ក្រចេះ: អភិបាលខេត្តក្រចេះបានជំរុញឲ្យសង្គមស៊ីវិល សមាគម និងសហគមន៍នៅមូលដ្ឋាន ប្រមាណ ១៥២ ស្ថាប័ននៅក្នុងខេត្តនេះត្រូវគោរពអនុវត្តតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព ផ្នែកនយោបាយ ដោយមិនពាក់ព័ន្ធជាមួយ នឹងបដិវត្តន៍ពណ៌ ខណៈ ដែលអង្គការសង្គមស៊ីវិលនិយាយ ថា អាជ្ញាធរនៅតែរំខានដល់ការបំពេញការងាររបស់អង្គការសង្គមស៊ីវិល។
ការជំរុញរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ធ្វើ ឡើងក្នុងវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចឲ្យបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា» កាលពីព្រឹកថ្ងៃទី ១៩ ខែ សីហាឆ្នាំ ២០១៩ ដែល មានការចូលរួមពីលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងបណ្តាមន្ទីរអង្គភាពចំណុះសាលាខេត្ត និងពីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន ១៥២ ស្ថាប័នក្នុងខេត្តនេះ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងវេទិកាសហគមន៍មូលដ្ឋានមួយចំនួនបានលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ និងបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយដែលក្នុងនោះមានបញ្ហាការរុករានដីព្រៃ និងទន្ទ្រានយកដីពីសំណាក់ប្រជាពលរដ្ឋចំណាកស្រុក និងបទល្មើសនេសាទ។
ប៉ុន្ដែ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកដែលអង្គការនេះក៏មានតំណាងប្រចាំនៅខេត្តក្រចេះផងដែរនោះ បានចាត់ទុកការរៀបចំវេទិការបស់អាជ្ញាធរជាមួយអង្គការសង្គមស៊ីវិលថា នៅតែមិនបានជួយអ្វីដល់អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានដែលធ្វើការទាក់ទងនឹងសិទ្ធិមនុស្ស និងការតស៊ូមតិនោះទេ ដោយសារតែអាជ្ញាធរមូលដ្ឋាននៅតែបន្តរឹតត្បិតសកម្មភាពបំពេញការងាររបស់ពួកគេ។
លោកថ្លែងថា៖ «ខ្ញុំថាបើការបង្កើតឡើងដោយមានការយកចិត្តទុកដាក់ ហើយទទួលយកព័ត៌មាននឹងបញ្ហាទាំងអស់ហើយ និងមន្ត្រីដែលមានតួនាទីអនុវត្តទាំងអស់ត្រូវធ្វើតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ វានឹងមិនមានបញ្ហាទេ តែពួកគេមិនបានអនុវត្តតាមការណែនាំនោះទេ។ យើងនៅតែឃើញមានមន្ត្រីតាមឃ្លាំងមើល និងរំខានដល់ការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលធ្វើឲ្យមានការព្រួយបារម្ភដល់អ្នកចូលរួម»។
ទោះយ៉ាងណាលោកអភិបាលខេត្ត វ៉ា ថន បានថ្លែងថា៖ «យើងមានកិច្ចសហប្រតិបត្តិការល្អជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ក្នុងភាពជាដៃគូ ដើម្បីរួមចំណែកអភិវឌ្ឍខេត្ត និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ បញ្ហាដែលបានលើកឡើងគឺខាងសហគមន៍ព្រៃឈើ និងនេសាទពីការរុករាន និងទន្ទ្រានយកដីពីសំណាក់ប្រជាពលរដ្ឋចំណាកស្រុកហើយបទល្មើសនេសាទដែលទាមទារឲ្យរដ្ឋអំណាចយើងជួយចុះបង្ក្រាប និងដោះស្រាយ»។
ទន្ទឹមនឹងនេះដែរលោកក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិលទាំងអស់ បន្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការភាពជាដៃគូប្រកបដោយឆន្ទៈស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលចូលរួមគោរពអនុវត្តច្បាប់អង្គការសង្គមស៊ីវិល និងប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយដោយមិនពាក់ព័ន្ធជាមួយនឹងបដិវត្តន៍ពណ៌។
លោកបន្តថា៖ «ឲ្យតែ (សមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នៅមូលដ្ឋាន) អនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីការគ្រប់គ្រងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព និងតម្លាភាពកុំតែធ្វើការងារបណ្តើរលួចធ្វើរៀបចំផែនការបដិវត្តន៍បណ្តើរ»។
លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីមិនអាចទាក់ទងសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលបានចុះផ្សាយកាលពីថ្ងៃទី ១៥ សីហាក្រសួងនឹងរៀបចំវេទិកាស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី ៣ នៅទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃទី ២៩ ខែសីហាដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនាពេលកន្លងមកពោលគឺពិនិត្យអំពីលទ្ធផលដែលបានអនុវត្តតាមស្មារតីក្នុងវេទិកាលើកទី ២ កន្លងមក ។
ការរៀបចំវេទិការបស់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នេះធ្វើឡើងបន្ទាប់ពីលោក ស ខេង ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើវេទិកាសាធារណៈជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមូលដ្ឋានដើម្បីជួយដោះស្រាយបញ្ហាប្រឈម និងផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព៕