ភ្នំពេញៈ លោក អ៊ូ ពៅ អធិការរង​ខណ្ឌ​៧​មករា ត្រូវ​បាន​អតីត​ចៅសង្កាត់​ពន្សាំង​អ្នកស្រី ឌី សារៀម និង​ស្វាមី​ដាក់​ពាក្យ​ប្ដឹង​ដោយ​ចោទ​លោក​ថា​បាន​នាំ​បក្ខពួក​ប្រើ​ហិង្សា​លើ​ពួកគាត់​ជា​ប្ដី​ប្រពន្ធ​បណ្ដាល​ឱ្យ​រងរបួស​លើ​ផ្ទៃមុខ ដងខ្លួន និង​ក្បាល​ពាក់ព័ន្ធ​នឹង​រឿង​បែងចែក​លុយ​លក់​ដី និង​កម្រៃ ជើងសា​មិន​ត្រូវ​គ្នា​។

តាម​ពាក្យ​បណ្ដឹង​របស់​លោក​​ សេត សឹម ជា​ប្តី​ និង​អ្នកស្រី ឌីសារៀម អតីត​ចៅសង្កាត់​ពន្សាំង​ជា​ប្រពន្ធ​ចុះ​ថ្ងៃទី ១៦ ខែ​មិថុនា​បាន​បង្ហាញ​ថា សុំ​ប្តឹង​ឈ្មោះ អ៊ូ ពៅ ភេទ​ប្រុស អាយុ​ប្រហែល ៤១ ​ឆ្នាំ​មុខរបរ​ជា​អធិការរង​ខណ្ឌ​៧​មករា ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពន្សាំង ខណ្ឌ​ព្រែកព្នៅ ដោយ​ចោទប្រកាន់​ថា​បាន​វាយ​ពួកខ្លួន​បណ្តាល​ឲ្យ​ត្រូវ​ក្បាល និង​ដង​ខ្លួន​រងរបួស​ហើម​។

ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា​នៅ​មុន​ពេល​កើតហេតុ​ម៉ោង​​ប្រមាណ​ជាង​ ១០ ​ព្រឹក​ថ្ងៃទី​ ១៦ ខែ​មិថុនា ឆ្នាំ​ ២០១៨ ប្ដី​ប្រពន្ធ​ដែល​ជា​ដើមបណ្ដឹង​​បាន​នាំ​គ្នា​ទៅ​សាលា​សង្កាត់​​ពន្សាំង​ដើម្បី​ដោះស្រាយ​ជាមួយ​ឈ្មោះ យី សុខជា ពាក់ព័ន្ធ​រឿង​លុយ​កម្រៃ​ជើងសា​ទិញ​លក់​ដីធ្លី​របស់​ពួកគាត់​។

ខណៈ​ជនរងគ្រោះ​ និង​ឈ្មោះ សុខជា កំពុង​ដោះស្រាយ​គ្នា​ស្រាប់​តែ​ឈ្មោះ អ៊ូ ពៅ ជា​អ្នក​ស្គាល់ ឈ្មោះ យី សុខជា ដែល​មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿង​នោះ​សោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​គំរាម​កំហែង​ជនរងគ្រោះ​ទើប​ជនរងគ្រោះ​យក​ទូរស័ព្ទ​ថតរូប​ក៏​ត្រូវ​ឈ្មោះ​ អ៊ូ ពៅ វាយ​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​រឿង​លុយ​កម្រៃ​ជើងសា​នេះ​លោក សេត សឹម និង​អ្នកស្រី ឌី សារៀម បាន​អះអាង​ថា​ពួកគាត់​បាន​លក់​ដី​​មួយ​កន្លែង​ដោយ​គ្មាន​ឈ្មោះ យី សុខជា ជា​អ្នក​គួកជេ​ទេ ហើយ​ពួកគាត់​ក៏​បាន​កាត់ ៣ ​ភាគរយ​នៃ​ថ្លៃ​ដី​ឲ្យ​ក្រុម​អ្នក​នាំ​ម៉ូយ​មក​ទិញ​ដី​ពួកគាត់​រួច​ហើយ​​ដែរ បន្ទាប់មក​ស្រាប់​តែ​លេចមុខ ឈ្មោះ យី សុខជា និង​បក្ខពួក​ឈ្មោះ អ៊ូ ពៅ ទៅ​ទាមទារ​លុយ​​ ៣ ​ភាគរយ​ទៀត និង​បាន​គំរាម​ពួកគាត់​ដល់​ផ្ទះ​រហូត​តាម​វាយ​ពួកគាត់​នៅ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៀត​ផង​។

អ្នកស្រី​ថា​៖ «​ពេល​ប្រើ​ហិង្សា​មក​លើ​រូប​ខ្ញុំ​ ២ ​នាក់​ប្ដី​ប្រពន្ធ​រួច លោក​អធិការរង​ហ្នឹង​បាន​បោះ​ពាក្យសម្ដី​ថា​ទៅ​ប្ដឹង​ដល់​ណា​ប្ដឹង​ទៅ​គាត់​អត់​ខ្លាច​ទេ ។ គាត់​ជា​ប្រុស ហើយ​មន្ត្រី​មាន​អំណាច​ទៀត​មក​វាយ​ខ្ញុំ​ទាំង​កំរោល​បែប​នេះ ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង​»​។

លោក អ៊ូ ពៅ អធិការរង​ខណ្ឌ​៧​មករា​ទទួល​បន្ទុក​អន្ដោប្រវេសន៍​រហស្សនាម​ ០៦ និង​អ្នក​ជាប់​ពាក់ព័ន្ធ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណី​នេះ​បាន​ទេ​។ ចំណែក​លោក នេត ស៊ីថុន អធិការ​ខណ្ឌ​៧​មករា​ក៏​មិនអាច​សុំ​ការបញ្ជាក់​ពាក់ព័ន្ធ​ករណី​លោក អ៊ូ ពៅ គំរាមកំហែង និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​នេះ​ដែរ​៕