ភ្នំពេញៈ អតីត​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដោយ​ភ្ជាប់​លោក កឹម សុខា ទៅនឹង​បក្ស​ថ្មី​នេះ​ធ្វើឲ្យ​ជំនួយការ និង​មេធាវី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពេញចិត្ត​ចំពោះ​ក្រុម​នេះ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន មនុស្ស​ចំនួន​ ៨ ​នាក់​ បាន​ចុះហត្ថលេខា​រួមគ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដោយ​ក្នុងនោះ​រួមមាន​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ ២ ​រូប​គឺ​លោក កង គឹមហាក់ ​និង​លោក​ ជីវ កត្តា រួម​ទាំង​លោក ស៊ីម សុវណ្ណនី​។ អ្នក​ទាំង​ ៣ ​នាក់​ជា​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​ការស្នើសុំ​កាលពី​ដើម​ឆ្នាំ​ ២០១៩ ​នេះ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពុង​រំលាយ ហើយ​បាន​ហាមប្រាម​មនុស្ស​ ១១៨ ​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា អនាគត​បក្សប្រឆាំង​ថ្មី​នេះ​គឺជា​បក្ស​ «​បន្តវេន​ពី​គណបក្ស​ប្រឆាំង​មុនៗ និង​ពី​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ទស្សនៈ​មិន​ស្រប​នឹង​ការដឹកនាំ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​»​។ ក្រុម​អ្នកបង្កើត​បក្ស​ថ្មី​នេះ​អំពាវនាវ​ឲ្យ​មាន​ការចូលរួម​ពី​សំណាក់​អ្នកស្នេហាជាតិ​ទាំងអស់​ចំពោះ​អ្វី​ដែល​ពួក​គែ​ហៅថា ដើម្បី​បុព្វហេតុ​ជាតិ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​គណបក្ស​ប្រឆាំង​ថ្មី​នេះ​ជា​យន្តការ​នយោបាយ​មួយ​សម្រាប់​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​របស់​លោក កឹម សុខា ​ការពារ​ផលប្រយោជន៍​របស់​បងប្អូន​កម្មករ​កម្មការិនី រាប់លាន​នាក់ និង​ដោះស្រាយ​បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ​ទាំងមូល​»​។

សមាជិក​ម្នាក់​ដែល​ប្រកាស​បង្កើត​បក្ស​នេះ​តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការបង្កើត​បក្ស​ថ្មី​នេះ​ទំនង​ជា​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ បន្ទាប់​ពី​សវនា​លើ​សំណុំរឿង​ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» របស់​លោក​ កឹម សុខា ដែល​សវនាការ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៥ ខែ​មករា​ខាងមុខ​។

សមាជិក​ដដែល​នេះ​បញ្ជាក់ថា ការបង្កើត​បក្ស​ថ្មី​នេះ​គឺ​មាន​គោលបំណង​ចង់​ប្រមូល​អតីតមន្ត្រី​ CNRP ទាំង​ខាង​អ្នក​ដែល​មាន​និន្នាការ​គាំទ្រ សម រង្ស៊ី និង​អ្នកគាំទ្រ​លោក កឹម សុខា មក​នៅ​ជាមួយ​គ្នា​។ បក្ស​ថ្មី​នេះ​នឹង​មិន​មាន​ប្រធាន​ផ្លូវការ​ទេ​គឺ​មាន​តែ​ប្រធាន​ស្ដីទី​ហើយ​តំណែង​ប្រធាន​បក្ស​នឹង​រក្សា​ឲ្យ​នៅ​ចំហ​ដើម្បី​ទុក​លទ្ធភាព​ក្នុង​ការអញ្ជើញ​លោក កឹម សុខា មក​ដឹកនាំ បើសិន​បក្ស​នេះ​ដំណើរ​ការល្អ ហើយ​លោក​ កឹម សុខា រួច​ផុតពី​ការហាមប្រាម​ធ្វើ​នយោបាយ​។

ប្រភព​ដដែល​ថ្លែងថា ការបង្កើត​បក្ស​ថ្មី​នេះ​ក៏ដោយសារ​តែ​ជឿថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​រស់​ឡើង​វិញ​បានទេ​។ លោក​ពន្យល់​ថា ការគ្រោង​អញ្ជើញ​លោក​ កឹម សុខា ​មក​ដឹកនាំ​បក្ស​នេះ​ដោយសារ​តែ​លោក​ កឹម សុខា ទំនង​មិន​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​វិញ​ទេ ពីព្រោះ​ការធ្វើ​ដូច្នេះ វា​នឹង​បង្ហាញ​ច្បាស់​ថា លោក កឹមសុខា «​រត់​ចេញ​ពី​លោក​ សម រង្ស៊ី​» ហើយ​ពេលនោះ​អ្នកគាំទ្រ​លោក សម រង្ស៊ី​ ក៏​នឹងមិន​មក​ចូលរួម​ជាមួយ​លោក​ដែរ​។

