធសភា​លោកស្រី ​កែវ ម៉ាលី ​អះអាង​ថា ​លោកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​មិន​ឲ្យ​លក់​អចលនទ្រព្យ​របស់​លោកស្រី​ទេ​ ថ្វីបើ​​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ បាន​ប្រកាស​ដាក់​លក់​ឡាយឡុង​ដើម្បី​យក​ប្រាក់​សង​ធនាគារ​ BIDC ដែល​លោកស្រី​បាន​ខ្ចី​ប្រាក់​ក៏​ដោយ​។ លោកស្រី​បាន​បក​ស្រាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បន្ទាប់​ពី​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​បាន​ដាក់​លក់​ឡាយឡុង​លើ​អចលនទ្រព្យ​របស់​លោកស្រី ចំនួន ​២៦ ​កន្លែង​ ក្នុង​តម្លៃ​ជាង ​៧ ​លាន​ដុល្លារ​អាមេរិក។

យោង​តាម​​ការ​ផ្សាយ​លក់​ឡាយឡុង​ ដែល​ប្រកាស​ដោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា តុលាការ​បាន​បង្គាប់​ឲ្យ​អាជ្ញា​សាលា​លក់​ឡាយឡុង​លើ​អចលនវត្ថុ​របស់​ក្រុមហ៊ុន​ លេន ​ប្រផឺធី ដែល​មាន​លោកស្រី កែវ ម៉ាលី និង​លោកស្រី​ កែវ ​ស៊ុយឆេង ​ជា​កម្មសិទ្ធិករ ​(ម្ចាស់​កម្មសិទ្ធិ) ចំនួន​សរុប ​២៦ ​កន្លែង​។

ក្នុង​ចំណោម​អចលនទ្រព្យ​ទាំង ​២៦ ​កន្លែង​នេះ ​មាន ​២០ ​កន្លែង​ ស្ថិត​នៅ​​ខុនដូ​វិមាន ​កែវ​ចរណៃ ក្នុង​ភូមិ​តាង៉ូវ សង្កាត់​និរោធ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ ​ចំណែក ​៦ ​កន្លែង​ទៀត ​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ដូច​គ្នា​ តែ​នៅ​ក្រៅ​វិមាន​កែវ​ចរណៃ​។

ការ​លក់​ឡាយឡុង​នេះ​ធ្វើ​ឡើង​តាម​សំណុំ​រឿង​អនុវត្ត​ដោយ​បង្ខំ​ដែល​ត្រូវ​បាន​សាលា​ដំបូង​សម្រេច​ កាល​ពី​ខែ ​ឧសភា ឆ្នាំ ២០១៨ ​ និង​តាម​ដីកា​ សម្រេច​កំណត់​តម្លៃ​លក់​ឡាយឡុង ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ​៣១ ខែ ​កក្កដា​ កន្លង​ទៅ។ អ្នក​មាន​ចំណាប់​អារម្មណ៍​អាច​ចូលរួម​ដេញ​ថ្លៃ​ទិញ ​ចាប់​ពី​ថ្ងៃទី ​១ ​សីហា​ ដល់​ថ្ងៃទី ​២៩​ ខែ សីហា​។

ជា​ការ​ឆ្លើយ​តប​ លោកស្រី​ កែវ ​ម៉ាលី បាន​ចេញ​លិខិត​បំភ្លឺ​ជា​សាធារណៈ​មួយ​ ដោយ​ថ្លែង​ថា ​ក្រុមហ៊ុន​របស់​លោកស្រី​ឈ្មោះ​ក្រុមហ៊ុន ​កែវ ​ម៉ាលី ​គ្រុប ​បាន​ប្ដឹង​ទៅ​ឧទ្ធរណ៍​រួច​ហើយ​ជំទាស់​ទៅ​នឹង​ការ​សម្រេច​លក់​ឡាយឡុង​នេះ​ ដូច្នេះ​សាលា​ដំបូង​ មិន​អាច​បន្ត​នីតិ​វិធី​លក់​ដេញ​ថ្លៃ​បន្ត​ទៀត​បាន​ទេ នៅ​ពេល​មិន​ទាន់​មាន​ការ​សម្រេច​ពី​សាលា​ឧទ្ធរណ៍​នោះ​។

លោកស្រី​ថ្លែង​ថា​ ទ្រព្យ​សម្បត្តិ​របស់​លោកស្រី​មាន​តម្លៃ​ជាង ​២០ ​លាន​ដុល្លារ ​មិន​មែន​ទាប​រហូត​ដល់​ជាង ​៧ ​លាន​ដុល្លារ​នោះ​ទេ។ លោកស្រី​ថា​ ធនាគារ​បាន​រៀបចំ​ជា​សម្ងាត់​ដើម្បី​ដាក់​ដេញ​ថ្លៃ​ទ្រព្យ​សម្បត្តិ​របស់​លោកស្រី។

លោកស្រី​បន្ត​ថា ក្រុមហ៊ុន​លោកស្រី​បាន​សង​ធនាគារ​ BIDC​ ៥,៨ ​លាន​ដុល្លារ​ហើយ​ នៅ​សល់​តែ​ជាង ​២,៧ លាន​ដុល្លារ​ប៉ុណ្ណោះ​ បូក​ទាំង​ការ​ប្រាក់​ ហើយ​ក្រុមហ៊ុន​លោកស្រី​ នឹង​សង​ប្រាក់​ដែល​នៅ​សេសសល់​ឲ្យ​បាន​ឆាប់​។

លោកស្រី​បាន​ថ្លែង​ថា ការ​ផ្សព្វផ្សាយ​ទម្លាយ​ព័ត៌មាន​ដែល​ពុំ​ទាន់​ជាក់លាក់​ គឺ​ក្នុង​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​លោកស្រី​ និង​ក្រុមហ៊ុន​ ដើម្បី​លេប​យក​ដី​ និង​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​ទាំង​ ២៦ ​បណ្ណ​។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ លោកស្រី ​កែវ​ ម៉ាលី ​បាន​ថ្លែង​ថា ​លោកស្រី​ទើប​តែ​ដឹង​ព័ត៌មាន​នេះ នៅ​ពេល​ឃើញ​សារព័ត៌មាន​ចុះ​ផ្សាយ​។ លោកស្រី​រៀបរាប់​ថា លោកស្រី​បាន​ខ្ចី​ប្រាក់​ពី​ BIDC កាល​ពី​ឆ្នាំ ​២០១៣​ ចំនួន ​៧ ​លាន​ដុល្លារ ហើយ​បាន​បង់​ការ​ប្រាក់​គិត​ចាប់​ពី​ពេល​នោះ​មក​ សរុប​ប្រមាណ ​៣ ​លាន​ដុល្លារ​។

លោកស្រី​ថ្លែង​ថា៖ «ដី​គេ ​៣០ ​លាន​ជាង ​ទៅ​ដេញ​ថ្លៃ ៧ ​លាន​ចុះ ហើយ​គេ​នៅ​ជំពាក់​តែ ​២ ​លាន​ជាង​សោះ»។

កាល​ពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​កាន់​សាខា​មួយ​របស់​ធនា​គារ BIDC ប៉ុន្តែ​អ្នក​លើក​ទូរស័ព្ទ​ថ្លែង​ថា អ្នកស្រី​មិន​អាច​ផ្ដល់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​អតិថិជន​របស់​ធនាគារ​បាន​ទេ៕