ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​អបអរសាទរ​ខួប​ ១២ ​ឆ្នាំ ​ដែល​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​ ២០០៨ ដោយ​លោក​ចាត់ទុក​វា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បន្ទាប់ពី​កម្ពុជា​ឈ្នះក្តី​លើ​ប្រទេស​ថៃ​ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ​ក្នុង​ឆ្នាំ​ ១៩៦២​។

លោក ហ៊ុន សែន សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ថ្ងៃទី​ ៧ ខែ កក្កដា ឆ្នាំ​ ២០២០ នេះ​ជា​ខួប​ ១២ ​ឆ្នាំ​នៃ​ការដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ​ ២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់​តាំងពី​កម្ពុជា​ទទួល​បាន​ប្រាសាទ​ដ៏ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការ​អន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​ ១៥ ខែ​មិថុនា ឆ្នាំ​ ១៩៦២»​។

លោក​សរសេរ​ថា ប្រាសាទ​ព្រះវិហារ​គឺ​ប្រាសាទ​ដ៏ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ហើយ​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នាកិច្ចប្រជុំ​ទី​ ៣២ ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ​ ២០០៨ នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា​។

លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា នេះ​គឺជា​ចំណុច​សំខាន់​មួយ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​យកចិត្ត​ទុកដាក់​គិត​អំពី​តម្លៃ​បេតិកភណ្ឌ​ជាតិ និង​បេតិកភណ្ឌ​អន្តរជាតិ​។ ការយកចិត្ត​ទុកដាក់​គិត​អំពី​តម្លៃ​នៃ​ប្រាសាទ​ព្រះវិហារ​គឺជា​តម្លៃ​មួយ​ដែល​កើតឡើង​នៅក្នុង​សម័យកាល​ចាប់​តាំងពី​អង្គរ​រីកចម្រើន​នៅក្នុង​អំឡុង​សតវត្សរ៍​ទី​ ៩ ​មក​ទល់​សតវត្សរ៍​ទី​ ១៤​។

តំបន់​ប្រាសាទព្រះវិហារ​ត្រូវបាន​ពង្រីក​សក្តានុពល​ចាប់តាំងពី​ព្រះបាទ​យសោវរ្ម័ន​ទី​ ១ (​ស្តេច​ដែល​បាន​ស្ថាប​នាទី​ក្រុង​យសោធរបុរៈ​) រហូត​មក​ដល់​ព្រះបាទ​ជ័យវរ្ម័នទី​ ៧ ​ផង​ដែរ​។ ការអបអរសាទរ​នេះ​គឺជា​ការអបអរសាទរ​ស្នាដៃ និង​ស្នា​ព្រះហស្ត​របស់​បុព្វការីជន​ខ្មែរ និង​ការអបអរសាទរ​ចំពោះ​ការប្រឹងប្រែង​របស់​បុព្វការីជន​នៃ​សម័យ​ទំនើប​របស់​កម្ពុជា​ដែល​បាន​ប្រឹងប្រែង​ទាមទារ និង​បង្កើត​ឱ្យ​ទៅ​ជា​ការដឹងឮ និង​ការយល់​ពី​សំណាក់​អន្តរជាតិ​យ៉ាងខ្ទរខ្ទារ​កាលពី​ ១២ ​ឆ្នាំ​មុន​។

លោក ម៉ាណារ៉ា ​ថ្លែងថា​៖ «​បើ​យើង​និយាយ​អំពី​តម្លៃ​នៃ​ ១២ ​ឆ្នាំ​មុននេះ​គឺជា​តម្លៃ​បច្ចុប្បន្នភាព​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​ក្នុងពេល​ដែល​យើង​ទាំងអស់​គ្នា​បានទទួល​តម្លៃ​មក​វិញ​ក្នុង​ការសម្របសម្រួល​ជាមួយ​នឹង​ប្រទេស​ជិតខាង​យើង ពោល​គឺ​ប្រទេស​ថៃឡង់​។ អ៊ីចឹង​យើង​ទទួលបាន​អបអរសាទរ​នេះ​គឺជា​ការបង្ហាញ​នូវ​ការលើកកម្ពស់​កិត្តិយស​ជាតិ​»​។

អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​អត្ថបទ​ដែល​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​កាលពី​ថ្ងៃទី​ ៦ ខែ​កក្កដា​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ការពារ​នូវ​តម្លៃ និង​ភាពត្រឹមត្រូវ​តាមច្បាប់​នៃ​ប្រាសាទ​ជា​ប្រវត្តិសាស្ត្រ​ដ៏លេចធ្លោ ខណៈ​ដែល​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​ផ្តល់ជំនួយ​ដើម្បី​ថែរក្សា​តម្លៃ​ប្រាសាទ​នេះ ដែល​បុព្វបុរស​បាន​បន្សល់ទុក​ឱ្យ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

អង្គការ​នេះ​ថា​៖ «​ដើម្បី​អភិរក្ស​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ អង្គការ​យូណេស្កូ​បាននិង​កំពុង​ជួយ​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ​ដើម្បី​អភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដោយ​អនុវត្ត​តាម​គំរូ​នៃ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក​។ ​យូណេស្កូ​បាននិង​កំពុង​ជួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ក្នុង​ការការពារ​បូរណភាព​ទីតាំង​បុរាណវិទ្យា និង​ភាពត្រឹមត្រូវ​នៃ​ប្រាសាទ​ប្រវត្តិសាស្ត្រ​ស្រប​តាម​គោលការណ៍​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»៕