កាលពី​ដើម​ឆ្នាំនេះ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៩ ​នាក់ ​ក្នុង​ចំណោម ១១៨ ​នាក់​ ត្រូវ​បានផ្ដល់​នីតិសម្បទា​នយោបាយ​តាម​ការស្នើសុំ​។ ក្នុងនោះ​ក៏មាន​អតីត​តំណាងរាស្ត្រ​ល្បីឈ្មោះ​មួយរូប​គឺ​លោក​ អ៊ូ ច័ន្ទរ័ត្ន​។ ការបង្កើត​បក្ស​ថ្មី​នេះ​ត្រូវ​បាន​ប្រភព​មួយចំនួន​យល់​ថា មាន​លោក អ៊ូ ច័ន្ទរ័ត្ន នៅ​ពីក្រោយ​។ ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​បដិសេធ​ការលើក​ឡើង​ដូច្នេះ​។

លោក​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​ធ្លាប់​បាន​ស្នើសុំ​ការពិគ្រោះ​យោបល់​ពី​សំណាក់​អ្នក​ដែល​បង្កើត​បក្ស​ថ្មី​នេះ តែ​លោក​បាន​ផ្ដល់​ជា​យោបល់​ទៅ​ពួកគេ​ថា ការបង្កើត​បក្ស​នេះ វា​ហាក់​ដូចជា​លឿន​ពេក​។

លោក​ថ្លែងថា​៖ «​ការសម្រេចចិត្ត​ចុងក្រោយ​នេះ​គឺ​ពួកគាត់​ប៉ុន្មាន​នាក់​ហ្នឹង​សម្រេចចិត្ត​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ខ្ញុំ​អត់​បាន​ពាក់ព័ន្ធ​ក្នុង​ការសម្រេចចិត្ត​ហ្នឹង​ទេ​។ ខ្ញុំ​យល់ថា​ការប្រកាស​នៅពេល​នេះ​មិនត្រូវ​នឹង​កាលៈទេសៈ​ថ្មី​ទេ​ដោយសារ​យើង​កំពុង​តាមដាន​ដំណោះស្រាយ​ពី​សវនាការ​ដែល​កាត់ទោស​លោក​ប្រធាន កឹម សុខា ហើយ​ម្យ៉ាងទៀត​យើង​កំពុង​តាមដាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA តើ​វា​អាច​ដាច់​ឬ​អាច​នៅ​?»​។

លោក​បន្តថា គណបក្ស​ថ្មី​នេះ​ប្រហែល​ជា​ពិបាក​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​សមាជិក​មិនមែន​ជា​អ្នក​ដែលជា​ឥស្សរជន​នយោបាយ​ល្បីល្បាញ​ដែល​មាន​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។ លោក​ថា​៖ «​ដូច្នេះ​ខ្ញុំ​មិន​ជឿថា មាន​ការចាប់អារម្មណ៍​ប៉ុន្មាន​ទេ​»​។

ទោះយ៉ាងណា​ការប្រកាស​បង្កើត​បក្ស​នេះ​ក៏​ទទួល​រង​នូវការរិះគន់​ផងដែរ ជាពិសេស​ពី​សំណាក់​ជំនួយការ​លោក កឹម សុខា និង​មេធាវី​របស់លោក​។

លោក​ មុត ចន្ថា ​ទីប្រឹក្សា​របស់​លោក កឹម សុខា បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​អ្នក​មានបំណង​បង្កើត​បក្ស​ថ្មី គួរ​លើក​ពី​គោលការណ៍​ និង​គោលនយោបាយ​ជួយ​ជាតិ កុំ​ព្យាយាម​ភ្ជាប់​ជាមួយ​ឈ្មោះ​របស់​អ្នកដទៃ​!»​។ លោក​ក៏បាន​សរសេរ​បញ្ឆិតបញ្ឆៀង​ថា អ្នក​ធ្វើ​នយោបាយ​គួរតែ​មាន​គុណធម៌​ដែល​ចេះ​ស្គាល់​បុណ្យ និង​ស្គាល់​បាប​ចំពោះ​ទង្វើ​ទាំងឡាយ​មកលើ​បុព្វការី​ជន​របស់ខ្លួន​។

លោក ចាន់ ចេន មេធាវី​មួយរូប​ក្នុង​ចំណោម​ ៤ ​រូប​ដែល​ការពារ​ក្ដី​លោក កឹម សុខា ថ្លែង​ថា​លោក​មានការ​សោកស្ដាយ​ដែល​ក្រុមការងារ​បង្កើត​បក្ស​ថ្មី​នេះ ភ្ជាប់​កូនក្ដី​លោក​ទៅ​នឹង​ការបង្កើត​បក្ស​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សម្ដែង​ការសោកស្ដាយ​ទៅដល់​សហសេវិក​ដែល​ធ្លាប់ធ្វើ​ការងារ​ជាមួយ​គ្នា​។ ទី​ ២ ការ​ទៅ​បង្កើត​បក្ស​ថ្មី គឺជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​មិនត្រូវ​យក​ឈ្មោះ​អ្នកដទៃ ដើម្បី​ទៅ​ភ្ជាប់​ជាមួយ​ក្នុង​គោលបំណង​ចំណេញ​នយោបាយ​របស់​ខ្លួន​ទេ​»៕

វីដេអូ៖