ព្រះសីហនុៈ អភិបាលរង​ថ្មី​ខេត្ត​ព្រះសីហនុ ២ រូប ដែល​ទើប​តែង​តាំង​គឺ​លោក លៀម សុជា និង​លោក ម៉ាង ស៊ីណេត ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​កាល​ពី​ម្សិលមិញ​ដោយ​មាន​ការ​ចូលរួម​ពី​លោក សក់ សេដ្ឋា រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ ដើម្បី​ចូល​ជំនួស​កន្លែង​អតីត​អភិបាល​រង ២ រូប​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង។

លោក លៀម សុជា អតីតអភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក ម៉ាង ស៊ីណេត អតីត​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​តែង​តាំង​ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ថ្មី​កាល​ពី​ថ្ងៃ ១៣ មីនា បន្ទាប់​ពី​អភិបាល​រង​ចាស់​គឺ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ ត្រូវ​បាន​ដក​តំណែង​កាល​ពី​ថ្ងៃ​ទី ១ ខែ​ មីនា ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ដ៏​ហិង្សា​មួយ។

បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាស​កាលពី​ម្សិលមិញ​ថា លោក សក់ សេដ្ឋា តំណាង​ឱ្យ​លោក​ឧបនា​យក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ផ្ដល់​តំណែង​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ថ្មី​គឺ​បាន​សង្ឃឹម​ថា លោក លៀម សុជា, លោក ម៉ាង ស៊ីណេត នឹង​អនុវត្ត​ភារកិច្ច​បន្ត​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យ​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត និង​បន្ត​សហការ​ការពារ​សុខ​សន្ដិភាព​ស្រប​តាម​គោល​នយោបាយ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់​កាល​ទី ៦ របស់​រដ្ឋាភិបាល។

លោក​បាន​ថ្លែងថា៖ «រក្សា​ការគ្រប់គ្រង​បរិស្ថាន ទាមទារ​ការយក​ចិត្ត​ទុក​ដាក់ ធានា​រក្សា​សុខ​សន្ដិភាព បង្ក​ឱកាស​ការ​អភិវឌ្ឍ​រយៈពេល​វែង ទាមទារ​ឱ្យ​មាន​ភាព​ទាក់​ទាញ​ផ្ដោត​លើ​ធនធាន​ធម្មជាតិ​តាម​តំបន់​ឆ្នេរ កោះ សិក្សា​បញ្ចៀស​ផល​ប៉ះពាល់​បរិស្ថាន និង​ដោះស្រាយ​ផល​ប៉ះពាល់​ឱ្យ​នៅ​កម្រិត​ទាប​បំផុត និង​ត្រៀម​រៀបចំ ត្រៀម​បង្ការ​ការ​ខ្វះខាត​ទឹក​ស្អាត​នៅ​រដូវ​ប្រាំង​នេះ​ជូន​ប្រជា​ពលរដ្ឋ»។

ទន្ទឹមនឹងនេះ លោក សក់ សេដ្ឋា ក៏បាន​សរសើរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ថា កន្លង​មក​បាន​ខិតខំ​ប្រឹង​ប្រែង​ជំរុញ​ការ​អភិវឌ្ឍ​ឱ្យ​រីក​ចម្រើន​គ្រប់​វិស័យ និង​បាន​ថែរក្សា​សន្ដិសុខ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។

លោក​ថា៖ «សមិទ្ធផល​នេះបាន​ចូលរួម​ថែរក្សា​សុខសន្ដិភាព​បន្ត​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅ​ឆ្នាំ ២០១៨ និង​ការ​ព្យាករ ២០១៩ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​កើន​ឡើង បង្ក​លក្ខណ​សម្បត្តិ​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ»។

ចំណែក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រកាស​ស្វាគមន៍​និង​បាន​ជំរុញ​ឱ្យ​អភិបាល​រង​ខេត្ត​ថ្មី​ទាំង ២ រូប ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ឱ្យ​បាន​រឹត​តែ​ល្អ​ប្រសើរ។

លោក​បាន​បញ្ជាក់ថា៖ «ការងារ​ចម្បង​មានការ​ងារ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​និង​វិសហ​មជ្ឈការ​និង​ការងារ​សេដ្ឋកិច្ច​សង្គម​និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ត្រៀម​លក្ខណៈ​អប់រំ​បណ្ដុះ​បណ្ដាល​សមត្ថភាព កសាង​ធនធាន​មនុស្ស​សម្រាប់​បន្ត​វេន ក្នុង​ពេល​អនាគត»។

រីឯ​លោក ម៉ាង ស៊ី​ណេ​ត បាន​ប្ដេជ្ញា​ថា​នឹងចូលរួម​អនុវត្ត​គោលនយោបាយ​ចតុកោណ​ដំណាក់​កាល​ទី ៦ ដើម្បី​ជំរុញ​កំណើន​ការងារ និង​ខិតខំ​បំពេញ​ភារកិច្ច​បម្រើ​សេវា​សាធា​រណៈ​ជូន​ប្រជា​ពលរដ្ឋ ប្រកប​ដោយ​គុណភាព តម្លាភាព និង​មាន​ប្រសិទ្ធភាព៕