ភ្នំពេញ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង បាន​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី ១៧ ខែ​មេសា នេះ​ថា អតីត​ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ ធួក និង​បក្ខពួក​ចំនួន ២ រូប​ទៀត ត្រូវ​បាន​ចោទប្រកាន់​​ និង​សម្រេច​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ល្ងាច​នេះ​ផងដែរ។

លោក គុជ គឹមឡុង បាន​ប្រាប់​នៅថ្ងៃនេះ​ថា ក្រោយពី​បាន​សាកសួរ​តាម​នីតិវិធី លោក​ព្រះរាជអាជ្ញារង ឡុង ជាប បាន​សម្រេច​ចោទប្រកាន់ ឈ្មោះ អ៊ុង ចាន់ធួក និង​បក្ខពួក​ចំនួន ២ រូប​ទៀត តាម​មាត្រា ៣, ៤ និង ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដោយ​អនុវត្តន៍​នីតិវិធី​បង្ហាញខ្លួន​ភ្លាម តាម​មាត្រា ៤៧ ក្រមនីតិវិធី​ព្រហ្មទណ្ឌ។

លោក​បាន​ប្រាប់ថា៖ «ក្រោយ​សវនាការ​នា​រសៀល​នេះ លោក​ចៅក្រម​ជំនុំជម្រះ អ៊ុក សុវណ្ណារិទ្ធ បានសម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំង ៣ នាក់​នេះ ជា​បណ្តោះអាសន្ន​សិន»។

លោក​ គុជ គឹមឡុង បាន​បន្ថែម​ថា នៅក្នុងពេល​សវនាការ ជនជាប់ចោទ​បាន​ស្នើសុំ​សិទ្ធិ​ពឹងពាក់​រក​មេធាវី។ ដូចនេះ​ដំណើរការ​នៃ​សវនាការ​សួរដេញដោល​ជា​បណ្តោះអាសន្ន ដោយ​ផ្អែក​ទៅតាម​នីតិវិធី​ច្បាប់​ត្រូវ​ទុកពេល ២ សប្តាហ៍​ ដើម្បី​ឱ្យ​ពួកគាត់​រក​មេធាវី​ដើម្បី​ការពារ​សិទ្ធិ។

លោក​ថា សវនាការ​សំណុំ​រឿងនេះ​នឹង​បើក​ដំណើរការ​ជាថ្មី​ម្តងទៀត​នៅ​ពីរ​សប្តាហ៍​ក្រោយ។

គួរ​បញ្ជាក់ថា ជនជាប់ចោទ អ៊ុង ចាន់ធួក និង​បក្ខពួក​ចំនួន ២ រូប​ទៀត ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១៦ ខែមេសា ដោយសារ​អ្នក​ទាំងនេះ​បាន​រៀបចំ​កម្មវិធី​ផឹកស៊ី រាំ ច្រៀង និង​រហូត​មាន​ការលេង​ប៉ាត​ម្សៅ​ជាមួយ​នឹង​អ្នក​ជួល​បន្ទប់​របស់គាត់​ជាច្រើន​នាក់​ទៀតផង។

នៅថ្ងៃនេះ​ដែរ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដក​ឋានន្តរស័ក្តិ​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល ចំពោះ​ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ​ដែល​បាន​ល្មើស​នឹង​បម្រាម​នៃ​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​កាលពី​យប់មិញ៕